ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាព និងពន្លឿនការស្ថាបនា កែលម្អសួនច្បារផ្លូវភ្លោះ ព្រះមុន្នីវង្ស

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ​២០២៥ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល ននៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត មន្ត្រីបច្ចេកទេស អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ អញ្ជេីញចុះពិនិត្យ​វឌ្ឍនភាព និងពន្លឿន នៃការជួសជុលកែលម្អសួនច្បារផ្លូវភ្លោះ ព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់កំពង់ចាម និងសង្កាត់បឹងកុក ក្រុងកំពង់ចាម ដែលមានប្រវែង ៥៥០ម៉ែត្រ ទទឹង១៤ម៉ែត្រ។

បើតាមការលើកឡើងរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ការជួសជុលកែលម្អសួនច្បារខាងលើនេះ គឺដោយសារ ការ៉ូឡាចាស់មានសភាពពុកផុយ និងការយកចេញនូវដើមឈើមួយប្រភេទដែលផ្ការបស់វាមានផ្ទុកសារជាតិពុល ដែលនាំឲ្យប៉ះពាល់ដល់សុខភាពអ្នករស់នៅម្តុំនោះ និងអ្នកធ្វើដំណើរឆ្លងកាត់។

ឯកឧត្តមអភិបាលខេត្តបន្តថា ការរៀបចំតុបតែង កែលម្អសួនច្បារខាងលើនេះ គឺជាជ្រុងមួយ ដែលធ្វើឲ្យក្រុងកំពង់ចាម កាន់តែមានសោភ័ណភាពស្រស់បំព្រង និងសុវត្ថិភាពខ្ពស់ សម្រាប់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលំហែកំសាន្ត និងដើរហាត់ប្រាណជាដើម។

គួរបញ្ជាក់ថា ទីតាំងខាងលើនេះក៏ជាផ្នែកមួយនៃការដាក់តម្កល់ពាងទឹក (តំបន់ត្រជាក់) ក្នុងការរៀបចំ នៃព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៥ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ។ ក្នុងនោះ សម្ភារៈដែលត្រូវបំពាក់នៅលើសួនច្បារ រួមមាន: ការបំពាក់ប្រព័ន្ធអគ្គិសនី, ប្រព័ន្ធទឹក, ក្រាលការ៉ូឡាធ្វើអំពីថ្មម៉ាប, ដាំដើមឈើលម្អ, ផ្កា និងក្រាលស្មៅជាដើម។ល។ ដែលគិតមកដល់ពេលនេះ សំណង់ខាងលើសម្រេចបានលទ្ធផល ប្រមាណ៨៥ ភាគរយហើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *