ព័ត៌មានជាតិ

ក្រុមមេឈ្មួញៗកំពុងសម្រុកដឹកឈើចេញពីស្រុកអូរាំងឆ្លងកាត់ស្រុកកែវសីមា ខេត្តមណ្ឌលគិរី !

#ក្រុមមេល្បីៗ# ចែសក់ក្រហម, លោក មួល និងលោក ធិន កំពុងសម្រុកដឹកឈើចេញពីស្រុកអូរាំងឆ្លងកាត់ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
សកម្មភាពពួកឈ្មួញដឹកឈើតាមរថយន្តសាំយ៉ុងកំពុងបង្កើនសកម្មភាពយ៉ាងចម្លែក ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ចេញពីស្រុកអូរាំងនិងស្រុកកែវសីមាដែលមួយចំនួនឆ្ពោះមកបណ្ដាខេត្តភាគខាងក្រោម និងមួយចំនួនទៀតឆ្លងដែនទៅប្រទេសវៀតណាម។ នៅស្រុកអូរាំងគេរាយការណ៍ថា ឈ្មួញស្ត្រីម្នាក់ឈ្មោះ ចែសក់ក្រហម ដែលមានសាច់ញាតិជាមន្ត្រីកងរាជអាវុធ ហត្ថស្រុកអូរាំងផងនោះកំពុងធ្វើសកម្មភាពដឹកឈើយ៉ាងសកម្ម។

នៅយប់ថ្ងៃទី 25, 26 ខែកុម្ភៈ នេះ រថយន្តដឹកឈើជាច្រើនគ្រឿង បានធ្វើដំណើរប្រសេកប្រសាច ពេញផ្លូវលេខ76 ក្នុងស្រុកអូររាំង ឆ្ពោះមកស្រុកកែវសីមានិងបន្តមកស្រុកស្នួល,ស្រុកមេមត់និងមួយចំនួនឆ្លងដែនចេញទៅប្រទេសវៀតណាម។ ប្រភពខ្សិបថា ចែសក់ក្រហម គឺជាជើងឯក ក្នុងការប្រើអ្នកបើកបរឲ្យធ្វើសកម្ម ភាពបើករថយន្តប្រដេញនៅលើផ្លូវជាតិដោយមិនគិតពីគ្រោះថ្នាក់។ គេសង្ស័យថា អ្នកបើកបររថយន្តដឹកឈើមួយចំនួនធំដែលធ្វើសកម្មភាពនៅលើផ្លូវលេខ 76 សព្វ ថ្ងៃជាជនដែលប្រើប្រាស់គ្រឿងញៀន។ ហេតុដូច្នេះពួក គេមិនខ្លាចគ្រោះថ្នាក់នោះឡើយ នៅពេលមានរថយន្តសមត្ថកិច្ចប្រដេញម្ដងៗ។

អ្នកកាសែតប្រចាំការនៅស្រុកស្នួល និងស្រុកកែសីមាបានគោរពរាយការណ៍ជូនសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធដែលប្រចាំការតាមគោលដៅ ដោយថែមទាំងថតបានសកម្មភាពរថយន្តដឹកឈើ ចេញពីស្រុកអូរាំងយ៉ាងហោចណាស់ពីរគ្រឿង កំពុងបោះពួយយ៉ាងលឿននៅលើដងផ្លូវ។ ប្រភពនេះរាយការណ៍ថា នេះជាសកម្មភាពរថយន្តដឹកជញ្ជូនឈើរបស់លោក មួល និងលោក ធិន ដឹកចេញពីស្រុកអូររាំង ខេត្តមណ្ឌលគិរី ឆ្លងកាត់ស្រុកកែវសីមា ឆ្លងកាត់ស្រុកស្នួល ឆ្ពោះយកទៅលក់ចែកចាយក្នុងខេត្តត្បូងឃ្មុំ។ ប្រភពខាងលើនេះបានបញ្ជាក់ថា បុរសទាំងពីរនាក់ ឈ្មោះ មួល និងឈ្មោះ ធិន ទំនងគ្រាន់តែជាអ្នកស៊ីឈ្នួលបើកបរតែប៉ុណ្ណោះ។

សមត្ថកិច្ចស្រុកអូរាំងបដិសេធថា មិនស្គាល់ឈ្មោះមួលនិងឈ្មោះធិននេះទេ។ យ៉ាងណាក៏ដោយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៃស្រុកអូររាំងទទួលស្គាល់ថា មួយរយៈនេះសកម្មភាពនៃការដឹកឈើ ហាក់ដូចជាកក្រើកឡើង វិញខ្លាំងទៀតផង។ ក្នុងនោះគេកត់សម្គាល់មានឈ្មោះដូចជា ចែសក់ក្រហម,និងអ្នកដឹកថ្មីៗដូចជា ឈ្មោះ មួល និងឈ្មោះ ធិន នេះជាដើម។ អ្នកភូមិនិយាយថា អ្នក បើកបរឡានដឹកឈើទាំងនេះមិនគិតពីគ្រោះថ្នាក់នោះឡើយ។ មិនតែប៉ុណ្ណោះគឺគេគិតតែលៃ យ៉ាងណាឲ្យផុតពីការតាមប្រដេញពីសមត្ថកិច្ចឬក្រុមអ្នកកាសែតតែប៉ុណ្ណោះ។

សកម្មភាពនៃការដឹកជញ្ជូនឈើរបស់ ចែសក់ក្រហមទំនងជាអាងមន្ត្រីកងរាជអាវុធហត្ថស្រុកអូរាំង នោះហើយមើលទៅ។ ប្រភពបានឱ្យដឹងបន្ថែមថា ឈ្មួញបីនាក់នេះទើបតែមានសកម្មភាពមមាញឹកខ្លាំង នៅក្នុង រយៈពេលនៃសប្តាហ៍កន្លងមកនេះ ហើយដំណើរការនៃការដឹកជញ្ជូនរបស់ពួកគេ គឺមិនញញើតនរណាទាំងអស់។ គេរំពឹងថា អាជ្ញាធរខេត្តមណ្ឌលគិរីមិនបណ្ដោយ ឲ្យក្បួនរថយន្តដឹកឈើរបស់ឈ្មួញខាងលើនេះ ចាត់ទុកផ្លូវជាតិលេខ76 ជាកម្មសិទ្ធិផ្ដាច់មុខរបស់ពួកខ្លួននោះឡើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។