ព័ត៌មានជាតិ

ក្រសួងកសិកម្ម ជំរុញខ្សែច្រវាក់តម្លៃផលិតកម្មសាកវប្បកម្មឲ្យបានសមស្របតាមស្ដង់ដារនៃការអនុវត្តកសិកម្មល្អកម្ពុជា(CamGAP)

កាលពីថ្ងៃទី១៤ ខែតុលា កន្លងមក អគ្គនាយដ្ឋានកសិកម្មបានចុះអនុស្សរណ:នៃការយោគយល់គ្នាជាមួយក្រុមហ៊ុន ត្រូភីខេម ហ្រ្វូតអេន វេជីថេប៊ល ឯ.ក ដែលមានលោកឧកញ៉ា ហ៊ុន ឡាក់ ជាអគ្គនាយកដើម្បីធ្វើការអភិវឌ្ឍមជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ បង្កើតភាពជាដៃគូក្នុងទិសដៅចំបងគឺជំរុញខ្សែច្រវាក់តម្លៃផលិតកម្មសាកវប្បកម្មឲ្យបានសមស្របតាមស្តង់ដារនៃការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) ដែលមានស្រាប់ និងជាពិសេសកៀរគរវិស័យឯកជនឲ្យចូលរួមកាន់តែសកម្មទ្វេឡើងដើម្បីជំរុញ និងលើកកម្ពស់ផលិតភាពផលិតកម្ម ធានាបានទាំងបរិមាណ គុណភាព សុវត្ថិភាព និងសុខភាពសាធារណ ហើយទាំងអស់គឺដើម្បីចូលរួមអនុវត្តតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ឲ្យបានពេញលេញ។ ក្នុងខណ:នោះ ក៏មានការចុះកិច្ច សន្យារវាងក្រុមហ៊ុន ត្រូភីខេម ហ្រ្វូតអេន វេជីថេប៊ល ឯ.ក ជាមួយតំណាងក្រុមហ៊ុន តំណាងសមាគម សណ្ឋាគារកម្ពុជា សមាគមចុងភៅកម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជា កម្មវិធីអនឡាញ សហព័ន្ធទេសចរណ៍កម្ពុជា ក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ។ កិច្ចសន្យានេះមានឆន្ទ:រួម មួយគឺជំរុញ និងលើកទឹកចិត្តឲ្យអ្នកបរិភោគ ងាកមកប្រើប្រាស់បន្លែសុវត្ថិភាព ដើម្បីសុខភាព និងជាពិសេសជួយលើកតម្កើងផលិតផលក្នុងស្រុក បង្កើតការងារនៅមូលដ្ឋាន បង្កើនប្រាក់ចំណូលដល់អ្នកផលិត និងកាត់បន្ថយការនាំចូល។

 

ថ្មីៗនេះមានព័ត៌មានស្តីពីតម្លៃបន្លែចុះថោក និងពុំមានទីផ្សារដែលបានផ្សព្វផ្សាយតាមរយៈបណ្តាញសារព័ត៌មានសង្គមដូចជា៖

១. សារព័ត៌មានវីអូឌីខ្មែរ (VOD-Khmer) បានចុះផ្សាយកាលពីថ្ងៃទី១១ ខែធ្នូ ថា៖ «ប្រជាកសិករមួយចំនួននៅស្រុកស្អាង ខេត្តកណ្តាល ត្អូញត្អែរថាបន្លែរបស់ពួកគាត់ប្រឈមនឹងការឈូសចោលក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ បើសិននៅតែពុំមានទីផ្សារសម្រាប់លក់ ស្របពេលដែលកម្ពុជាកំពុងជួបបញ្ហាជំងឺកូវីដ-១៩ និងការនាំចូលបន្លែពីប្រទេសជិតខាងច្រើន»។

២. គណនីហ្វេសប៊ុកផេករបស់សារព័ត៌មាន i-111.com បង្ហោះនាថ្ងៃទី១១ ខែធ្នូ ថា៖ សាឡាត់ ៣០តោន គ្រោងនឹងភ្ជួរចោលនៅ ៥ថ្ងៃទៀត ម្ចាស់ប្រកាសឱ្យទៅកាត់យកហូប ឬយកទៅលក់ដោយឥតគិតលុយ ព្រោះតែ…

 

ឆ្លើយតបបញ្ហានេះ កាលពីថ្ងៃទី១៨ ខែធ្នូ ក្រុមហ៊ុនត្រូភីខេម ហ្រ្វូតអេន វេជីថេប៊ល ឯ.ក បានចាត់ឲ្យក្រុមការងារចុះទៅជួបជាមួយកសិករនៅគោលដៅទាំពីរខាងលើ។ ក្រុមការងារបានជួបប្រជុំពិភាក្សាអំពីគ្រប់លក្ខខណ្ឌសំខាន់ៗដែលក្រុមហ៊ុន និងក្រុមផលិតបន្លែអាចធ្វើកិច្ចសហការជា មួយគ្នាបាននៅថ្ងៃខាងមុខ។ ជំនួបពិភាក្សានេះ ទទួលបានលទ្ធផលដូចខាងក្រោម៖

១- អន្តរកាលនេះក្រុមហ៊ុនបានឯកភាពប្រមូលទិញយកបន្លែគ្រប់ប្រភេទរបស់កសិករទាំងអស់

២- ក្រុមហ៊ុនបានធ្វើកិច្ចសន្យាប្រមូលទិញបន្លែទាំងអស់ ព្រមទាំងលើកបានលើកទឹកចិត្ត និងណែនាំឲ្យកសិករទាំងអស់គួរបង្កើតបណ្តុំអ្នកផលិតបន្លែ ដើម្បីងាយស្រួលទទួលបានការបណ្តុះ បណ្តាលបច្ចេកទេស ស្តង់ដារផលិត ការផ្សព្វផ្សាយ ការធ្វើផែនការផលិតកម្ម ការទទួលបានធាតុចូលកសិកម្មក្នុងតម្លៃសមស្រប ទទួលបានព័ត៌មានទីផ្សារ និងការប្រកួតប្រជែង។

៣- ក្រុមហ៊ុនសំណូមពរឲ្យកសិករគួរផលិតបន្លែសុវត្ថិភាពតាមស្តង់ដារស្តីអំពី “ការអនុវត្តកសិកម្មល្អ (GAP)” ហើយត្រូវមានទំនាក់ទំនងល្អជាមួយក្រុមហ៊ុន ដើម្បីរួមគ្នាដោះស្រាយនូវរាល់បញ្ហាដែលអាចកើតមានជាយថាហេតុឲ្យបានទាន់ពេល និងមានប្រសិទ្ធភាព។

៤- លោក តៃ សុង តំណាងឲ្យកសិករចូលរួមប្រជុំទាំងអស់បានសម្តែងនូវអំណរសាទរ សប្បាយ រីករាយជាអនេក និងបានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានជួយទិញបន្លែ និងចុះកិច្ចសន្យាទិញបន្លែពីក្រុមកសិករ លោកបានសន្យាថានឹងជួយផ្សព្វផ្សាយដល់កសិករជិតឆ្ងាយឲ្យចូលរួមបង្កើតបណ្តុំអ្នកផលិតបន្លែតាមការណែនាំរបស់ក្រុមហ៊ុន។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។