(ភ្នំពេញ) ៖ ស្ត្រីចំណាស់ម្នាក់បានរងរបួសធ្ងន់ ខណៈពេលដែលជិះកង់អាគុយធ្វើដំណើរទៅធ្វើការ ហើយត្រូវចោរឆក់កាបូប រួចបានប្រតាយប្រតប់គ្នា ហើយជ្រុលចង្កូតទៅបុកនឹងម៉ូតូកង់បីបណ្ដាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវលេខ១៩៦២ ខាងត្បូងវត្តជុំ ក្នុងភូមិគោកធ្លក សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះពុំត្រូវស្គាល់អត្តសញ្ញាណឡើយមានអាយុប្រមាណ៥០ឆ្នាំ បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាម៉ុយ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យសម្ដេចតេជោ។
តាមសាក្សី បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះបានជិះកង់អាគុយតែម្នាក់ឯង ដោយមានស្រាក់បាយ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៩៦២ ក្នុងទិសដៅពីជើងទៅត្បូងនៅពេលធ្វើដំណើរហួសវត្តជុំបន្តិច ស្រាប់តែមានជនសង្ស័យបីនាក់ជិះម៉ូតូមួយគ្រឿងបានជិះមកអែប ហើយធ្វើសកម្មភាពឆក់បបូប រួចក៏មានការប្រតាយប្រតប់គ្នា ហើយស្ត្រីរងគ្រោះក៏បានជ្រុលចង្កូតទៅបុកម៉ូតូកង់បីដែលធ្វើដំណើរស្របទិសគ្នា បណ្ដាលឱ្យដួលកង់រងរបួសធ្ងន់ ។ ចំណែកអ្នកបើកបរម៉ូតូកង់បីបានរងរបួសជើងផងដែរ។
នៅក្នុងសកម្មភាពខាងលើ ជនសង្ស័យបានឆក់កាបូបបានសម្រេចហើយគេចខ្លួនបាត់ស្រមោល ។ ជនរងគ្រោះត្រូវបាននគរបាលមូលដ្ឋានទាក់ទងរថយន្តសាមុយបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ។
បន្ទាប់ពីកើតហេតុ នគរបាលមូលដ្ឋានក៏បានចុះទៅកន្លែងកើតហេតុហើយធ្វើការស្រាវជ្រាវតាមប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ដើម្បីតាមចាប់ខ្លួនជនសង្ស័យចាត់ការតាមច្បាប់ ៕