ព័ត៌មានជាតិ

នាវា​ទេសចរណ៍ខ្នាតយក្ស១គ្រឿងផ្ទុកអ្នកដំណើរ និងនាវិក​​ជិត១ពាន់​នាក់ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ!

(ព្រះ​សីហ​នុ) ៖ នាវា​ទេសចរណ៍​ខ្នាត​ធំ​១​គ្រឿង​ទៀត មានឈ្មោះ SEABOURN ENCORE សញ្ជាតិ Bahamas មាន​បណ្ដោយ​ប្រវែង​២១០​ម៉ែត្រ ទទឹង​២៨​ម៉ែត្រ និង​ជម្រៅ​ទឹក​៦,៧០​ម៉ែត្រ ផ្ទុក​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ចំនួន​៤២៩​នាក់ និង​នាវិក​៤៣០​នាក់​បាន​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត ក្រុងព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៣​នេះ ដើម្បី​ដាក់​ភ្ញៀវ​ទេសចរ​ចុះ​ទស្សនកិច្ច​ពី​តំបន់​មាន​សក្តានុពល​ធំ​ៗ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​។​នេះ​បើ​យោង​តាម​ក្រសួងទេសចរណ៍​បាន​ផ្សាយ​មុន​នេះ​។

មន្ត្រី​នគរបាល​អន្តោ​ប្រវេ​សន្ត​ច្រក​ទ្វារ​កំពង់​ផែ​ក្រុងព្រះសីហនុ បានឱ្យ​ដឹង​ថា នាវា​ទេសចរណ៍​ខ្នាត​យក្ស​នេះ​បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ពេល​ធ្វើ​ទេសចរណ៍​នៅ​តាម​តំបន់​រមណីយដ្ឋាន និង​ទីប្រជុំជន​សំខាន់​ៗ​ក្នុង​ខេត្ត​មុន​ចាកចេញ​ទៅ​ប្រទេស​វៀតណាម​នៅ​យប់​ថ្ងៃ​ដដែល​នេះ​។

នៅ​លើក​នាវា​ខ្នាត​យក្ស​នេះ​ភ្ញៀវ​ទេសចរ មាន​សញ្ជាតិ​ច្រើន​ជាងគេ គឺ​ជនជាតិ​អា​មេ​រិ​ក​ចំនួន​២៥០​នាក់​, អង់គ្លេស​ចំនួន ៥០​នាក់ និង​អូស្ត្រាលី​ចំនួន ៥៤​នាក់​។

គួរ​បញ្ជាក់​ថា នាវា​ទេសចរណ៍​ខ្នាត​យក្ស​ចូល​ចត​កំពង់​ផែ​ស្វយ័ត ក្រុងព្រះសីហនុ ជា​លើក​ទី​៣ ហើយ​ដឹក​ភ្ញៀវ​ទេសចរ​ចម្រុះ ជាតិ​សាសន៍​មក​ទស្សនា​ប្រទេស​កម្ពុជា ក្រោយ​ខកខាន​មួយ​រយៈ​ដោយសារ​ការ​រាំងស្ទះ​ពី​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ កន្លង​មក​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។