(កំពង់ចាម) ៖ នាព្រឹកថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធានស្នាក់ការគណបក្សស្រុកកងមាស ជំនួសលោក ម៉ុក សុីម ដែលមានវ័យជរា។ ពិធីនេះត្រូវបានធ្វើឡើង នាទីស្នាក់ការគណបក្សស្រុកកងមាស ដោយមានការចូលរួមពីគណៈអចិន្ត្រៃយ៍គណបក្សខេត្ត គណៈអចិន្ត្រៃយ៍គណបក្សស្រុក/ឃុំ សាខាបក្សភូមិ ទូទាំងស្រុក និងសមាជិក សមាជិកាជាច្រើនរូបទៀត។
បន្ទាប់ពីស្តាប់របាយការណ៍របស់លោក ភោគ សាវុធ ប្រធានគណៈកម្មាធិការបក្សស្រុក, លោក ម៉ុក រ៉ាសឿន ដែលទទួលបានការតែងតាំងថ្មី បានឡើងធ្វើការប្តេជ្ញាចិត្ត និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្ត និងប្រមុខថ្នាក់ដឹកនាំគណបក្ស ដែលបានផ្តល់នូវជំនឿទុកចិត្តលើរូបលោកឱ្យទទួលតួនាទីដ៏សំខាន់នាពេលនេះ ហើយលោកក៏បានធ្វើការប្តេជ្ញាខិតខំប្រមូលផ្តុំកម្លាំងគណបក្សគ្រប់ស្ថាប័ន ដើម្បីជំរុញការស្តារ កសាង ស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឱ្យមានការរីកចម្រើនបន្ថែមទៀត ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនជាជំហានៗ ស្របតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល អាណត្តិទី៧ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បាន ណែនាំដល់អាជ្ញាធរស្រុកកងមាស ជាពិសេសលោក ម៉ុក រ៉ាសឿន ដែលទើបទទួលភារកិច្ចថ្មីនេះ ត្រូវ សហការឲ្យបានស្អិតរមួតជាមួយលោកប្រធានគណៈកម្មាធិការបក្សស្រុក រក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង និងបន្តយកចិតទុកដាក់ខ្ពល់ លើផ្នែកសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ឱ្យបានល្អ ពិសេសគឺបន្តរួមគ្នា អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បន្តអនុវត្តអប់រំផ្សព្វផ្សាយច្បាប់ចរាចរផ្លូវគោក ការលប់បំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ, ជាពិសេសបញ្ហាគ្រឿងញៀន, អំពើអនាចារ, ក្មេងទំនើង ឲ្យទទួលបានប្រសិទ្ធភាព ខ្ពស់ដើម្បីភាពសុខសាន្តរបស់ប្រជាជន។
ជាមួយគ្នានោះ ឯកឧត្តមប្រធានគណកម្មាធិការបក្សខេត្ត ក៏បានជំរុញឱ្យបន្តការលើកកម្ពស់ការផ្តល់សេវា សាធារណៈ ជូនប្រជាពលរដ្ឋ ប្រកបដោយគណនេយ្យភាព តម្លាភាព គ្មានអំពើរពុករលួយ រួមទាំង រហ័សទាន់ចិត ដើម្បីបង្កើនការជឿជាក់ លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសពីបាតដៃទទេ រហូតប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ ជីវភាពប្រជាពលរដ្ឋមានការរីកចម្រើនឥតឈប់ឈរ និងនាំឲ្យកម្ពុជា ស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ៕