ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុង ពិធីបើកវេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍បច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ នៃវេទិការដ្ឋាភិបាលឌីជីថល

រាជធានីភ្នំពេញ ព្រឹកថ្ងៃច័ន្ទ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែ មីនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុង ពិធីបើកវេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍បច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ នៃវេទិការដ្ឋាភិបាលឌីជីថល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៌កោះពេជ្រ។

គួរបញ្ជាក់ថា “ការជំរុញបង្កើតរដ្ឋាភិបាលឌីជីថល គឺជាការប្រើប្រាស់មធ្យោបាយអេឡិកត្រូនិក ដើម្បីគ្រប់គ្រងប្រព័ន្ធការងារ និងមូលដ្ឋាននៃការផ្តល់សេវាអោយមានតម្លាភាព មានភាពងាយស្រួល លឿន និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយប្រជាពលរដ្ឋនិងអាជីវកម្មកាន់តែប្រសើរ ព្រមទាំងបង្កើនប្រសិទ្ធ ភាពការងាររាជរដ្ឋាភិបាល តាមរយៈការបង្កើតនិងប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលរួម វេទិកាឌីជីថលរួម សេវាកម្មឌីជីថលរួម ដោយឈរលើយន្តការ “បង្កើតម្តងប្រើបានគ្រប់កន្លែង” និងកម្មវិធីពង្រឹងសមត្ថភាពដល់គ្រប់ភាគីពាក់ព័ន្ធ”។

ការកសាងរដ្ឋាភិបាលឌីជីថលជាការងារមួយដ៏ធំដែលត្រូវមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់តាមរយៈការធ្វើគោលនយោបាយ យុទ្ធសាស្ត្រ ការកសាងច្បាប់លិខិតបទដ្ឋានគតិយុត្តិ ការរៀបចំស្ថាប័នគ្រប់គ្រង ការរៀបចំយុទ្ធសាស្ត្រហិរញ្ញវត្ថុ ការធ្វើផែនការតាមដំណាក់កាល ការអនុវត្តប្រព័ន្ធការងារកុំព្យូទ័រ និងការផ្តល់សេវាសាធារណៈដល់ប្រជាជន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។