(បាត់ដំបង) ៖នៅរសៀលថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ព្រមទាំងសហការី បានអញ្ចើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះចំនួន ៤៦គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ (រលំទាំងស្រុងចំនួន២ខ្នងផ្ទះ និងប៉ះពាល់ធ្ងន់ធ្ងរចំនួន ៤៤ខ្នងផ្ទះ) មកពី៦ភូមិ ក្នុងឃុំចំនួន៣ នៃស្រុកសង្កែ ខេត្តបាត់ដំបង ។ពិធីនេះប្រារព្វធ្វើនៅបរិវេណវត្តបោះបេង ឃុំអូរដំបង១ ស្រុកសង្កែ ។
ក្នុងកិច្ចស្វាគមន៍នាឱកាសនោះដែល លោក នាង ចន្ទថារ៉ា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសង្កែ បានអោយដឹងថា៖កាលពីល្ងាច ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ ស្រុកសង្កែមានភ្លៀងលាយឡំដោយខ្យល់កន្រ្តាក់បណ្តាលអោយប៉ះពាល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋសរុបចំនួន១១៣ ខ្នងផ្ទះ(ស្មើ១១៣គ្រួសារ មនុស្សរាយ ៥៥៣នាក់ ស្រី ២៨២នាក់) លើ ៣ឃុំ ក្នុងភូមិចំនួន ៦ ក្នុងស្រុកសង្កែ ក្នុងនោះរលំទាំងស្រុងចំនួន២ខ្នងផ្ទះ ប៉ើដំបូលធ្ងន់ធ្ងរ ចំនួន ៤៤ខ្នងផ្ទះ និងប៉ះពាល់ដោយអន្លើរៗចំនួន៦៧ខ្នងផ្ទះ និងសាលារៀនចំនួន១ផងដែរ ។
នាឱកាសនោះ ឯកឧត្តម សុខ លូ បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ពោលគឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា ។
ឯកឧត្តម សម្ដែងការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះ មហន្តរាយ ដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយក មកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយគ្រាផងដែរ។
ឯកឧត្តមបានបន្តថា ឆ្នាំនេះរដូវប្រាំងមានរយៈពេលយូរ អាកាសធាតុក្តៅហួតហែង ពេលមានភ្លៀងធ្លាក់មកជាមួយនឹងខ្យល់កន្រ្តាក់ លាយឡំនឹងផ្គររន្ទះ អាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វគ្រប់ៗគ្នា ដែលតម្រូវឲ្យ ប្រជាពលរដ្ឋគ្រប់រូបមានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា ជាពិសេសបងប្អូន ប្រជាពលរដ្ឋទាំងអស់ និងសូមមេត្តាថែទាំសុខភាពឱ្យបានល្អ ពិសេសកូនចៅតូចៗត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ព្រោះដើមរដូវវស្សាជិត មកដល់ហើយ ម្យ៉ាងវិញទៀត បើឃើញភាពមិនស្រួលចំពោះសុខភាព ត្រូវប្រញាប់ទៅមណ្ឌល សុខភាព ឬមន្ទីរពេលដែលនៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា ។
សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី១យួ ទឹកស៊ីអ៉ីវ១យួរ ទឹក បរិសុទ្ធ ១កេស និងត្រីខ១០កំប៉ុង ឃីត១កញ្ចប់ (មុង ក្រមា)ថវិកាចំនួនមួយដោយដោយឡែកគ្រួសារងគ្រោះរលំទាំងស្រុងបន្ថែម សំពត់តង១ផងដែរ៕