ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យសកម្មភាពកាយថ្មចេញពីទន្លេ នៅឃុំឫស្សីស្រុក​ ស្រុកស្រីសន្ធរ ខណៈបច្ចុប្បន្ននេះបានសម្រេចបាន៧០%ហេីយ!

(កំពង់ចាម) ៖ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃសៅរ៍ថ្ងៃទី ២ខែមីនា ឆ្នាំ ២០២៤នេះ បានដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យដោយផ្ទាល់ នូវវឌ្ឍនភាពនៃការកាយយកថ្មចេញពីទន្លេ ស្ថិតនៅចំណុចដីកើតហេតុ ក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ម្ចាស់ដីដែលចាក់ថ្មរំលោភយកទន្លេ ស្ថិតនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ បច្ចុប្បន្នបាន និងកំពុងអនុវត្តនូវវិធានការរបស់រដ្ឋបាលខេត្ត ដោយធ្វើការកាយយកថ្មចេញពីផ្ទៃទន្លេ បានលទ្ធផល ៧០% ហើយបច្ចុម្ចាស់ដីកំពុងបន្តការយកថ្មចេញឲ្យបានរួចរាល់ ១០០% នៅក្នុងរយៈពេល ១០ថ្ងៃទៀត។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ជាមួយនឹងការចុះពិនិត្យដោយផ្ទាល់នេះ លោកបានណែនាំដល់មន្ត្រីនៃមន្ទីរធនធានទឹក សហការការងារជាមួយនឹងក្រុមការងារប្រមូលថ្មចេញ ដោយត្រូវដាក់ពូងកំណត់ព្រំប្រទល់ និងការកំណត់ជម្រៅទឹក និងឈានដល់ការតាមដានអង្កេត និងការចូលរួមសហការពេលក្រុមជំនាញពាក់ព័ន្ធ មានទាំងខាងមន្ត្រីមន្ទីរធនធានទឹក និងមន្ត្រីមន្ទីរសាធារណការ ក៏ដូចជាមន្ទីរបរិស្ថានជាដើម ដើម្បីធ្វើកិច្ចការនេះឲ្យប្រាកដថា ថ្មត្រូវបានយកចេញអស់ពីទឹកទន្លេនោះ ។
ឯកឧត្តមអភិបាលខេត្ត បានយកឱកាសនោះ សូមបញ្ជាក់ជូនសាធារណៈជនដែលបានតែងតែគាំទ្រ នូវចំណាត់ការរបស់រដ្ឋបាលខេត្តកំពង់ចាម និងបានផ្ដល់នូវយោបល់មករដ្ឋបាលខេត្ត អញ្ចឹងអ្វីដែលយើងបានឃើញនៅទីនេះ គឺអាជ្ញាធរខេត្តបានរួមគ្នាដោះស្រាយ ធ្វើយ៉ាងណាឱ្យភូមិ ឃុំ ស្រុក ខេត្តរបស់យើងនេះ ទទួលបាននូវការរស់នៅ ប្រកបដោយសុខដុមរមនា ដោយមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ជាផ្នែកមួយដែលនាំមកនូវការអភិវឌ្ឍន៍ និងការរីកចម្រើនដល់ប្រជាពលរដ្ឋរបស់យើង ៕

default
default

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។