ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា វ៉ាក់សាំងកូវីដ-១៩ ដែលកំពុងប្រើប្រាស់នៅលើពិភពលោកនេះ !

(ភ្នំពេញ) លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំ ពាក្យក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា វ៉ាក់សាំងកូវីដ -១៩ ដែលកំពុងប្រើប្រាស់នៅលើពិភពលោកនេះ ត្រូវបានអះអាងដោយអ្នកវិទ្យាសាស្ត្រថា វានៅតែមានប្រសិទ្ធភាពចំពោះមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី។ តែទោះជាយ៉ាងណាគេមិនទាន់អាចបញ្ជាក់ពីកម្រិតអត្រាប្រសិទ្ធភាពរបស់វានៅ ឡើយនោះទេ។

ការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន បានធ្វើឡើងបន្ទាប់ពីកម្ពុជាបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ មេរោគបំប្លែងថ្មីចំនួន៣នាក់ ដែលជាករណីនាំចូល។ ជនដែលរកឃើញវិជ្ជមានជំងឺកូវីដ១៩ បំប្លែងថ្មីនេះ ជាជនជាតិឥណ្ឌា២នាក់ និងចិនម្នាក់។ ពួកគេបានមក ដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី០៣ និងទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។
លោកស្រី បានគូសបញ្ជាក់ថា មេរោគកូវីដ១៩ បំប្លែងថ្មីនេះ វានៅតែជាទម្រង់មេរោគកូវីដ១៩ដដែល គ្រាន់តែវាមានលទ្ធភាពចម្លងលឿន និងខ្លាំងជាងមេរោគចាស់។
លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់យ៉ាងដូច្នេះ «ទោះបីវីរុសកូវីដ១៩មានការបំលែងថ្មីក៏ពិតមែន ប៉ុន្តែអ្នកវិទ្យាសាស្ត្រគេបានបញ្ជាក់ហើយវ៉ាក់សាំងកូវីដ១៩ ដែលគេរកឃើញ ហើយកំពុងប្រើប្រាស់នៅលើពិភពលោកយើងនេះ ប្រទេសជាច្រើនហើយគេកំពុងប្រើប្រាស់ គឺនៅតែមានប្រសិទ្ធភាព។ ប៉ុន្តែសំណួរសួរថាប្រសិទ្ធភាពកម្រិតណា? អ៊ីចឹងគេកំពុងធ្វើ ការសិក្សា»។
ក្រសួងសុខាភិបាល បានឱ្យដឹងថា មេរោគកូវីដ១៩បំប្លែងខ្លួនថ្មីជាច្រើនប្រភេទ កំពុងចរាចរ និងរាតត្បាតនៅលើសកលលោកយ៉ាងខ្លាំងក្លា។ លោកស្រី បានឱ្យដឹងថា នៅលើពិភពលោកមានករណីឆ្លងវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទ B.1.1.7 ប្រមាណជា ៨០ប្រទេសហើយ។ មានប្រមាណជា ៣០០ករណី រកឃើញនៅក្នុងបណ្ដាប្រទេសជាង ១០ នៅក្នុងតំបន់ប៉ាស៊ីប៉ាស៊ីហ្វិកខាងលិច។ ចំនួន ៨ប្រទេស/កន្លែង បានរាយការណ៍ពីករណីឆ្លងវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទ 501.V2 ដែលក្នុងចំណោមបណ្ដាប្រទេសទាំងនេះ ក៏មានប្រទេសនៅក្នុងតំបន់អាស៊ាន និងនៅជិតខាងកម្ពុជាដែរ។

ជាមួយគ្នានេះមានលើសពី ៤០ប្រទេស និងទីតាំង នៅលើពិភពលោកត្រូវបានរាយការ ណ៍ពីការរកឃើញករណីឆ្លងមេរោគកូវីដ១៩បំប្លែងខ្លួនថ្មី ប្រភេទ 501.V2 Variant ដែលក្នុងនោះមានចំនួនប្រមាណ ៨ប្រទេស នៅតំបន់ប៉ាស៊ីហ្វិកខាងលិច ដោយបានរកឃើញលើសពី ៧០ករណីហើយ។
ដោយឡែកនៅលើសកលលោកលើលពី ១០ប្រទេស និងទីតាំង ដែលបានរកឃើញករណីឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មីប្រភេទ P.1 Variant ។ ក្នុងចំណោមនេះ នៅតំបន់ប៉ាស៊ីហ្វិកខាងលិចមានការរាយការណ៍កើតមានលើសពី ២ករណី ឆ្លងវីរុសប្រភេទថ្មីនេះ ពីប្រទេសចំនួន ០២ ផងដែរ ដែលគេមិនបានបញ្ចេញឈ្មោះ ប្រទេសទាំងនេះឡើយ ដោយ ហេតុផល កំពុងស្រាវជ្រាវបន្តទៀត៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។