ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ពិធីសម្ពោធបើកការិយាល័យកុងស៊ុលកាណាដា ប្រចាំខេត្តសៀមរាប

(សៀមរាប) ៖ ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ មានពិធីសម្ពោធបើកការិយាល័យកុងស៊ុលកាណាដា ប្រចាំខេត្តសៀមរាប ក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ Ping Kithikone ​ឯកអគ្គរាជទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីតំណាងប្រធានមន្ទីរទេសចរណ៍ខេត្ត ប្រធានការិយាល័យកិច្ចការ នៃការិយាល័យស្ថានទូតកាណាដាប្រចាំកម្ពុជា លោកស្រីលេខា និងជាកុងស៊ុល លោកស្រីប្រធានការិយាល័យកុងស៊ុល ប្រចាំរាជធានីភ្នំពេញ លោកស្រីប្រធានការិយាល័យកុងស៊ុលកត្តិយស ប្រចាំខេត្តសៀមរាប និងក្រុមការងារពាក់ព័ន្ធ។

ការបើកការិយាល័យកុងស៊ុលកាណាដា ក្នុងខេត្តសៀមរាបថ្ងៃនេះ គឺជាការបើកទំព័រថ្មី មួយចំពោះបង្កើនទំនាក់ទំនងរបស់ប្រទេសយើងទាំងពីរ តាមរយៈការសហការយ៉ាងល្អរវាងរដ្ឋបាលខេត្ត សៀមរាប និងការិយាល័យកុងស៊ុលកាណាដា ប្រចាំខេត្តសៀមរាប ក៏ដូចជាការជម្រុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។ លោកអភិបាលរងខេត្តក៏បានបន្តថា ការកសាងទំនាក់ទំនងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ គឺពិតជាបានចូលរួមចំណែកយ៉ាងសកម្ម ដល់កិច្ចអភិវឌ្ឍប្រទេស និងសកលលោក ហើយលោកក៏សូមអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះការបើកការិយាល័យកុងស៊ុលកាណាដា ប្រចាំខេត្តសៀមរាប ដែលបានបង្ហាញពីមិត្តភាពដ៏រឹងមាំ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសកាណាដា។

លោកពិន ប្រាកដ អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជន នៃប្រទេសកាណាដា ដែលតែងតែគាំទ្រ រួមចំណែកដល់ការអភិឌ្ឍមាតុភូមិកម្ពុជាឱ្យមានការរីកចម្រើនជាបន្តបន្ទាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។