ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទំនាស់ដីធី្លគឺជាបញ្ហាស្មុគស្មាញ និងរ៉ាំរៃនៅកម្ពុជា

(ភ្នំពេញ) ៖ នៅក្នុងឱកាសដែលសម្តេចថ្លែងការណ៍ពិសេសក្នុងឱកាសខួប ១ឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា (២២ សីហា ២០២៣-២២ សីហា ២០២៤) នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទំនាស់ដីធី្ល កង្វះដីធ្លី ការចុះបញ្ជីកម្មសិទ្ធិ និងការទន្ទ្រានដីរដ្ឋគឺជាបញ្ហាស្មុគស្មាញ និងរ៉ាំរៃនៅកម្ពុជា។ សម្ដេចមហាបវរធិបតីបានគូសបញ្ជាក់ថា ក្រោយថ្ងៃទី៧ មករា ១៩៧៩ រដ្ឋាភិបាលបានបែងចែកដីកសិកម្មលើកដំបូងជូនប្រជាពលរដ្ឋនៅឆ្នាំ១៩៨៥ និងទទួលស្គាល់លើដីកម្មសិទ្ធិលំនៅដ្ឋាននៅឆ្នាំ១៩៨៩។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលជាច្រើនអាណត្តិមកនេះបានបន្តដាក់ចេញគោលនយោបាយ និងវិធានការជាក់ស្តែងដើម្បីព្យាយាមដោះស្រាយទំនាស់ដីធី្ល កង្វះដីធ្លី ការចុះបញ្ជីកម្មសិទ្ធិ និងការទន្ទ្រានដីរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងការដោះស្រាយវិវាទដីធ្លីនៅចន្លោះឆ្នាំ២០១៦ ដល់ខែសីហាឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានទទួលពាក្យបណ្តឹងចំនួនជិត១៦០០០ករណី ដែលក្នុងនោះបានដោះស្រាយរួចរាល់ចំនួន១៤៣០០ករណី ហើយនៅសល់ជិត១៧០០ករណីទៀតដែលនៅបន្តដោះស្រាយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *