ព័ត៌មានជាតិ

ជំនួបសម្តែងការគួសម​ និងការចុះហត្ថលេខាលេីលិខិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការលើគម្រោង K-City Network

(សៀមរាប) ៖ ថ្ងៃទី១៥​ ខែមីនា​ ឆ្នាំ២០២៤​ នៅបន្ទប់លេខ២​ សាលាខេត្តបានរៀបចំជួបសម្តែងការគួរសម​ និងចុះហត្ថលេខាលេីលិខិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការ លើគម្រោង K-City Network រវាងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា​ ដឹកនាំដោយឯកត្តម​ ប្រាក់​ សោភ័ណ​ អភិបាលនៃគណៈអភិបាលខេត្ត​ និងក្រុមហ៊ុន BFLABS Inc., VERYWORDS Inc., GreeGo Inc. នៃសាធារណរដ្ឋកូរ៉េ​ ដឹកនាំដោយលោក Kim Jih Yuk​ នាយកក្រុមហ៊ុនBFLABS​ ព្រមទាំងមានការចូលរួមពីលោក​ យុន​ លីនណេ​ អភិបាលរងខេត្ត​ នាយករងរដ្ឋបាល​ និងទីចាត់ការពាក់ព័ន្ធផងដែរ។

លោក Kim Jih Yuk​ នាយកក្រុមហ៊ុនBFLABS​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម​ អភិបាលខេត្តដែលឆ្លៀតឱកាសដ៏មានតម្លៃអញ្ជេីញជួបសម្តែងការគួរសមនាពេលនេះ។ លោក​ នាយកក្រុមហ៊ុនបានបន្តថា​គោលបំណងជួបនាពេលនេះ​ ដើម្បីពិភាក្សាក្នុងការអនុវត្តសាកល្បងគម្រោងសេវាកម្ម ទោចក្រយានយន្តអគ្គិសនី ដែលប្រើប្រាស់បច្ចេកវិទ្យាផ្លាស់ប្តូរអាគុយ ដោយមានការគាំទ្រពីក្រសួងដែនដី ហេដ្ឋារចនា សម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ។​ គម្រោងនេះ​ ក៏បានអនុវត្តនៅខេត្តស្វយ័តពិសេស Jeju នៃសាធារណរដ្ឋកូរ៉េ​ ជាតំបន់ទេសចរណ៍ដែលមានសក្តានុពលដូចជាខេត្តសៀមរាបផងដែរ។

ឯកឧត្តម​ អភិបាលខេត្ត​ ក៏បានថ្លែងអំណរគុណដល់ប្រតិភូដែលឆ្លៀតពេលដ៏មានតម្លៃដេីម្បីចូលរួមជួបសម្តែងកាតគួរសម ដេីម្បីពិភាក្សាការងារ​អំពីសាកល្បងគម្រោងសេវាកម្ម ទោចក្រយានយន្តអគ្គិសនីនេះ។ ឯកឧត្តម​ ក៏បានឯកភាពគ្នាបង្កើតនូវលិខិតផ្តួចផ្តើមមួយ ក្នុងគោលបំណងដើម្បីអនុវត្តសាកល្បងគម្រោងសេវាកម្ម ទោចក្រយានយន្តអគ្គិសនីនៅខេត្តសៀមរាប​ ដេីម្បីកាត់បន្ថយនូវការបំពុលបរិស្ថាន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។