(ព្រៃវែង) ៖រសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែអាសាឍ ឆ្នាំរោង ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤
ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្ត្តព្រៃវែង ព្រមទាំងថ្នាក់ដឹកនាំខេត្តព្រៃវែង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អុឹម ឈឿន ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាអតីតប្រធានមន្ទីរបរិស្ថានខេត្តព្រៃវែង ដែលបានទទួលមរណៈភាព ដោយរោគាពាធ ក្នុងជន្មាយុ៧៤ឆ្នាំ នៅវេលាម៉ោង ៣:៥១នាទីទៀបភ្លឺ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើនៅគេហដ្ឋាននៃគ្រួសារសព ស្ថិតនៅក្នុងភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនេះ ឯកឧត្តមអភិបាលខេត្ត និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំខេត្តព្រៃវែង សូមសំដែងនូវសមានទុក្ខ និងការសោកស្តាយឥតឧបមា និងសូមធ្វើគារវកិច្ចដោយក្តីក្រៀមក្រំបំផុតចំពោះវិញ្ញាណក្ខន្ធ ឯកឧត្តម អុឹម ឈឿន សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
.