ព័ត៌មានជាតិ

លោកស្រី អភិបាលរងខេត្ត អញ្ជើញចូលរួមអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ « យុវជន ដើម្បីវប្បធម៌ជាតិ »

(កំពង់ចាម) ៖ នាព្រឹកទី២៦ ខែមីនា ឆ្នាំ២០២៤ លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ « យុវជន ដើម្បីវប្បធម៌ជាតិ » ធ្វើនៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ។
លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត បានលើកឡើងថា “យុវជនគួរតែរួមគ្នាថែរក្សាវប្បធម៌និងប្រពៃណីជាតិយើងអោយបានគង់វង្ស ” ទិវាវប្បធម៌ជាតិ ជាទិវាមួយដ៏មានសារៈសំខាន់របស់ប្រជាជាតិកម្ពុជាយើង ដើម្បីរំលឹកដល់គុណូបការៈ បុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត បញ្ញា ស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា ការពារសម្បត្តិវប្បធម៌ដ៏សំបូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកដល់កូនចៅជំនាន់ ក្រោយ។ ទន្ទឹមនឹងនេះដែរទិវាវប្បធម៌ជាតិ ក៏ជាឱកាសមួយដែលមានតម្លៃបំផុត ដើម្បីចូលរួមបំផុសនូវ មនសិការស្រលាញ់សិល្បៈវប្បធម៌ ទំនៀមទម្លាប់ប្រពៃណី និងកេរដំណែលដូនតា ដែលជាដួង ព្រលឹង និងអត្តសញ្ញាណជាតិ សម្រាប់ប្រជាជនខ្មែរគ្រប់រូប ក្នុងគោលបំណងធានាឲ្យបាននូវការអភិរក្ស និង អភិវឌ្ឍន៍វប្បធម៌ប្រកបដោយចីរភាព និងបរិយាបន្ន ស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ និង កម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ លោកស្រី បានបន្ថែមទៀតថា ក្នុងទិដ្ឋភាពប្រវត្តិសាស្ត្រ អតីតយុវជនកម្ពុជា បានយកជីវិតធ្វើ ជាដើមទុន ដើម្បីតស៊ូរំដោះជាតិពីរបបខ្មែរក្រហម បានបង្រួបបង្រួមជាតិ បានបន្តរក្សាសន្តិភាព និងស្ថេរភាពនយោបាយ បានប្រឹងប្រែងស្តារ និងអភិវឌ្ឍជាតិឡើងវិញ ព្រមទាំងបាននាំមកនូវសមិទ្ធផលធំៗជូនជាតិលើ គ្រប់វិស័យ សមិទ្ធផលនៃការអភិរក្សវប្បធម៌ជាតិក្នុងរយៈពេលជាង៤០ឆ្នាំកន្លងទៅនេះ អាចចាត់ទុកថាទទួលបានជោគជ័យច្រើនគួរកត់សម្គាល់ រីឯបញ្ហាប្រឈមដែលនៅសេសសល់ ក៏ស្ថិតនៅក្នុងកម្រិតមួយដែលអាច គ្រប់គ្រង និងដោះស្រាយបានទៅតាមដំណាក់កាលនីមួយៗ ជាបន្តបន្ទាប់ និងបានទទួលភារកិច្ចដ៏ឧត្តុង្គ ឧត្តមដឹកនាំកិច្ចប្រជុំធំៗជាច្រើននៅក្នុងប្រទេស ពិសេសកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ប្រកបដោយជោគជ័យគួរជាទីមោទនៈរបស់ប្រជាជាតិកម្ពុជា។ មិនតែប៉ុណ្ណោះថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាសេនាធិការ បានខិតខំប្រឹងប្រែងរហូតសម្រេចបាននូវការចុះក្បាច់ គុនល្បុកត្តោ ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ និងរមណីយដ្ឋានប្រាសាទ កោះកេរ្តិ៍ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូផងដែរ។
លោកស្រី បានផ្តាំផ្ញើដល់យុវជនទាំងអស់ គួរតែរួមគ្នាថែរក្សាវប្បធម៌ និងប្រពៃណីជាតិយើងអោយបានគង់វង្សដើម្បីជាការរំលឹកគុណូបការៈរបស់បុព្វបុរសខ្មែរយើងគ្រប់ជំនាន់ និងសូមឱ្យទិវានេះស្ថិតនៅជាអមតៈក្នុងដួងចិត្តប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប សូមឱ្យ មនសិការស្នេហាជាតិ និងស្មារតីស្រឡាញ់សិល្បៈវប្បធម៌ជាតិ ស្ថិតនៅជានិច្ចកាល និងរីកដុះដាលក្នុងស្មារតី និងសកម្មភាពរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ជាពិសេសក្នុងចំណោមយុវជនរបស់យើង ដើម្បីបន្តវេនទទួលខុស ត្រូវថែរក្សាការពារសម្បត្តិវប្បធម៌ជាតិទាំងនេះឱ្យបានគង់វង្សឋិតថេរ ផងដែរ។

,

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។