ព័ត៌មានជាតិ

ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ចុះពិនិត្យគម្រោងការងារថែទាំជាប្រចាំ និងថែទាំខួប ក្នុងភូមិសាស្ត្រខេត្តព្រៃវែង

ខេត្តព្រៃវែង៖ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង បានដឹកនាំមន្ត្រីបច្ចេកទេស ដោយសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ដព្រៃវែង ចុះពិនិត្យគម្រោងការងារថែទាំជាប្រចាំ និងថែទាំខួប ស្ថិតនៅក្នុងភូមិសាស្ដ្រខេត្តព្រៃវែង។

ក្នុងដំណើរបេសកកម្ម ឯកឧត្ដមរដ្ឋលេខាធិការ និងមន្ដ្រីបច្ចេកទេស អញ្ជើញចុះពិនិត្យទំហំការងារអនុវត្ដគម្រោង រួមមាន៖

ទី១)គម្រោងថែទាំខួបប្រព័ន្ធធារាសាស្រ្តធ្នុកទ្រូ បានជួសជុលទំនប់ដីចំនួន១ខ្សែ ប្រវែង ៥ ៧០០ម៉ែត្រ ប្រឡាយមេ (MC) ចំនួន២ខ្សែ ប្រវែង ៣ ១៧០ម៉ែត្រ និងជួសជុលថែទាំសំណង់សិល្បការ្យដែលមានស្រាប់(តូច-ធំ)សរុបចំនួន ៣២កន្លែង រួមមាន៖ សំណង់ទ្វារទឹកចំនួន៣កន្លែង សំណង់បង្ហៀរចំនួន៤កន្លែង ប្រវែង២៧៥ម៉ែត្រ សំណង់ស្ទាក់ទឹកចំនួន២កន្លែង សំណង់យកទឹកចំនួន១កន្លែង សំណង់ដោះទឹកចំនួន១៧កន្លែង សំណង់លូចម្លងចំនួន៣កន្លែង និងសំណង់ស្ពានចំនួន២កន្លែង។

ប្រព័ន្ធធារាសាស្ដ្រនេះទទួលប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងមួយភាគទៀតពីស្ទឹងតូច ដែលជាដៃទន្លេមេគង្គសម្រាប់ស្រោចស្រពលើផ្ទៃដីកសិកម្មស្រូវវស្សាចំនួន ៥ ៣៧៥ហិកតា ស្រូវប្រាំងលើកទៅ១ចំនួន ១ ៩២៧ហិកតា ស្រូវប្រាំងលើកទី២ ចំនួន ១ ៩២៧ហិកតា និងដំណាំរួមផ្សំចំនួន ៣៧ហិកតា នៅក្នុង ១០ភូមិ នៃឃុំព្រៃស្នៀត ឃុំរាប និងឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។

ទី២)គម្រោងថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្តវ៉ៃគោ (ជំហាន១) រួមមាន៖ ថែទាំដីប្រឡាយមេនាំទឹកចំនួន១ខ្សែ ប្រវែង ២៨ ៧១៨ម៉ែត្រ ប្រឡាយមេចំនួន២ខ្សែ ប្រវែង ៤១ ៥៦៥ម៉េត្រ និងថែទាំសំណង់សិល្បការ្យ (តូច-ធំ) សរុបចំនួន ១១៦កន្លែង។ ប្រព័ន្ធធារាសាស្ដ្រនេះ ទទួលប្រភពទឹកពីទន្លេមេគង្គ ផ្ទៃរងទឹកភ្លៀងតាមរយៈផ្នែកខាងលើទន្លេតូច និងព្រែកជីកថ្មី ដែលមានសំណង់យកទឹកចំនួន១កន្លែង ស្ថិតក្នុងស្រុកកោះសូទិន មានចម្ងាយប្រមាណ ២២គីឡូម៉ែត្រ ប៉ែកខាងត្បូងពីទីរួមខេត្តកំពង់ចាម ដោយបង្ហូរទម្លាក់តាមប្រឡាយមេធំនាំទឹក​ទី១-១(NRC1-1) ចូលក្នុងបឹងក្រពឹត រួចហូរបន្តតាមប្រឡាយមេធំនាំទឹក ទី១-២(NRC1-2) និងប្រឡាយមេធំនាំទឹកទី២ (NRC2) ទៅតំបន់ស្រោចស្រព តាមរយៈប្រឡាយមេចំនួន២ខ្សែ (MC1&MC2) សម្រាប់ស្រោពស្រពដំណាំស្រូវវស្សាចំនួន ១០៨ ០០០ហិកតា ស្រូវប្រាំងលើក​ទី១​ចំនួន​ ២៧ ១០០ហិកតា ស្រូវប្រាំងលើកទី២ចំនួន ២៧ ១០០ហិកតា និងដំណាំរួមផ្សំមួយចំនួន ក្នុងស្រុកចំនួន៨ គឺ ស្រុកស៊ីធរកណ្តាល ស្រុកពារាំង ស្រុកស្វាយអន្ទរ ស្រុកបារភ្នំ ស្រុងកំពង់ត្របែក ស្រុកកញ្ចៀច ស្រុកចំចាយមារ និងស្រុកមេសាង ខេត្តព្រៃវែង។

ទី៣)គម្រោងថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្តការពារទឹកជំនន់ និងស្រោចស្រពកំពង់ត្របែក រួមមាន៖ ថែទាំសំណង់អគារស្ថានីយបូមទឹកចំនួន ៦កន្លែង ដីទំនប់សណ្តទន្លេប្រវែង ៣៦ ០០០ម៉ែត្រ ប្រឡាយមេធំ (GMC-I,II,III) ចំនួន៣ខ្សែ ប្រវែង ២២ ១៩០ម៉ែត្រ និងដីប្រឡាយមេចំនួន ១២ខ្សែ ប្រវែង ៣១ ២៤០ម៉ែត្រ និងថែទាំសំណង់សិល្បការ្យ (តូច-ធំ) សរុបចំនួន ១៤១​កន្លែង​ រួមមាន៖ សំណង់ទ្វារដោះទឹកជំនន់ចំនួន ២៨កន្លែង សំណង់ស្ទាក់ទឹកលើប្រឡាយមេចំនួន ២១កន្លែង សំណង់បញ្ចេញ-បញ្ចូលទឹកចំនួន ៥២កន្លែង សំណង់ទ្វារដោះទឹកជំនន់ចំនួន ២៣កន្លែង និងសំណង់ស្ពានចំនួន ១៧កន្លែង។

ប្រព័ន្ធធារាសាស្ត្រនេះមានទីតំាងស្ថិតក្នុងស្រុកកំពង់ត្របែក ស្រុកព្រះស្តេច និងស្រុកបាភ្នំ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ៩ ០០០ហិកតា ស្រូវប្រាំងលើកទី១ ចំនួន ៦ ០០០ហិកតា ស្រូវប្រាំងលើកទី២ ចំនួន ៦ ០០០ហិកតា និងដំណាំរួមផ្សំ សម្រាប់ ១១ឃុំ ក្នុងស្រុកចំនួន៣ របស់ខេត្តព្រៃវែង។ ប្រព័ន្ធនេះទទួលបានប្រភពទឹកពីស្ទឹងកំពង់ត្របែក ដែលតភ្ជាប់​ពីទន្លេមេគង្គក្រោម តាមរយៈស្ថានីយចំនួន៤ បូមទឹកបញ្ចូលប្រឡាយមេ និងប្រឡាយ​រង​សម្រាប់ស្រោចស្រព និងស្ថានីយចំនួន២ទៀតបូមរំដោះទឹកជំនន់ចេញពីតំបន់ ដែលមានការលិចលង់ដោយជំនន់ទឹកភ្លៀង។ ជាមួយគ្នានេះដែរ ប្រព័ន្ធធារាសាស្ត្រនេះដើរតួនាទីយ៉ាងសំខាន់សម្រាប់ការងារស្រោចស្រព ការគ្រប់គ្រងទឹកជំនន់ ការរំដោះទឹកជំនន់ចេញពីតំបន់​លិចលង់។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោងរបស់នាយកដ្ឋានធារាសាស្ត្រកសិកម្ម ត្រូវយកចិត្តទុកដាក់លើគុណភាព សោភ័ណភាព ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ដព្រៃវែង ធ្វើការគ្រប់គ្រងសមិទ្ធផលទាំងនេះឱ្យមានប្រសិទ្ធភាព និងប្រើប្រាស់ឱ្យបានត្រឹមត្រូវ ជាពិសេសជំរុញសហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរដែនដី ចុះផ្សព្វផ្សាយការប្រើប្រាស់ប្រឡាយមេនេះឱ្យមាននិរន្តរភាព សម្រាប់ការងារស្រោចស្រព និងការប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋឱ្យបានយូរអង្វែង៕

default
default
default
default
default
default

default
default
default
default
default

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *