ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូDBSTចំនួន៤២ខ្សែប្រវែង៣១.៩១៧ម៉ែត្រ ស្ថិតនៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ក្រោមអធិបតិភាពដ៍ខ្ពង់ខ្ពស់ឯកឧត្តមបណ្ដិត ហ៊ុន ម៉ាណែត

(កំពង់ចាម) :នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត អញ្ជើញចូលរួមក្នុងពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវបេតុង​ ផ្លូវកៅស៊ូAC​ និងផ្លូវកៅស៊ូ DBST​ ក្នុងក្រុងកំពង់ចាម​ ចំនួន៤២ខ្សែ​ ប្រវែងសរុប​ ៣១.៩១៧ម៉ែត្រ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ឯកឧត្ត​ម​ ឧត្តមសេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត​ តំណាងដ៏​ខ្ពង់ខ្ពស់​សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ​២០២០-២០២២​ កន្លងមក​នេះ​ រាជរដ្ឋាភិបាលកម្ពុជា​ ដៃម្ខាងប្រយុទ្ធប្រឆាំងជំងឺកូវី-១៩​ និងគាំពារជីវភាពប្រជាជន​ ហេីយដៃម្ខាងទៀតខិតខំអភិវឌ្ឍលេីគ្រប់វិស័យ។

ឯកឧត្តម អភិបាលខេត្តបន្តថា ប្រជាពលរដ្ឋកម្ពុជាមានភ័ព្វសំណាងដែលមាន សម្តេចតេជោនាយករដ្ឋមន្រ្តី ជាអ្នកដឹកនាំ ប្រកបដោយចក្ខុវិស័យខ្ពស់ ហើយដែលបំណងប្រាថ្នាដ៏ធំបំផុតរបស់ សម្តេចតេជោ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសេចក្តីសុខ និងភាពចម្រុងចម្រើនទាំងផ្លូវកាយ ដែលសំដៅទៅលើ ការរីកធំធាត់លូតលាស់រាងកាយ សុខភាព និងសមត្ថភាពបញ្ញា ក៏ដូចជាសេចក្តីសុខស្ងប់ផ្នែកផ្លូវចិត្ត គឺសំដៅទៅលើការមិនព្រួយបារម្ភអំពីបញ្ហាសង្គ្រាម និងអសន្តិសុខនានា ដោយសម្តេចតេជោ បាននាំមកនូវសុខសន្តិភាព និងសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ព្រមទាំងបង្កលក្ខណៈឱ្យមានការជួយគាំទ្រ និងចែករំលែកជួយគ្នាទៅវិញទៅមក ដើម្បីភាពសុខដុមរមនានៅក្នុងសង្គម។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងនាមសម្តេចនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទចំពោះសមិទ្ធផលជាផ្លូវទាំងនេះ ដែលនឹងក្លាយជាគុណប្រយោជន៍ដ៏ធំធេង សម្រាប់ប្រជាជនក្នុងមូលដ្ឋាន រួមទាំងអ្នកដំណើរមកពីទីជិតឆ្ងាយ។ ជាក់ស្តែងណាស់ សមិទ្ធផលទាំងនេះបានកើតចេញពីកម្លាំងរួបរួមសាមគ្គីភាព រវាងវិស័យឯកជនដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងផ្លូវគមនាគមន៍ទាំងនេះទ្បើង ដើម្បីនាំមកនូវក្តីសង្ឃឹម ជួយសម្រួលការរស់នៅប្រកបរបរប្រចាំថ្ងៃ បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមឱ្យកាន់តែចម្រើនរុងរឿងថែមទៀត។ ទាំងនេះកើតមានទៅបាន គឺដោយឈរលើស្មារតី “សិល្បៈនៃការចែករំលែក” ក្រោមដំបូលនៃសុខសន្តិភាព និងវឌ្ឍនភាពនៃសង្គមជាតិ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋខេត្តកំពង់ចាម ដែលតែងជឿទុកចិត្ត និងផ្តល់ការគាំទ្រដល់ សម្តេចតេជោ ហើយតែងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក្នុងរយៈកាលកន្លងមក និងសូមបន្តជួយគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យមានឱកាសបន្តបំពេញកាតព្វកិច្ចក្នុងការបម្រើប្រជាពលរដ្ឋឱ្យមានជីវភាពកាន់តែសុខសាន្ត និងរុងរឿង តាមរយៈការដឹកនាំប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងការតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ ព្រមជាមួយនឹងការខិតខំពង្រឹង និងពង្រីកនូវសមិទ្ធផលវិជ្ជមានទាំងទ្បាយឱ្យកាន់រីកដុះដាល និងខ្លាំងក្លាបន្ថែមទៀត៕

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។