ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារ និងផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និតិកាលទី៥

(បន្ទាយមានជ័យ) ៖ នៅវេលាម៉ោង២រសៀលថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបន្ទាន់មួយ ផ្សព្វផ្សាយអំពីផែនការការងារ និង ផែនការការពារសន្តិសុខ សំខាន់ៗចំនួន២ ដល់លោក-លោកស្រី ស្នងការរង នាយការិយាល័យនគរបាលជំនាញ លោកអធិការនគរបាលក្រុង-ស្រុក និង មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោគទាំង៤។

កិច្ចប្រជុំនេះបានផ្តោតសំខាន់លើរបៀបវរ:ចំនួន២គឺ
១-ផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព ជូនឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ក្នុងកិច្ចប្រជុំជាមួយគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងការជួញមនុស្ស (គ.ឧ.ប.ជ) ដែលជាប់ព្រំដែនថៃ។
២-ផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងយុទ្ធនាការការពារការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា និតិកាលទី៥ និងការជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា ស្រុក អាណិតទី៤ និងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ផ្នែកពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែង បំពេញ តួនាទី ភារកិច្ច ការងារបានយ៉ាងល្អគួរជាទីមោទនៈ។ លោកបានថ្លែងជម្រុញដល់កម្លាំងនគរបាលទាំងអស់ ចំពោះបេសកកម្មចំពោះមុខចំនួន២នេះ ត្រូវធ្វើយ៉ាងណាធានាឲ្យបានទាំងស្រុងនូវ សន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និង សុវត្ថិភាព មានរបៀបរៀបរយជូនថ្នាក់ដឹកនាំជាន់ខ្ពស់ បណ្តាឥស្សរជនសំខាន់ៗ មន្ត្រីរាជការ ដែលបានអញ្ជើញចូលរួមកម្មវិធី។

ត្រូវធានាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និង សុវត្ថិភាព សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និតិកាលទី៥ និងការជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា ស្រុក អាណិតទី៤ និងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤ ឲ្យប្រព្រឹត្តទៅដោយរលូន គ្មានការបំភិតបំភ័យ ការគំរាមកំហែង និង អំពើរហឹង្សាផ្សេងៗ៕ដោយព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។