(ភ្នំពេញ) ៖ ម៉ូតូហុងដាអ៊ែរប្លែដមួយគ្រឿង បន្ទាប់ពីបុរសម្នាក់ជិះចូលចាក់សាំងរួចស្រាប់តែឆ្លងចរន្តឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ កាលពីវេលាម៉ោង៩និង១៦នាទីយប់ថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០២៤ នៅចំណុចស្ថានីយប្រេងឥន្ធនៈភីធីធីផ្លូវចោមចៅ (ច្រមុះជ្រូកស្ទឹងមានជ័យ ) ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បានជិះម៉ូតូម៉ាកអ៊ែរប្លែដពណ៌សលាយក្រហម ពាក់ផ្លាកលេខភ្នំពេញ1HJ-0005 មួយគ្រឿងចូលទៅចាក់សាំងនៅស្ថានីយប្រេងឥន្ធនៈខាងលើ លុះពេលចាក់សាំងហើយម្ចាស់ម៉ូតូក៏កាច់សោបញ្ឆេះស្រាប់តែម៉ូតូឆ្លងចរន្តឆេះចេញជាអណ្តាតភ្លើងសន្ធោសន្ធៅតែម្ដង។ ភ្លាមៗនោះបុគ្គលិកនៅទីនោះក៏បានទាញបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់អស់ជាច្រើនបំពងតែមិនអាចគ្រប់គ្រងស្ថានការណ៍បានក៏សម្រេចទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញដែលនៅក្បែរនោះចេញអន្តរាគមន៍ចំនួនពីររថយន្តហើយធ្វើការបាញ់ទឹកពន្លត់អស់មួយរថយន្តធ្វើឱ្យម៉ូតូដែលកំពុងឆាបឆេះនោះរលត់ទៅវិញជាស្ថាពរផងដែរ ។
ក្នុងហេតុការណ៍នេះដែរគឺមិនបង្កការរាលដាលទៅដល់ទ្រព្យសម្បត្តិអ្វីផ្សេងៗនៅក្នុងស្ថានីយប្រេងឥន្ធនៈនោះទេ គឺគ្រាន់តែខូចខាតម៉ូតូប៉ុណ្ណោះ ដោយម៉ូតូដែលរងការខូចខាតត្រូវបានម្ចាស់ដឹកតាមម៉ូតូកង់បីយកទៅជួសជុលដោយខ្លួនឯង៕សហការី