ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» គម្របខួបទី១២

(កំពង់ចាម) ៖ ឯកឧត្តម​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និង​ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ និងកងកម្លាំងទាំង៣​ អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប១២ឆ្នាំ ដែលបានធ្វេីឡេីង​នាព្រឹកថ្ងៃទី​១៥​ ខែតុលា​ ឆ្នាំ​២០២៤ នៅសាលា​ខេត្តកំពង់ចាម​ ។

ក្នុងសុន្ទរកថារបស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន​សម្តែង​នូវ​ទឹកមុខ​ក្រៀមក្រំ​ និងសោកស្តាយយ៉ាងក្រៃលែង ដើម្បីចូលរួមគោរព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្របខួបទី១១ ដែលព្រះអង្គបានយាងចូលទីវង្គត់កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ កន្លងទៅ។ ការចូលទីវង្គត់ របស់ព្រះបរមរតនកោដ្ឋ គឺជាការបាត់វីរៈមហាក្សត្រមួយអង្គ ដ៏ឆ្នើមបំផុតរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះបិតាឯករាជ្យជាតិ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានបូជាព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជ សកម្មភាព ដើម្បីបុព្វហេតុ ឯករាជជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីជាការតបស្នងនូវព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ ដ៏ថ្លៃថ្លាឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ។​ ទូលព្រះបង្គំព្រះករុណាខ្ញុំ រួមជាមួយ ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ កងកម្លំាង​ប្រដាប់​អាវុធ​ និងប្រជាពលរដ្ឋ ទូទាំងខេត្ត សូមលើកហត្ថប្រណម្យកំបង់អញ្ជលី បួងសួងឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» សូមព្រះអង្គយាងទៅកាន់ឋានបរមសុខ សួគ៌ាល័យ កុំបីឃ្លៀងឃ្លាតឡើយ។

​ក្នុងឱកាសនោះ ឯកឧត្ដម អុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានរំលឹក​ អំពីស្នាព្រះហស្ថ របស់ព្រះអង្គ ដែលនៅគង់ព្រះជន្ម ដើម្បី ប្រគេនជូនដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងអង្គពិធីជ្រាបចាប់តាំងពីឆ្នាំ១៩៤៧ រៀងមក ជាពិសេស ការ​រំលឹកអំពីសមិទ្ធផលធំៗ នៅតាមបណ្តាខេត្ត ក្រុងនានា ជាច្រើនឥតគណនា ត្រូវបានស្ថាបនា និងកសាងឡើងក្នុងសម័យព្រះអង្គគ្រប់គ្រងដឹកនាំប្រទេសកម្ពុជា ។ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងសម័យសង្គមរាស្រ្តខ្មែរបានថ្វាយ ព្រះនាមព្រះអង្គថាជា ព្រះបិតាឯករាជ្យជាតិ ព្រះបិតាសិក្សាធិការជាតិ ព្រះបិតាសុខាភិបាលជាតិ ព្រះបិតាកីឡាជាតិ ព្រះបិតាស្ថាបនាជាតិ។ នៅឆ្នាំ១៩៥៥ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ។

សូមបញ្ជាក់ដែរថា ពិធីខាងលើនេះ បាននិមន្ត ព្រះសីលសំវ ប៊ត តាំងចេង ព្រះមេគណខេត្តកំពង់ចាម និងព្រះអនុគណ នៅក្នុងខេត្ត ចំនួន ៧អង្គ ដើម្បី សូត្រស្វាធ្យាយជ័យន្តោ និងសូត្រពុទ្ធជ័យមង្គល ដើម្បី ឧទ្ទិសថ្វាយទៅឌួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមឲ្យព្រះអង្គយាងទៅកាន់ទីឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *