(ព្រះសីហនុ) ៖ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ជ្រើសរើសជើងឯកពានរង្វាន់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅទីលានបាល់ទាត់សាលាអនុវិទ្យាល័យសម្តេចឳ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍បើកការប្រកួតកីឡាបាល់ទាត់មហាជនជ្រើសរើសជើងឯកនាពេលនេះ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៥នាពេលនេះ ក្នុងគោលបំណងបំផុសស្មារតីដល់យុវជន យុវនារីរបស់យើងជ្រើសរើសឡេងកីឡាមួយប្រភេទក្នុងចំណោមយុវជនយើងម្នាក់ ព្រោះការលេងកីឡានាំមកនូវមិត្តភាព សាមគ្គីភាព រួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងឯកភាពជាតិ និងសុខសន្តិភាពនៅកម្ពុជា។ វិស័យអប់រំកាយ និងកីឡាមិនគ្រាន់តែបានផ្តល់នូវកាយសម្បទារឹងមាំដល់យុវជន យុវនារីរបស់យើងតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើការអប់រំទៅលើផ្លូវចិត្ត និងសីលធម៌ ដោយធ្វើយ៉ាងណាឱ្យពួកគេមានការតស៊ូប្រកបដោយភាពអង់អាចក្លាហាន អំណត់ព្យាយាម និងចេះយោគយល់គ្នា ព្រមទាំងប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ សុចរិតធម៌ជានិច្ច។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេសមន្ទីរអប់រំយុវជន និងកីឡា ដើម្បីអភិវឌ្ឍវិស័យអប់រំកាយ និងកីឡាទាំងក្នុងក្របខណ្ឌបច្ចេកទេស និងការអនុវត្ត ដើម្បីពង្រឹងសមត្ថភាពដល់ក្រុមកីឡាករ និងកីឡាការិនីនៅក្នុងខេត្តព្រះសីហនុឱ្យកាន់តែខ្លាំងពូកែ មានថាមពលសម្រាប់ចូលរួមប្រកួតដណ្តើមយកជ័យជម្នះក្នុងការប្រកួតនានា។ ទន្ទឹមនេះរដ្ឋបាលខេត្ត ក៏បានលើកទឹកចិត្ត និងផ្តល់ការឧបត្ថម្ភគាំទ្រគ្រប់រូបភាព ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រការលេងកីឡា និងការបំពាក់ឧបករណ៍កីឡានៅតាមទីសាធារណៈ ក្នុងគោលបំណងបំផុសទឹកចិត្តប្រជាជនឱ្យស្រឡាញ់កីឡា ចូលចិត្តកីឡា លេងកីឡា និងការហាត់ប្រាណ ដើម្បីពង្រឹងកាយសម្បទា និងទប់ស្កាត់ការសេពគ្រឿងញៀន ទប់ស្កាត់ការឈឺថ្កាត់ ជាពិសេសជំងឺទាក់ទងទៅនឹងបេះដូង និងការដាច់សរសៃខួរក្បាល ឬក៏ប្រភេទជំងឺផ្សេងៗទៀតផងដែរ។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់ក្រុមកីឡាករ កីឡាការិនី ចូលរួមក្នុងការប្រកួតនាពេលនេះដូចខាងក្រោម៖
១.ត្រូវគោរពបទបញ្ជាផ្ទៃក្នុង និងបច្ចេកទេសការប្រកួតឱ្យបានត្រឹមត្រូវ
២.គោរពពេលវេលាឱ្យបានទៀងទាត់តាមការកំណត់របស់គណៈកម្មការរៀបចំការប្រកួត
៣.គោរពស្រឡាញ់ រាប់អាន អធ្យាស្រ័យគ្នា និងមានសាមគ្គីភាពក្នុងការប្រកួតរវាងគូរប្រកួតដោយមិនបង្កជំលោះ ឬធ្វើឱ្យមានភាពមិនល្អប្រសើរនៅរាល់ការប្រកួត
៥.គោរពវិន័យ រក្សាសេចក្តីថ្លៃថ្នូជាអ្នកកីឡាទាំងក្នុង និងក្រៅពេលប្រកួត
៦.ត្រូវប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ ច្បាស់លាស់ ត្រឹមត្រូវរាល់ការប្រកួតដោយទទួលយកនូវលទ្ធផលចាញ់-ឈ្នះដែលជាធាតុដ៏សំខាន់នៃសេចក្តីថ្លៃថ្នូរស្របតាមគោលការណ៍យុត្តិធម៌ និងមិត្តភាព
៧.ត្រូវថែរក្សាសុខភាពឱ្យបានល្អប្រសើរ និងខិតខំប្រឹងប្រែងប្រកួត ដើម្បីដណ្តើមយកជ័យជម្នះជូនក្រុមរបស់ខ្លួន ព្រោះការលេងកីឡាវារមែងតែងតែមានចាញ់ និងមានឈ្នះ ដូច្នេះក្រុមនីមួយៗត្រូវតែបញ្ចេញឱ្យអស់នូវលក្ខណបច្ចេកទេសសម្រាប់ក្រុមរៀងខ្លួន និងខ្លួនយើងផ្ទាល់ផងដែរ។
ខ្ញុំសូមអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាព គ្រឹះស្ថានឯកជន សង្គមស៊ីវិល អង្គការអន្តរ ជាតិពាក់ព័ន្ធនានា សូមបង្កើនការយកចិត្តទុកដាក់លើកកម្ពស់ និងបំផុសចលនាអប់រំកាយ និងកីឡាក្នុងស្រទាប់ប្រជាជន ជាពិសេសយុវជនឱ្យមានសក្តានុពលគ្របដណ្តប់ទាំងផ្នែកបរិមាណ និងគុណភាព៕