ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាបប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ) ជូនដល់ប្រជាពលរដ្ឋចំនួន​ ៤ភូមិដែលស្ថិតនៅក្នុងសង្កាត់ក្របីរៀល​ ក្រុងសៀមរាប

(សៀមរាប) ៖ ប្រជាពលរដ្ឋដែលមានក្បាលដីស្ថិតនៅក្នុងភូមិ រកា ភូមិគោកដូង ភូមិប្រម៉ា និងភូមិខ្នារ សង្កាត់ក្របីរៀល ក្រុងសៀមរាបខេត្តសៀមរាបចំនួន​ ៣៤២៦ក្បាលដី​ ត្រូវបានអាជ្ញាធរខេត្តសៀមរាបធ្វើការប្រគល់ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ)ដែលចេញដោយមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ដើម្បីធ្វើការកាន់កាប់អាស្រ័យផល និងបន្តមរតកទៅកូនចៅជំនាន់ក្រោយៗនាព្រឹកថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០២៤ នៅបរិវេណវត្តព្រៃផ្តៅ ក្នុងភូមិក្រសាំងសង្កាត់ក្របីរៀល។ ពិធីប្រគល់ប័ណ្ណកម្មសិទ្ធនោះដែរបានប្រារព្ធឡើងក្រោមវត្តមានចូលរួមរបស់លោក សំកុល សុចិត្រា អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ ណៃគណៈអភិបាលខេត្តសៀមរាប និងលោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តសៀមរាប អស់លោក លោកស្រីតំណាងមន្ទីរអង្គភាពនានាជុំវិញខេត្ត តំណាងធនាគារ និងអង្គភាពហិរញ្ញវត្ថុ អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋជាច្រើនចូលរួមផងដែរ។

លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តសៀមរាប​ បានមាននិយាយថា ក្នុងអំឡុងនៃការចុះធ្វើប័ណ្ណជូនបងប្អូន គឺមន្រ្តីជំនាញបានធ្វើការងារដោយប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ ហ្មត់ចត់បំផុត ក្នុងការធ្វើបណ្ណកម្មសិទ្ធិ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិនីមួយៗ រហូតសម្រេចបានផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុជូនប្រជាពលរដ្ឋឱ្យប្រើប្រាស់ដោយស្របច្បាប់ និងមានសិទ្ធិជាអចិន្ត្រៃយ៍រហូត។ លោក ប៊ូ ជុំសម្បត្តិ បានបញ្ជាក់ថាការប្រគល់ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ)ជូនដល់បងប្អូន ប្រជាពលរដ្ឋដែលមានក្បាលដីនៅក្នុងសង្កាត់ក្របីរៀលនាពេលនេះគឺមានចំនួន​ ៤ភូមិ គឺមានដូចជា ៖ ១/ភូមិរកា មានក្បាលដីសរុប​១.០៧៥​ ដែលក្នុងនោះក្បាលដីចំនួន៨៩១ អាចចេញប័ណ្ណកម្មសិទ្ធជូនបាន ២/ ភូមិគោកដូង មានក្បាលដីសរុប១.១៣៧​ ដែលក្នុងនោះក្បាលដីចំនួន៩០១ អាចចេញប័ណ្ណកម្មសិទ្ធជូនបាន ៣/ ភូមិប្រម៉ា មានក្បាលដីសរុប១.២៤៣​ ដែលក្នុងនោះក្បាលដីចំនួន៦៥៦ អាចចេញប័ណ្ណកម្មសិទ្ធជូនបាន និងទី៤/ភូមិខ្នារមានក្បាលដីសរុប១.១១២​ ដែលក្នុងនោះក្បាលដីចំនួន៩៧៨ អាចចេញប័ណ្ណកម្មសិទ្ធជូនបានផងដែរ។ លោកក៏បានបញ្ជាក់បន្ថែមទៀតថាចំពោះក្បាលដីដែលធ្វើការប្រគល់ប័ណ្ណកម្មសិទ្ធជូននៅពេលនេះគឺចំពោះតែក្បាលដីណា ដែលមិនមានទំនាស់តវ៉ា ជាប់ពាក់ព័ន្ធនឹងបុរាណដ្ឋាន ឬតំបន់រក្សា ការពារដែលគ្រប់គ្រងដោយមន្ទីរធនធានទឹក និងឧតុនិយម ហើយចំពោះក្បាលដីជាប់ព័ន្ធនឹងទំនាស់តវ៉ាផ្សេងៗ គណៈកម្មការរដ្ឋបាល នឹងបន្តពិនិត្យនិងដោះស្រាយតាមនីតិវិធីជាបន្តបន្ទាប់ដើម្បីឈានទៅដល់ការចេញប័ណ្ណ ជូនម្ចាស់ដីជាបន្តទៀត។

លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាបបានថ្លែងថា ការចុះវាស់វែងដីធ្លីឈានដល់ការផ្តល់ប័ណ្ណកម្មសិទ្ធិ គឺជាកម្មវិធីនយោបាយមួយរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រជាពលរស់នៅយ៉ាងសុខសាន្ត មានលំនឹងផ្លូវចិត្ត ជំរុញដល់សេដ្ឋកិច្ចគ្រួសារ សង្គម និងកាត់បន្ថយភាពក្រីក្រ និងបញ្ហាវិវាទដីធ្លីជាដើម។ លោក សំកុល សុចិត្រា បន្តថាការផ្តល់ប័ណ្ណកម្មសិទ្ធិនេះនឹងបញ្ចៀសបាននូវបញ្ហាជម្លោះដីធ្លី ហើយចំពោះប័ណ្ណកម្មសិទ្ធិនេះគឺបានផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋណាដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្ត ជាធរមាន ទើបអាចធ្វើបណ្ណកម្មសិទ្ធិនេះបាន ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ ជាក់ស្តែង មិនមានការភ័យខ្លាច។​ លោកអភិបាលរងខេត្តសៀមរាបក៍បានមានប្រសាសន៍ក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋដែលទើបតែទទួលបានប័ណ្ណកម្មសិទ្ធិទាំងអស់ ត្រូវយកប័ណ្ណកម្មសិទ្ធិនេះរក្សាទុក និងប្រើប្រាស់ឱ្យបានត្រឹមត្រូវ ជៀសវាងការបាត់បង់។ ម្យ៉ាងវិញទៀត ពេលដែលទទួលបានប័ណ្ណកម្មសិទ្ធិហើយនោះ កុំមានការឈ្លោះទាស់ទែងគ្នាអំពីបញ្ហាព្រំដី ព្រោះម្នាក់ៗសុទ្ធតែបានផ្តិតមេដៃយល់ព្រមទទួលយកទាំងអស់គ្នារួចរាល់ហើយ។ ចំពោះសំណុំរឿងដែលវិវាទលើបញ្ហាដីធ្លី ដែលមានប័ណ្ណកម្មសិទ្ធិនេះ មិនអាចដោះស្រាយបានទេ ទាល់តែស្ថាប័នច្បាប់ គឺតុលាកា រទើបអាចដោះស្រាយបាន។ លោក សំកុល សុចិត្រា ក៍បានថ្លែងជំរុញដល់អាជ្ញាធរមូលដ្ឋានជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមកទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះឲ្យបានគ្រប់ៗគ្នា។

នៅក្នុងឱកាសនោះផងដែរ លោក អាង រ៉ាស៊ី ប្រធានការិយាល័យសេវាអ្នកជាប់ពន្ធនៃសាខាពន្ធដារខេត្តសៀមរាប ក៍បានធ្វើការផ្សព្វផ្សាយអំពីកាតព្វកិច្ចពន្ធលើវិស័យអចលនទ្រព្យ ជូន ដល់បងប្អូនប្រជាពលរដ្ឋដែលបានមកទទួលប័ណ្ណកម្មសិទ្ធដីទាំងអស់នាពេលនោះដោយបានលើកយក៣ចំណុចសំខាន់ៗមកផ្សព្វផ្សាយគឺទី១/ ពន្ធលើអចលនព្យ ទី២/ ពន្ធលើដីមិនបានប្រើប្រាស់ និងទី៣គឺ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធកាន់កាប់អចលនទ្រព្យ។ លោកក៏បានរំលឹកដល់ប្រជាពលរដ្ឋ ដែលមិនទាន់បង់ពន្ធលើអចលនទ្រព្យ និង ឬ ពន្ធលើដីទំនេរមិនប្រើប្រាស់ អញ្ជើញរួសរ៉ាន់ ទៅបង់ពន្ធនៅការិល័យនៃការបង់ពន្ធនៃសាខាពន្ធដារខេត្តសៀមរាប ប្រចាំឆ្នាំ២០២៤នេះ នឹងត្រូវផុតកំណត់នៅថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០២៤ នេះផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។