ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីអបអរសាទរពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា២ខ្នង​ ២ជាន់​ ២០បន្ទប់​ អគារបណ្ណាល័យ​ ខ្លោងទ្វា​ របងសាលា​ និងសមិទ្ធផលនានា​ ក្នុងសាលាបឋមសិក្សាព្រៃទទឹង ស្រុកព្រៃឈរ​

(កំពង់ចាម) ៖ នាព្រឹកថ្ងៃសៅរ៍ ១០កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២០៦៧ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមអបអរសាទរ​ពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា២ខ្នង​ ២ជាន់​ ២០បន្ទប់​ អគារបណ្ណាល័យ​ ខ្លោងទ្វា​ របងសាលា​ និងសមិទ្ធផលនានា​ ក្នុងសាលាបឋមសិក្សាព្រៃទទឹង​ ស្រុកព្រៃឈរ​ ក្រោមអធិបតីភាពឯកឧត្តម កេីត​ រិទ្ធ​ ឧបនាយករដ្ឋមន្ត្រី​ ររដ្ឋមន្រ្តីក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា សមិទ្ធផលថ្មី នៅក្នុងបរិវេណសាលាបឋមសិក្សាព្រៃទទឹង ដែលត្រូវសាងសង់ នាពេលនេះមានដូចជា អគារសិក្សា ២ខ្នង មានកម្ពស់ ២ជាន់ ចែកចេញជា ២០បន្ទប់ និងបណ្ណាល័យ ១ខ្នង ព្រមទាំងចាក់សាប នាបរិវេណសាលា ដែលទាំងនេះជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ម្យ៉ាងទៀតសមិទ្ធផលថ្មីនេះ អាចនិយាយបានថា ជាចំណងដៃប្រវត្តិសាស្រ្ត សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សរបស់យើង ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានមានប្រសាសន៍ថា ដើម្បីឲ្យការលើកកម្ពស់គុណភាពអប់រំនៅសាលាបឋមសិក្សាព្រៃទទឹងទទួលបានជោគជ័យ និងដើម្បីប្រែក្លាយសាលានេះជាសាលាគំរូមួយ ដែលប្រកបដោយគុណភាព ស្របតាមបំណងប្រាថ្នា របស់សម្ដេចអធិបតី នាយករដ្ឋមន្ត្រី ក៏ដូចជាការចូលរួមអនុវត្តកម្មវិធីនយោបាយ ជាពិសេសវិធានការគន្លឹះទី ២ របស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព គឺទាមទារឲ្យមានការសហការពីគ្រប់តួអង្គពាក់ព័ន្ធ ក៏ដូចជាការចូលរួមពីសំណាក់សាលារៀន លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស អាជ្ញាធរពាក់ព័ន្ធ និងសហគមន៍ទាំងមូលត្រូវចូលរួមអនុវត្តដូចខាងក្រោម ៖

*ទី១ ៖ សម្រាប់សាលារៀន ត្រូវរៀបចំបរិស្ថានស្អាត គ្មានសំរាម មានអនាម័យនិងសុវត្ថិភាព សាកសមជាទីកន្លែងអប់រំការបណ្ដុះបណ្ដាលប្រកបដោយគុណភាព សមត្ថភាព វិន័យ និងសីលធម៌ខ្ពស់ ។

*ទី២ ៖ សម្រាប់លោកគ្រូ អ្នកគ្រូ ត្រូវដើរតួជាឪពុកម្ដាយទី ២ ជាទីប្រឹក្សា និងជាអ្នកខិតខំប្រឹងប្រែងបង្ហាត់បង្រៀន អប់រំទូន្មាន និងតម្រង់ទិសសិស្សានុសិស្ស ហើយត្រូវខិតខំអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនជាប្រចាំ ទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្រ្តបង្រៀន ។

*ទី៣ ៖ សម្រាប់មាតាបិតា អាណាព្យាបាល ត្រូវលើកទឹកចិត្ត និងជំរុញកូនៗឲ្យរៀនសូត្រ ត្រូវតាមដានសៀវភៅសិក្ខាគារិក សហការជាមួយលោកគ្រូ អ្នកគ្រូ ក្នុងការតាមដាន ការសិក្សា អត្តចរិត សីលធម៌ របស់កូនៗ ទាំងនៅក្នុងគ្រួសារ នៅសាលារៀន និងនៅក្នុងសហគមន៍ ។

*ទី៤ ៖ សម្រាប់សិស្សានុសិស្ស ត្រូវខិតខំរៀនឱ្យបានពូកែ ស្ដាប់ដំបូងមានឪពុកម្ដាយ និងលោកគ្រូ អ្នកគ្រូឲ្យបានខ្ជាប់ខ្ជួន ត្រូវចេះគោរពនិងដឹងគុណឪពុកម្ដាយ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ និងចេះស្រឡាញ់បងប្អូន នឹងត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន ឬការប្រព្រឹត្តអំពើអបាយមុខ ដើម្បីក្លាយខ្លួនទៅជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ ។

*ទី៥ ៖ សម្រាប់អាជ្ញាធរដែនដី សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមគាំទ្រឲ្យបានយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍សាលារៀន ព្រមទាំងបន្តជួយផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ អំពីកិច្ចការពារកុមារពីអំពើហិង្សា និងពលកម្មកុមារគ្រប់ទម្រង់ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការរួមគ្នាសម្រេចបានជោគជ័យ នូវការលើកកម្ពស់គុណភាពអប់រំ ចាប់តាំងពីកម្រិតបឋមសិក្សា និងក្លាយជាមូលដ្ឋាន ដ៏សំខាន់សម្រាប់ការផលិតបាន នូវមូលធនមនុស្ស ប្រកបដោយសក្តានុពល នៅជំហានបន្ទាប់ ទាំងនៅកម្រិតមធ្យមសិក្សា ទាំងនៅកម្រិតឧត្តមសិក្សា ហើយដែលមូលធនទាំងនេះ និងក្លាយជាទំពាំងស្នងឬស្សីរបស់ជាតិ និងជាធនធានមនុស្ស ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សង្គម និងប្រទេសជាតិនាពេលអនាគត ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។