ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន ត្រូវបានប្រកាសទទួលស្គាល់ ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជកម្ពុជា ខេត្តព្រៃវែង

(ព្រៃវែង) ៖នារសៀល ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំធំ(A) សាលាខេត្តព្រៃវែង រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីប្រកាស ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជកម្ពុជា ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ។

ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តព្រៃវែង បានថ្លែងនូវកិច្ចស្វាគមន៍ និងរាយការណ៍ជូនអង្គពិធី។

បន្ទាប់ ពី ឯកឧត្តម អ៊ុំ សុខ ប្រធានគណៈចាត់តាំង គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា អានសេចក្ដីសម្រេច ស្ដីពីការតែងតាំងប្រធានកិត្តិយសសមាគមអតីតយុទ្ធកម្ពុជាខេត្តព្រៃវែង និងប្រគល់សេចក្ដីសម្រេច ស្ដីពីការតែងតាំងរួចមក ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានផ្ដល់សេចក្ដីទុកចិត្ត តែងតាំងជាប្រធានកិត្តិយស។ ជាមួយនេះ ឯកឧត្តម អភិបាលខេត្ត​ បានបញ្ជាក់បន្ថែមថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ចំពោះសុខទុក្ខរបស់អតីតយុទ្ធជន ហើយទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយក៏ សម្តេចតេជោ តែងតែនៅរួមសុខទុក្ខមិនអាចបំភ្លេចបាននូវគុណូប្បការៈ និងការលះបង់ដ៏ធំធេងរបស់វរៈអតីតយុទ្ធជនយើងឡើយ។ ទន្ទឹមនឹងនេះ សមាគមអតីតយុទ្ធជនកម្ពុជា ស្ថិតក្រោមការដឹកនាំប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងប៉ិនប្រសប់ របស់ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ជាអនុប្រធាន និងជាអគ្គលេខាធិការ បានសម្រេចនូវសមិទ្ធផលជាច្រើនជាបន្តបន្ទាប់ បានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិ តួនាទី ផលប្រយោជន៍ ពិសេសបានចូលរួមដោះស្រាយបញ្ហា ការលំបាក និងលើកកម្ពស់ជីវភាពរបស់អតីតយុទ្ធជន ជាមួយក្រុមគ្រួសារ រួមមានការផ្តល់សេវាថែទាំអតីតយុទ្ធជន ការគាំពារសុខភាព និងការឧបត្ថម្ភសម្ភារៈចាំបាច់ទាំងឡាយ ការជួយបណ្តុះបណ្តាលវិជ្ជាជីវៈ ការដោះស្រាយការងារ មុខរបរ ការផ្តល់សម្បទានដីសង្គមកិច្ច ការជួយសង់លំនៅឋាន ដើម្បីឲ្យពួកគាត់មានធានធានដីធ្លី មានលំនៅឋាន និងអាចប្រកបមុខរបរផ្សេងៗសម្រាប់ផ្គត់ផ្គង់គ្រួសារឲ្យកាន់តែប្រសើរឡើង។ ដែលនេះ បានបង្ហាញពីឆ្លើយតបទៅនឹងគុណបំណាច់មិនអាចកាត់ថ្លៃបាន របស់បងប្អូនអតីតយុទ្ធជនក្នុងបុព្វហេតុស្វែងរកសន្តិភាពជូនប្រទេសជាតិមាតុភូមិ។

​ក្នុងនាម ជាប្រធានកិត្តិយស ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត និងប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង នឹងខិតខំបន្តអនុវត្តការងាររបស់សមាគមអតីតយុទ្ធជនខេត្តព្រៃវែង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសសមាគមអតីតយុទ្ធជនកម្ពុជា ឲ្យបានសម្រេចជាផ្លែផ្កាជូនអតីតយុទ្ធជនក្នុងខេត្តព្រៃវែង និងបន្តជំរុញការងារមួយចំនួន ដូចខាងក្រោម៖

ទី១៖ បន្តចុះជួបសំណេះសំណាលជាមួយអតីតយុទ្ធជន ជាក្រុមតូចៗ ជាពិសេសការនាំយកថវិកាបេឡាមរណៈសង្រ្គោះ ការប្រគល់ថវិកាធានារ៉ាប់រងសង្គមដល់គ្រួសារសពសមាជិកសមាគមអតីតយុទ្ធជនដល់លំនៅឋាន

ទី២៖ បន្តចុះជួបសួរសុខទុក្ខ សមាគមអតីតយុទ្ធជនគ្រប់ថ្នាក់ ដើម្បីស្វែងយល់ពីស្ថានភាព ជីវភាពរស់នៅ និងសុខភាពរបស់បងប្អូនអតីតយុទ្ធជន និងគ្រួសារ

ទី៣៖ ពង្រឹងការងារដឹកនាំសមាគមគ្រប់ថ្នាក់ យកចិត្តទុកដាក់ការរៀបចំចងក្រង សមាជិក សមាគមអតីតយុទ្ធជន តាមភូមិ ឃុំ-សង្កាត់នីមួយៗ ដើម្បីងាយស្រួល ជួយដោះស្រាយអន្តរាគមន៍បានទាន់ពេលវេលា។

សមាសភាពអញ្ជើញចូលរួមមាន÷ ឯកឧត្តមប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អភិបាលរងខេត្ត នាយក-នាយករដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបីខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក អធិការក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងអង្គភាពពាក់ព័ន្ធ សរុបចំនួន ៣១៦រូប។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។