ព័ត៌មានជាតិ

មន្ដ្រីជំនាញមន្ទីរសុខាភិបាលខេត្តកំពង់ចាម ចុះយកសំណាកបងប្អូនប្រជាពលរដ្ធ ដែលពាក់ព័ន្ធព្រឹត្តការណ៍សហគមន៍ ២០កុម្ភ: នៅភូមិកោះតូចឃុំពាមជីកង ស្រុកកងមាស !

(កំពង់ចាម) នាថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានចាត់ក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ការដឹកនាំដោយលោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ចុះយកសំណាកបងប្អូនប្រជាពលរដ្ឋ ជាមុខសញ្ញាដែលពាក់ព័ន្ធនឹងករណីបុរសជនជាតិខ្មែរ ១នាក់ រកឃើញវិជ្ជមានកូវីដ-១៩ ដែលបានមកចូលរួមក្នុងពិធីមង្គលការក្មួយ នៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។

គួរបញ្ជាក់ថា៖ បន្ទាប់ពីទទួលបានព័ត៌មានពីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានរកឃើញបុរសម្នាក់ដែលបានមកចូលរួមក្នុងពិធីមង្គលការ នៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស មានផ្ទុកជំងឺកូវីដ-១៩។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ និងបានរៀបចំទីតាំងសម្រាប់ពិនិត្យសុខភាព យកសំណាក ចំនួន២ កន្លែង គឺនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស និងនៅមណ្ឌលសុខភាពស្វាយខ្សាច់ភ្នំ នៅភូមិស្វាយកណ្តាល ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ។

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវ ដល់អ្នកដែលបានមកចូលរួមក្នុងមង្គលការ និងអ្នកពាក់ព័ន្ធនៅស្រុកកងមាស ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅទីតាំងចំនួន២កន្លែង ដែលមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានរៀបចំ។ ដោយឡែកចំពោះបងប្អូនដែលមិនស្ថិតក្នុងស្រុកទាំងពីរខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅតាមមណ្ឌលសុខភាព នៅជិតកន្លែងបងប្អូនស្នាក់នៅ ឬរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តអនុវត្តខ្ជាប់ខ្ជួននូវវិធានការការពារ ដោយឡែកបងប្អូនដែលមានហានិភ័យខ្ពស់ពាក់ព័ន្ធនឹងបុរសខាងលើ ត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមការណែនាំរបស់មន្ត្រីសុខាភិបាល ប្រកបដោយស្មាតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺដ៏ប្រល័យនេះ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។