ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន អំពាវនាវ ដល់បងប្អូនប្រជាពលរដ្ធបន្តនៅផ្ទះ ដើម្បីការពារខ្លួន កុំឲ្យឆ្លងវីរុសកូវីដ-១៩

(ភ្នំពេញ) លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំ ពាក្យក្រសួងសុខាភិបាល

ជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទូទាំងប្រទេស  នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នៅតែទទូចអំពាវ នាវដល់បងប្អូនប្រជាពលរដ្ឋ បន្តនៅផ្ទះ ដើម្បីការពារខ្លួន កុំឲ្យឆ្លងវីរុសកូវីដ-១៩។

 

លោកស្រី ឱ វណ្ឌឌីន បានលើកឡើងថា ការវាយប្រហារដោយវីរុសកូវីដ-១៩ ប្រៀបបាននឹងការផ្លោងគ្រាប់បែក ក្នុងពេលសង្គ្រាមដូច្នេះដែរ ដូចនេះដើម្បីគេចផុតពីសត្រូវអត់ស្រមោលកូវីដ-១៩ ផ្លោងដាក់ គឺប្រជាពលរដ្ឋគ្រប់គ្នាត្រូវនៅផ្ទះ។

 

លោកស្រី បានលើកឡើងយ៉ាងដូច្នេះថា «កាលសង្រ្គាមយើងខ្លាចត្រូវគ្រាប់ផ្លោង នាំគ្នាជ្រកកោនក្នុងត្រង់សេ តែពេលនេះយើងខ្លាចវីរុសកូវីដ-១៩ ផ្លោងដាក់យើង យើងត្រូវនាំគ្នានៅផ្ទះ ដែលការនៅ ផ្ទះរបស់យើង វាងាយស្រួលជាងការជ្រកក្នុងត្រង់សេឆ្ងាយ ណាស់ហើយសត្រូវអត់ស្រមោលកូវីដ-១៩ ពិតជាមានការលំបាកក្នុងការស្វែង រកការវាយលុក ហើយរកយើងមិនឃើញទៀតផង»។

 

លោកស្រី ឱ វណ្ណឌីន បន្តថា ឥឡូវនេះវីរុសកូវីដ-១៩ កំពុង តែសកម្ម និងសប្បាយចិត្ត ក្នុងការងាករកកន្លែង ដែលងាយ ស្រួលវាយលុកបាន នៅតាមទីតាំងប្រមូលផ្តុំមនុស្សច្រើន ដូចជាទីផ្សារ កាស៊ីណូ និងរោងចក្រ ដែលសុទ្ធសឹងតែជាកន្លែង ដែលមានមនុស្សម្នាច្រើន។ ពេលបុគ្គលបានឆ្លងវីរុសកូវីដ-១៩ នៅតាមទីតាំងទាំងនេះ ហើយមកដល់ផ្ទះ អាចមានការចម្លងបន្តមកដល់ក្រុមគ្រួសារខ្លួន សូម្បីតែកូនតូចៗមិនថាអាយុតិច ឬច្រើននោះឡើយ។ ដូច្នេះប្រសិនបើបងប្អូនមិន បន្តការយកចិត្តទុកដាក់ អនុវត្តហ្មត់ចត់វិធាន ការ «៣ការពារ និង ៣កុំ និងចាក់វ៉ាក់សាំង + នៅផ្ទះជា បណ្តោះអាសន្ន» នោះទេ អាយុ ជីវិតបុគ្គលណាម្នាក់ឬអាចមានច្រើននាក់នឹងត្រូវឆក់យកដោយសារតែជំងឺកូវីដ-១៩ ដោយងាយស្រួលហើយ។

លោកស្រី ឱ វណ្ឌឌីន បន្តថា ត្រូវចងចាំថា«ពេលនេះសុខភាព និងអាយុជីវិតរបស់បុគ្គល និងក្រុមគ្រួសារខ្លួន គឺពឹងផ្អែកលើការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ខ្លួនឯង ហើយបើមិនចង់មានជំងឺកូវីដ-១៩ទេនោះ គឺត្រូវខិតខំអត់ធ្មត់ទ្រាំការលំបាកក្នុងរយៈពេលខ្លី ជាជាងរងនូវការលំបាកក្នុងរយៈពេលយូរ ដោយអនុវត្តវិធានការដែល សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញជាបន្តបន្ទាប់នេះ ជាជាងការធ្វើដំណើរឆ្ពោះទៅរកជ្រោះមរណៈកូវីដ-១៩ ដោយសារតែការធ្វេសប្រហែស ការផ្គើន ឬមិនព្រមអនុវត្តតាមវិធានការ ដែលបានដាក់ចេញនានានេះ»។

 

ជាមួយគ្នានេះ លោកស្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់សូមរួមគ្នារក្សាឱ្យមាន សុខភាពល្អ ចៀសផុតពីការវាយលុកជំងឺកូវីដ-១៩ និងសូមឱ្យបានឆ្លងផុតពីគ្រោះឆ្លងវីរុសកូវីដ-១៩ ទាំងអស់គ្នា៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។