ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ ៖ បវរកញ្ញាអង់ហ្គោឡា កោតសរសើរការអភិវឌ្ឍ និងគ្រប់គ្រងឆ្នេរសមុទ្រកម្ពុជា

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា, បវរកញ្ញាអង់ហ្គោឡា ស្វេលីយ៉ា ដាស៊ីលវ៉ា អាន់តូនីញ៉ូ (Swelia da silva antonio) បានកោតស្ញប់ស្ញែងយ៉ាងពិសេសចំពោះភាពស្រស់ស្អាត និងទាក់ទាញរបស់ឆ្នេរសមុទ្រកម្ពុជា។ កញ្ញាបានសន្យាពាំនាំព័ត៌មានអំពីសោភ័ណរមណីយភាពទាំងនេះ បង្ហាញជូនប្រជាជនក្នុងប្រទេសខ្លួន ក៏ដូចជាទៅកាន់ពិភពលោក ខណៈឆ្នេរសមុទ្រកម្ពុជា ជាទីគួរឱ្យចង់ទស្សនាកម្សាន្ត និងសម្រាកលម្ហែដ៏ពេញចិត្ត។

ក្រសួងទេសចរណ៍ បានលើកឡើងថា, បវរកញ្ញាអង់ហ្គោឡា ស្វេលីយ៉ា ដាស៊ីលវ៉ា អាន់តូនីញ៉ូ បានរួមដំណើរជាមួយប្រតិភូអន្តរជាតិ២០ប្រទេសទៀត មកចូលរួមក្នុងមហាសន្និបាតលើកទី១៦របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ដោយភ្ជាប់ជាមួយពិធីបុណ្យសមុទ្រលើកទី៩។

ក្នុងដំណើរអញ្ជើញចូលរួមមហាសន្និបាតក្លឹបនៅកម្ពុជានេះ បវរកញ្ញាអង់ហ្គោឡា ក៏ដូចជាប្រតិភូសមាជិកក្លឹបឆ្នេរស្អាតបំផុតលើសកលលោក មកពីបណ្តាប្រទេសដទៃទៀត ត្រូវបានរៀបចំឱ្យមាន ដំណើរទស្សនកិច្ចស្វែងយល់ពីការអភិវឌ្ឍទីក្រុងព្រះសីហនុ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ដំណើរទស្សនកិច្ចកម្សាន្តទៅកាន់គោលដៅទេសចរណ៍នានានៅតំបន់សមុទ្រកម្ពុជា និងបានទៅទស្សនាព្រៃកោងកាងនៅខេត្តកោះកុង ដែលជាតំបន់ព្រៃកោងកាងដ៏ធំជាងគេនៅអាស៉ី។

កញ្ញាបានបញ្ចាក់ថានេះជាលើកទីមួយហើយដែលកញ្ញាធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ហើយក៏ជាលើកទីមួយដែលកញ្ញាធ្វើដំណើរមកតំបន់អាស៊ីផងដែរ។

បវរកញ្ញារូបនេះ បានបង្ហាញអារម្មណ៍ថា កញ្ញាពិតជា​រីករាយ​ណាស់​ដែល​បាន​មកដល់ប្រទេសកម្ពុជា ពិសេស គឺបានមកដល់ខេត្តព្រះសីហនុ ដែលជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រដ៏សំខាន់របស់កម្ពុជា។

កញ្ញា បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទីក្រុងមួយនេះ ហើយរឿងដែលកញ្ញាជាប់ចិត្តស្រឡាញ់​ខ្លាំងបំផុតនោះ គឺដើមឈើចាំស្នេហ៍ ដែលត្រូវបានថែរក្សាទុកយ៉ាងទាក់ទាញ ហើយសុខចិត្តធ្វើផ្លូវវាង ដោយមិនមានការកាប់បំផ្លាញ។

បវរកញ្ញារូបនេះ បានកោតសរសើរថា នេះពិតជាការបង្ហាញពីទង្វើបេះដូងមនុស្សធម៌។

រឿងមួយទៀតអំពីបរិស្ថានដែលកញ្ញា ស្វេលីយ៉ា ពេញចិត្តទៀតនោះ គឺទឹកកខ្វក់ត្រូវបានធ្វើប្រព្រឹត្តកម្មមុនបង្ហូរ​ទៅកាន់​សមុទ្រ ​ដូច្នេះវាមិនប៉ះពាល់ដល់បរិស្ថានសមុទ្រនោះទេ ព្រោះគ្រប់គ្នាសុទ្ធតែដឹងថា ឆ្នេរ និងទឹកសមុទ្រចាំបាច់គួរតែត្រូវបានថែរក្សា។

«ខ្ញុំ​គិត​ថា​រឿង​មួយ​ដែល​ល្អ​បំផុត​ គឺឆ្នេរសមុទ្រពិតជាស្អាត និងអនាម័យ។ យើងអាចឃើញខ្សាច់ទន់ល្មើយ និងស្រស់ស្អាតអស្ចារ្យ ហើយយើង​អាច​លម្ហែកាយ​ ដើរ​ និងសម្រាកស្រូបយកខ្យល់អាកាស។ នេះជាអ្វីដែលខ្ញុំពិតជាសូមសរសើរអំពីឆ្នេរនៅទីនេះ។ វា​មិន​ត្រឹម​តែ​​ស្អាត​ទេ តែវាក៏ធ្វើឱ្យយើងមានអារម្មណ៍ចង់ត្រឡប់មកវិញម្ដងទៀត»។ នេះជាការបញ្ជាក់របស់កញ្ញាអង់ហ្គោឡា។

បវរកញ្ញាអង់ហ្គោឡាវ័យ២៥ឆ្នាំរូបនេះ បានបន្តថា មនុស្សនៅទីនេះ មានទឹកចិត្តល្អ ហើយកញ្ញា​មាន​អារម្មណ៍ថា ទទួលបានការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ព្រមទាំងបានថ្លែងអំណរគុណចំពោះប្រជាជនកម្ពុជា ដែលបានចែករំលែកភាពកក់ក្ដៅជាមួយកញ្ញាដែលមកពីឆ្ងាយ។ កញ្ញាបានអះអាងថា កញ្ញា គឺជាអ្នកគាំទ្រខ្លាំងណាស់ចំពោះការផ្សារភ្ជាប់ ទំនាក់ទំនងអន្តរទ្វីបរវាងមនុស្ស ទំនាក់ទំនងសង្គម និងអន្តររដ្ឋ។

ថ្វីដ្បិតកម្ពុជា និងអង់ហ្គោឡាឆ្ងាយពីគ្នាក៏ពិតមែន ប៉ុន្តែបវរកញ្ញាដ៏រួសរាយម្នាក់នេះ មានសុទិដ្ឋិនិយមទៅអនាគតក្នុងការបង្កើនទំនាក់ទំនងរវាងប្រទេសអង់ហ្គោឡា និងប្រទេសកម្ពុជា។

កញ្ញាបានសន្យាថា «អ្វីដែលខ្ញុំនឹងនិយាយអំពីឆ្នេរសមុទ្រកម្ពុជា នោះគឺថាវាជាកន្លែងដ៏ស្រស់ស្អាត និងជាគួរឱ្យស្នាក់នៅ។ ខ្ញុំ​មាន​សេចក្តី​រីករាយ​ជា​ខ្លាំងណាស់​ដែលទទួល​បានបទពិសោធន៍​ជាមួយគណៈប្រតិភូទាំងមូល និងជាមួយក្រុមការងារទាំងមូល»។

កញ្ញាបានបន្តទៀតថា ការងារ​សំខាន់ដែលយើងកំពុងធ្វើនៅទីនេះ ដើម្បីបង្ហាញកន្លែងទេសចរណ៍ ប៉ុន្តែក៏អាចនិយាយបានថាយើងអាចសម្រាកលម្ហែកាយតាមមធ្យោបាយប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវដូចគ្នា ទាំងនៅ​កម្ពុជា និងអង់ហ្គោឡា ហើយនេះគឺជាអ្វីដែលយើងកំពុងធ្វើនៅទីនេះ។

ចំពោះវិស័យបរិស្ថាន និងអភិរក្សឆ្នេរ កញ្ញា ស្វេលីយ៉ា គិតថា វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ ដើម្បីចូលរួមចែករំលែកសេចក្តីល្អដែលយើងមាន។ ​វា​ជា​រឿង​មួយ​ដ៏សំខាន់​បំផុតចំពោះអ្វីដែលយើងកំពុងធ្វើនៅទីនេះ នោះគឺបង្កើតបណ្តាញទំនាក់ទំនង។ វាមិនមែនតែសំដៅទៅលើទំនាក់ទំនងទ្វេភាគីរវាងប្រទេសអង់ហ្គោឡា និងកម្ពុជានោះទេ តែវាជាទំនាក់ទំនងរវាងអង់ហ្គោឡាទៅកាន់ពិភពលោក និងកម្ពុជាទៅកាន់ពិភពលោក។ ដូច្នេះ​ត្រូវ​ផ្សារភ្ជាប់ ​ត្រូវ​នាំ​មនុស្ស​មក​កាន់ទីនេះ៕

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។