ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចញឃីតចំនួន៦ពាន់ឃីត ដើម្បីឧបត្ថម្ភដល់ខេត្តចំនួន៣ នៅតាមព្រំដែន សម្រាប់ផ្ដល់ឲ្យពលករដែលធ្វើមាតុភូមិនិវត្តមកពីប្រទេសថៃ

(ភ្នំពេញ) ÷សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានសម្រេចបញ្ចេញឃីតចំនួន ៦ពាន់ឃីត ដើម្បីឧបត្ថម្ភដល់ខេត្តចំនួន៣ នៅតាមព្រំដែន សម្រាប់ផ្តល់ឲ្យពលករដែលធ្វើមាតុភូមិនិវត្តន៍មកពីប្រទេសថៃ។

លោកាជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះថា ខេត្តទាំង៣ ដែលទទួលបានកញ្ចប់ឃីតទាំង ៦ពាន់នោះ រួមមាន ខេត្ត បាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ។ខេត្តទាំង៣ នេះដែរ ទទួលបានឃីតចំនួន ២ពាន់កញ្ចប់ តង់ចំនួន៥ និងកៅអីចំនួន១០០ ទៀតផង។
លោកជំទាវ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងកញ្ចប់ឃីត រួមមាន មុង ខ្នើយ និងកន្ទេល។ ក្នុងមួយខេត្តទទួលបានឃីតចំនួន ២ពាន់កញ្ចប់ តង់ចំនួន ៥ និងកៅអីចំនួន១០០ ហើយកញ្ចប់ឃីតត្រូវបានដឹកជញ្ជូនភ្លាមៗទាំងយប់ទៅកាន់គោល ដៅរួចរាល់ហើយ។

បើតាមលោកជំទាវ យក់ សម្បត្តិ, មន្ទីរសុខាភិបាលក្នុងខេត្តទាំង៣ បាននិងកំពុងរៀប ចំចាត់ចែងឃីតទាំងនោះ ដល់ពលករដែលមានជីវភាពខ្វះ ខាត។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាទៅអាជ្ញាធរខេត្តចំនួន៧ ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ឱ្យពង្រឹងការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរ ដែលត្រឡប់មកប្រទេសថៃ រយៈ ពេល១៤ថ្ងៃពេញ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដែលកំពុងផ្ទុះឡើងយ៉ាងខ្លាំង ក្លាជាង៥០០ករណីក្នុង១ថ្ងៃ នៅខេត្តសាមុតសាខន ប្រទេសថៃ។

ពាក់ព័ន្ធនឹងការពង្រឹងវិធានការតាមបណ្តាខេត្តជាប់ព្រំដែនថៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកា៥០លានរៀល ក្នុង១ខេត្តផងដែរ ដើម្បីឱ្យខេត្តទាំងនោះរៀបចំដោះ ស្រាយបញ្ហាចំពោះមុខ ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ ពីប្រទេសថៃ។ ខេត្តទាំង៧ ដែលជាប់ព្រំដែនថៃនោះ រួមមាន បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និងកោះកុង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។