ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម បើកយុទ្ធនាការការជិះកង់ ក្នុងភូមិសាស្ត្រខេត្ត ដើម្បីប្រមូលថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា

(កំពង់ចាម) ៖ នាព្រឹកថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ចាម ក្រោមការផ្តួចផ្តើមដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានបើក និងដំណើរការ យុទ្ធនាការជិះកង់រៃអង្គាសថវិកាសម្រាប់ជួយទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ក្នុង ភូមិសាស្ត្រខេត្តកំពង់ចាម ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា ការរៀបចំយុទ្ធនាការនេះ គឺស្របតាមគោលការណ៍ណែនាំ ជាពិសេស ពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំឲ្យក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិបង្កើតគណៈកម្មការ ទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមក្នុងការគៀងគរ ថវិកាយកទៅផ្គត់ផ្គង់ដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការធ្វើសកម្មភាពជួយសង្គ្រោះដល់ស្រ្តី និងកុមារទាំងឡាយដែលមានបញ្ហាសុខភាព និងទទួលបាន ការពិនិត្យព្យាបាលដោយឥតគិតថ្លៃ នៅតាមបណ្ដាមន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យសប្បុរសជនមួយដ៏មានប្រជាប្រិយភាព ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។