ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបទីតាំងល្បែងស៉ីសងខុសច្បាប់ប្រភេទឡូតូតូចធំ​ ដែលមានផ្លាកយីហោ” 8888″នៅក្នុងខណ្ឌ៧មករា ​ឃាត់ខ្លួនមនុស្ស​ជាង១០នាក់​!

(ភ្នំពេញ) ៖ ទីបំផុត​! កម្លាំង​សមត្ថកិច្ច​ជំនាញ​ នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានចុះសហការជាមួយកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសល្បែង នៃក្រសួងមហាផ្ទៃ បានចុះឆ្មក់ចុះបង្ក្រាបទីតាំងដែលបើកល្បែងស៊ីសងប្រភេទឡូតូ តូចធំដែលមានផ្លាកយីហោ” 8888″​ ចំនួន ០២ទីតាំង ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌ ៧មករា​ ដោយបានឃាត់ខ្លួនមនុស្ស ជាង១០នាក់ផងដែរ។​ ក្នុងរង្វង់ប្រតិបត្តិការនេះផងដែរដោយមានការដឹកនាំផ្ទាល់ដោយព្រះរាជអាជ្ញារង យស វាសនា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

មន្ត្រីជំនាញ​បានឱ្យដឹងថា​ ក្នុងប្រតិបត្តិការនេះ​បានធ្វើឡើងនៅវេលាម៉ោង ៩ព្រឹកថ្ងៃទី២៥ ខែមករាឆ្នាំ ២០២៤នេះ មានចំនួន២ទីតាំង​ ជាក់ស្ដែង​ទីតាំង​ទី១,​ ស្ថិតនៅចំណុចទីតាំង តោះជុំគ្នាកាហ្វេ នៅតាមបណ្ដោយផ្លូវលេខ២៤២ សង្កាត់បឹងព្រលិត​ និងទីតាំងទី២,​ ស្ថិតនៅទីតាំងយីហោ ឃ្វីន សាឡន មូលដ្ឋានសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

មន្ត្រីជំនាញ​ បានឱ្យដឹងទៀតថា​ នៅពេលដែល​កម្លាំង​បានចុះចំនួន០២ ទីតាំង ដោយទីតាំងនីមួយៗបានបើកអាជីវកម្មប្រភេទឡូតូតូចធំ យីហោ​ 8888 ក៏ប៉ុន្តែមន្ត្រីជំនាញមិនបានបញ្ជាក់ឲ្យស៊ីជម្រៅនោះទេថាល្បែងស៊ីសង ប្រភេទនេះមានច្បាប់ឬមិនមានច្បាប់អាជីវកម្មនោះឡើយ។

ក្នុងការចុះប្រតិបត្តិការនេះ មហាជនមានការងឿយឆ្ងល់ផងដែរថា កន្លងមកអាជ្ញាធរបានអះអាងថា ល្បែងស៊ីសងប្រភេទឡូតូតូចធំ 8888 នេះថាមានច្បាប់អាជីវកម្មត្រឹមត្រូវ ដោយមិនមានឃើញមានការចុះបង្ក្រាបនោះឡើយ។ ស្រាប់តែ ពេលនេះ មន្ត្រីជំនាញនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សហការជាមួយ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសល្បែង នៃក្រសួងមហាផ្ទៃ បានចុះមកបង្ក្រាបចំពោះល្បែងស៊ីសងប្រភេទឡូតូ 8888នេះ។

មហាជនបានលើកឡើងបន្តទៀតថា បើល្បែងស៊ីសងប្រភេទឡូតូ 8888នេះខុសច្បាប់មែន។ដូច្នេះ ទីតាំងល្បែងស៊ីសងប្រភេទនេះគឺមានច្រើនទីតាំងរីកដុះដាលពេញទីតាំងហាងកាហ្វេនិងភោជនីយដ្ឋានគ្រប់ទីកន្លែងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។