ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំពិភាក្សាលើគម្រោង “Public-Social-Private Partnership for Ecologically-Sound Agriculture and Resilient Livelihoods in Northern Tonle Sap Basin (PEARL)”

(ភ្នំពេញ) ៖នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមប្រជុំពិភាក្សាលើគម្រោង “Public-Social-Private Partnership for Ecologically-Sound Agriculture and Resilient Livelihoods in Northern Tonle Sap Basin (PEARL)” នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បន្ទាប់ពីបានទទួលស្តាប់ការធ្វើបទបង្ហាញអំពីគម្រោង ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យគម្រោងផ្តោតយកចិត្តទុកដាក់លើផលិតផលសុវត្ថិភាព (GAP) និងទំនិញបញ្ជាក់ភូមិសាស្ត្រ (GI) ជាពិសេសដំណាំស្វាយចន្ទី ស្រូវ ស្វាយ និងបន្លែ។ សម្រាប់ការអនុវត្ត ឯកឧត្តមរដ្ឋមន្ដ្រីបានផ្ដល់អនុសាសន៍ធ្វើឱ្យអស់សក្តានុពលនៃផលិតកម្មកសិកម្ម ដើម្បីធានាថា កសិករមានការងារពេញមួយឆ្នាំ មានប្រសិទ្ធភាពសេដ្ឋកិច្ច និរន្តរភាព និងគិតគូដល់បរិស្ថាន។ លើសពីនេះទៀត ត្រូវបណ្តុះបណ្តាលធនធានមនុស្សឱ្យមានសមត្ថភាព ជំនាញពិតប្រាកដ អនុវត្តសកម្មភាពគម្រោងតាមផែនការ និងប្រើប្រាស់ថវិកាឱ្យចំគោលដៅ ដើម្បីសម្រេចជោគជ័យតាមការរំពឹងទុក។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី គម្រោងត្រូវមានយុទ្ធសាស្ត្រផលិតកម្មច្បាស់លាស់ ហើយត្រូវប្រាកដថា នោពេលគម្រោងបិទបញ្ចប់នៅឆ្នាំ២០២៩ខាងមុខ សហគមន៍កសិកម្ម (AC) នៅតែអាចបន្តសកម្មភាពនិងភាពរីកចម្រើនទៅមុខបានដោយខ្លួនឯង។ ជាមួយគ្នានេះដែរ ឯកឧត្តម ស្នើឱ្យមានការបង្កើតការិយាល័យប្រចាំខេត្តគោលដៅទាំង ៤ ដើម្បីធានាប្រសិទ្ធភាព និងអន្តរាគមន៍ការងារបានឆាប់រហ័សទាន់ពេលវេលា។ ដើម្បីសម្រេចការងារនេះ ក្រសួងនឹងចូលរួមគាំទ្រការអនុវត្តគម្រោងតាមរយៈការពង្រឹងវិស័យឯកជននិងទីផ្សារ ការផ្សព្វផ្សាយនិងកសាងទំនុកចិត្ត ព្រមទាំងបច្ចេកទេសផងដែរ។

សូមជម្រាបជូនថា គម្រោង PEARL គឺមានគោលដៅលើកកម្ពស់ភាពធន់នឹងបម្រែបម្រួលអាកាសធាតុចំពោះកសិករខ្នាតតូច និងសហគមន៍មូលដ្ឋានដើម្បីទទួលបានប្រយោជន៍ តាមរយៈការបង្កើនលទ្ធភាពទទួលបានចំណែកទីផ្សារនៃការផ្លាស់ប្តូរការអនុវត្ត ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសប្រសិទ្ធភាពនៃការអនុវត្តភាពជាដៃគូរដ្ឋ សង្គម ឯកជន លើផលិតកម្មកសិកម្ម។

គម្រោងនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០២៣ ដល់ ២០២៩ ក្នុងខេត្តគោលដៅចំនួន ៤ គឺសៀមរាប ព្រះវិហារ កំពង់ធំ និងឧត្តរមានជ័យ ហើយមានដៃគូសហការគាំទ្រដូចជាក្រសួងកសិកម្ម ក្រសួងបរិស្ថាន ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងពាណិជ្ជកម្ម ក្រសួងកិច្ចការនារី និងធនាគារអភិវឌ្ឍជនបទនិងកសិកម្ម (ARDB)៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។