ព័ត៌មានជាតិ

រដ្ធមន្ដ្រី វេង សាខុន បានបន្តដំណើរមកចម្ការបន្លែ របស់កសិករ នៅក្រុងសែនមនោរម្យ

(មណ្ឌលគិរី)ចេញពីចម្ការកាកាវ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តដំណើរមកចម្ការបន្លែ លោក ម៉េង ឃាង សង្កាត់ស្ពានមានជ័យ នៅក្រុងសែនមនោរម្យ ដែលកសិកររូបនេះកំពុងដាំការ៉ុត ត្រប់ ត្រសក់ ដោយឡែកដំឡូងបារាំង ស្ពៃក្តោប និងស្ពៃបូកគោ (ទើបតែប្រមូលផលរួច) ដោយទទួលបានការជួយឧបត្ថម្ភពីគម្រោង “ការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ” ហៅកាត់ថា ASPIRE។ លោក ឃាង មានស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្តាល បាននាំយកជំនាញដាំបន្លែមកប្រកបរបរនៅខេត្តមណ្ឌលគីរីកាលពីជាង ៦ឆ្នាំមុន។ ចំណូលបានពីបន្លែជាង ៥០០០ ដុល្លារក្នុងមួយឆ្នាំ ធ្វើឲ្យសេដ្ឋកិច្ចគ្រួសាររីកចម្រើន និងមានលទ្ធភាពទិញដីសម្រាប់ទុកពង្រីករបរនេះបន្ថែមនាពេលអនាគត។

ជាមួយសមិទ្ធផលដែលលោក ឃាង ទទួលបាននាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសាទរ និងកោតសរសើរចំពោះឆន្ទ:ពុះពារ ប្រកាន់យកអាជីពដាំដុះបន្លែ ដើម្បីជីវភាព ហើយក៏ជាចំណែកមួយក្នុងការចូលរួមបង្កើនផលិតភាពផលិតកម្មបន្លែក្នុងស្រុក កាត់បន្ថយការនាំចូល។ ទាក់ទងការងារបច្ចេកទេស ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យលោកប្រធានមន្ទីរធ្វើការបញ្ចូលបច្ចេកវិទ្យាថ្មីបន្ថែមទៀត ទាំងប្រព័ន្ធស្រោចស្រព គ្រាប់ពូជ និងជីធម្មជាតិ ធ្វើយ៉ាងណារក្សាបាននូវគុណភាពផលិតផល សុវត្ថិភាពអ្នកបរិភោគ ភាតរបរិស្ថាន និងនិរន្តរភាពសេដ្ឋកិច្ច។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។