ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម សម្រេចស្ដារអាចម៍ដីដែលបានចាក់លុបទន្លេតូច ស្រុកកោះសូទិន ដោយសាងសង់ស្ពានបេតុងជំនួស

(កំពង់ចាម) ៖យោងតាមការណែនាំ និងចង្អុលបង្ហាញពីសំណាក់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ជុំវិញការដាក់គ្រឿងចក្រចុះស្ដារអាចម៍ដីដែលបានចាក់លុបទន្លេតូច នៅចំណុចមុខវត្តពាមប្រធ្នោះ ក្នុងឃុំពាម ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ជាក់ស្ដែងនៅព្រឹកថ្ងៃ ទី១៨ ខែមេសា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំអភិបាលរងខេត្ត នាយករដ្ឋបាល មន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងដោយមានការចូលរួមពីប្រធានមន្ទីរធនធានទឹកខេត្តព្រៃវែង បានចុះពិនិត្យការដ្ឋានស្ដារអាចម៍ដីដែលបានចាក់លុបទន្លេតូច ឲ្យទៅតាមធម្មជាតិវិញ។

បើតាមកាលដឹងពីលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឲ្យដឹងថា គ្រឿងចក្រដែលបានចុះការដ្ឋានខាងលើ រួមមាន៖ អេស្កាវ៉ាទ័រ ១គ្រឿង និងឡានបែន ៣គ្រឿង ប៊ុលដូហ្សែ ១គ្រឿង ដែលចាប់អនុវត្តតាំងពីថ្ងៃទី១៦ ខែមេសា ហើយនឹងអាចចំណាយរយៈពេល ៤ថ្ងៃក្នុងការស្តារឲ្យរួចរាល់។

ក្រោយការពិនិត្យ សិក្សាយ៉ាងល្អិតល្អន់ និងយោងតាមសំណើរបស់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តមអភិបាលខេត្ត បានសម្រេចលើកគម្រោងក្នុងការសាងសង់ស្ពានបេតុង ១កន្លែង ឆ្លងកាត់ទន្លេតូច ចំណុចខាងមុខវត្តពាមប្រធ្នោះ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន តភ្ជាប់ទៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលជាចំណង ដៃដ៏ថ្លៃថ្លា និងថ្មីស្រឡាងមួយទៀត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បងប្អូនប្រជាពលរដ្ឋ បង្ហាញអារម្មណ៍រីករាយសប្បាយចិត្ត និងបានប្តេជ្ញាបោះឆ្នោតគាំទ្រសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីគ្រប់អាណត្តិ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៃកម្ពុជា នាពេលអនាគត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។