ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាជួបស្ថានការណ៍បន្ទាន់ភ្លាមៗដែលចាំបាច់ត្រូវចាយប្រាក់សន្សំដើម្បីសង្គ្រោះអាយុជីវិតប្រជាជនជាធំ

(ភ្នំពេញ) :សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បច្ចុប្បន្ននេះចំណូលពន្ធដារ និងចំណូលពន្ធគយ មានការកើនឡើង ដោយមិនរាប់បញ្ចូលចំណូលបានមកពីសារពើពន្ធ។ ទោះយ៉ាងនេះក្តី សម្តេចបានសម្តែងការសោកស្តាយ ដែលប្រាក់សន្សំទុករបស់រាជរដ្ឋាភិបាលសម្រាប់អភិវឌ្ឍជាតិកន្លងមក បែរជាត្រូវចំណាយទៅលើការដាក់ឱ្យអនុវត្តវិធានការ បង្ការ ទប់ស្កាត់ ការរីករាលឆ្លងនៃជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា នៅពេលប្រទេសជួបនឹងបញ្ហាវិបត្តិសកលបែបនេះ វាជាស្ថានភាពបន្ទាន់ភ្លាមៗដើម្បីទប់ស្កាត់។ សម្តេចថា បើកុំតែរាជរដ្ឋាភិបាល រហ័សគិតគូរបានទាន់ពេលវេលាទេនោះ មិនដឹងថា ជំងឺបណ្តាលឱ្យមានមនុស្សឆ្លង និងស្លាប់ មានចំនួនទំហំប៉ុណ្ណានោះឡើយ។

ទន្ទឹមនោះ សម្តេចតេជោ បានថ្លែងបញ្ជាក់ថា ជាការស្រោចស្រង់ ជាការសង្គ្រោះអាយុជីវិតមនុស្សជាធំ ទើបភ្លាមៗទាន់សភាពការណ៍បន្ទាន់មួយនេះ គឺរាជរដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវចាយលុយដែលបានសន្សំទុកនោះ ទៅស្វះស្វែងរកទិញថ្នាំវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ បានទាន់ពេលវេលា ដោយឥតថ្លៃ ដែលខុសពីបណ្តាប្រទេសមួយចំនួនបានទារយកថ្លៃសេវាទាំងថ្នាំវ៉ាក់ និងទារយកថ្លៃព្យាបាលជំងឺផងដែរ ប៉ុន្តែនៅកម្ពុជា វិញគឺមិនមានការយកកម្រៃ ថ្លៃថ្នាំ និងថ្លៃព្យាបាលពីប្រជាពលរដ្ឋនោះទេ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។