ព័ត៌មានជាតិ

រុឺម៉កកង់៣ដឹកឥវ៉ាន់ បត់បញ្ច្រាសទិស បុកជាមួយម៉ូតូហុងដា រងបួសធ្ងន់ពីរនាក់ នៅផ្លូវ៥០ម៉ែត្រ ស្តុបឬស្សីសាញ់!

(ភ្នំពេញ) ៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូឌ្រីមសង់បុកម៉ូតូសណ្ដោងរ៉ឺម៉ក ដែលកំពុងបត់ត្រឡប់ក្រោយបណ្ដាលបុរសពីរនាក់ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករឺម៉កក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលវេលាម៉ោង ៧និង៣០ព្រឹកថ្ងៃទី២៤ខែមីនាឆ្នាំ២០២៤ ស្ថិតនៅចំណុចស្តុបវត្តឬស្សីសាញ់ តាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរគ្រោះទី១ ឈ្មោះ ស្រៀង ភារក្ស អាយុ ២៣ឆ្នាំ ភេទ ប្រុស។ ទី២ ឈ្មោះ ស្រៀង ភារុត អាយុ១៨ ឆ្នាំ ភេទប្រុស។

តាមប្រភពព័ត៌មានពីអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉កបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានបើកម៉ូតូសណ្ដោងរ៉ឺម៉កខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងព្រៃសទិសដៅពីលិចមកកើត ខណៈមកដល់ត្រង់ចំណុចស្តុប បានបត់ឆ្លងផ្លូវទៅអែបចិញ្ចើមផ្លូវខាងស្ដាំ រួចក៏បត់ត្រឡប់ក្រោយបញ្រ្ចាសផ្លូវវិញ ស្របពេលមានម៉ូតូម៉ាកឌ្រីមសង់ ជិះគ្នាពីរនាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ទៅដៅពីត្បូងមកជើងក៏ជ្រុលបុកម៉ូតូសណ្ដោងរ៉ឺម៉កយ៉ាងពេញទំហឹង បណ្ដាលឲ្យក្រឡាប់ផ្ងារជើង ចំណែកឯភាគីខាងម៉ូតូរងរបួសធ្ងន់ពីរនាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ រីឯម៉ូតូរួញផ្នែកខាងមុខខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុជួយសម្រួលចរាចរណ៍ សហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌដង្កោ ធ្វើការវាស់វែងរួចក៏យកម៉ូតូនិងម៉ូតូសណ្ដោងរឺម៉ក ទៅរក្សាទុកដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។