ព័ត៌មានជាតិ

រដ្ធមន្ដ្រីកសិកម្ម ការធ្វើទំនើបកម្មកសិកម្ម តាមរយៈការដំណាំបន្លែក្នុងផ្ទះសំណាញ់ដើម្បីជំរុញការផលិតបន្លែសុវត្ថិភាព និងបន្លែពេញមួយរដូវ

(ភ្នំពេញ) ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណងធ្វើឲ្យសម្រេចតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ហើយនិងគោលនយោបាយនៃការអភិវឌ្ឍវិស័យកសិកម្ម ២០២១ – ២០៣០ ដែលមានគោលដៅពង្រឹងតួនាទីវិស័យកសិកម្ម ក្នុងការបង្កើតការងារ ការធានាសន្តិសុខស្បៀង កាត់បន្ថយភាពក្រីក្រ នៅតាមជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានកំណត់ច្បាស់នូវចក្ខុវិស័យក្នុងក្របខ័ណ្ឌកំណែទម្រង់ស៊ីជម្រៅដើម្បីប្រែក្លាយកសិកម្មកម្ពុជាឱ្យមានលក្ខណៈទំនើប ប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដែលនាំដល់ការកើនឡើងប្រាក់ចំណូលគ្រួសារកសិករ ប្រកបដោយវិបុលភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា តាមរយៈការបង្កើនផលិតភាព ពិពិធកម្ម និងពាណិ-ជ្ជូបនីយកម្មកសិកម្ម ដោយធានាបាននូវការអភិវឌ្ឍនិងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព។

ជាពិសេសទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ក្នុងដំណើរអញ្ជើញទៅធ្វើទស្សនកិច្ចដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប (ខេត្តព្រៃវែង) សម្តេចបានមានប្រសាសន៍ណែនាំ ជំរុញ គាំទ្រ និងលើកទឹកចិត្តប្រជាកសិករ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យខិតខំបង្កើន និងពង្រឹងភាពជាម្ចាស់ក្នុងការផលិត ដើម្បីធានាបាននូវសន្តិសុខស្បៀង បង្កើនបរិមាណផ្គត់ផ្គង់ ឲ្យតម្រូវការទីផ្សារក្នុងស្រុក បង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល តាមរយ:ការចិញ្ចឹមត្រីអណ្តែង ចិញ្ចឹមកង្កែប និងដាំបន្លែបង្ការជាលក្ខណគ្រួសារក្នុងក្របខ័ណ្ឌបច្ចេកទេសសមស្រប សាមញ្ញ ប្រើរយ:ពេលខ្លី ចំណាយដើមទុនតិច ទទួលបានផលច្រើន រក្សាបាននូវស្ថានភាពជីវភាពប្រក្រតីតាមគន្លងថ្មីក្នុងអំឡុងពេលនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩។

ដើម្បីអនុវត្តន៍តាមគោលនយោបាយនិងផែនការយុទ្ធសាស្រ្តវិស័យកសិកម្ម រួមជាមួយនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលខាងលើឲ្យទទួលបានជោគជ័យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានអគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងរដ្ឋបាលជលផល ជាអង្គភាពអនុវត្តផ្ទាល់ និងសកម្ម បើទោះបីបានដឹងថាធនធានថវិកាជាតិនៅមានកម្រិតយ៉ាងណាក៏ដោយ គឺបានខិតខំប្រឹងប្រែងយកអស់អស់ពីសមត្ថភាព ទាំងកំលាំងកាយចិត្ត ព្រមទាំងស្មារតីទទួលខុសត្រូវខ្ពស់ ជំនះបាននូវរាល់ឧបសគ្គនានា ដោយបានដោះស្រាយបញ្ហាជូនប្រជាកសិករបានជាជំហ៊ាន ទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ជាក់ស្តែង មួយក្នុងចំណោមកម្មវត្ថុសំខាន់ៗទាក់ទងនឹងសន្តិសុខស្បៀង ដែលអគ្គនាយកដ្ឋានកសិកម្មបាននិងកំពុងអនុវត្តដោយយកចិត្តទុកដាក់ខ្ពស់ គឺផលិតកម្មបន្លែ តាមរយ:ការផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេសថ្មីៗ សាមញ្ញ សមស្រប ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ដើម្បីធ្វើទំនើបកម្មដំណាំបន្លែឲ្យមានការវិវឌ្ឍន៍រីកចម្រើន ក្នុងនោះមានដូចជា៖ ការជ្រើសរើស និងប្រើប្រាស់ពូជ ការប្រើជី (តាមប្រព័ន្ធដំណក់ទឹក) និងថ្នាំសម្លាប់សត្វល្អិតក្នុងលក្ខខណ្ឌបច្ចេកទេស ការប្រើប្រព័ន្ធទឹក (ដំណក់ ឬសាច) ការគ្រប់គ្រងស្មៅ ឬរុក្ខជាតិឥតប្រយោជន៍ (ប្រើប្លាស្ទីកគ្រប) សត្វល្អិតចង្រៃ និងជាពិសេសដាំក្នុងផ្ទះសំណាញ់ (ជួយការពារទឹកភ្លៀង ឬសំណើមខ្ពស់ពេក) ធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់បន្លែ ពិសេសកសិករអាចដាំបានពេញមួយឆ្នាំ ហើយផលដែលទទួលបានគឺបន្លែមានគុណភាព សុវត្ថិភាព ទិន្នផលខ្ពស់ លក់បានថ្លៃ និងជាទីពេញនិយមរបស់អ្នកបរិភោគនាពេលបច្ចុប្បន្ន។

ទទួលបានបច្ចេកទេស និងយល់ច្បាស់ពីអត្ថប្រយោជន៍នៃការដាំបន្លែក្នុងផ្ទះសំណាញ់ មានប្រជាកសិករ សហគមន៍បន្លែ ឬបណ្តុំផលិតកម្មបន្លែជាច្រើននៅទូទាំងប្រទេស ពិសេសស្រុកស្អាង ខេត្តកណ្តាល បានយកទៅអនុវត្ត ហើយការអនុវត្តនេះធ្វើឲ្យពួកគាត់ផ្លាស់ប្តូរពីរបៀប ឬទម្លាប់ពីការដាំដុះបន្លែតាមបែបធម្មតានៅទីវាល ទៅធ្វើការដាំដុះបន្លែក្នុងផ្ទះសំណាញ់វិញ។ ជាក់ស្តែង តាមការស្រាវជ្រាវរបស់អគ្គនាយកដ្ឋានកសិកម្មបានបង្ហាញថា ក្រោមកិច្ចសហការជាមួយគម្រោងដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជន ជាពិសេសកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) បានធ្វើឲ្យចំនួនផ្ទះសំណាញ់កើនឡើងពី ៥៥៩ ផ្ទះសំណាញ់ ក្នុងឆ្នាំ ២០១៩ ទៅ ៩៥៩ ផ្ទះសំណាញ់ ក្នុងឆ្នាំ ២០២០ ហើយប្រាកដណាស់ថាចំនួននេះនឹងមានកើនឡើងជាលំដាប់នៅឆ្នាំបន្តបន្ទាប់។

យោងតាមទិន្នន័យរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល បានឱ្យដឹងថា នៅឆ្នាំ២០២០ កសិករក្នុងគម្រោង ASPIRE បានដាំស្ពៃក្រញ៉ាញ់ (បន្លែសុវត្ថិភាព) ក្នុងផ្ទះសំណាញ់ទំហំ ៥០០ ម៉ែត្រក្រឡា គាត់អាចដាំបានចំនួន៦លើក/ឆ្នាំ និងទទួលបានប្រាក់ចំណូលចំនួន ១៨ លានរៀល/ឆ្នាំ បន្ទាប់ពីដកប្រាក់ចំណាយសរុបអស់ចំនួន ៧ ៥០០ ០០០ រៀល/ឆ្នាំ (ធាតុចូល ១ ៣៥០ ០០០ រៀល ពលកម្ម ៣ ៧៥០ ០០០ រៀល រំលស់ផ្ទះសំណាញ់ ២ ៤០០ ០០០ រៀល) គាត់អាចទទួលបានប្រាក់ចំណេញជាមធ្យមចំនួន ១០ ៥០០ ០០០ រៀល/ឆ្នាំ។ ផ្ទុយទៅវិញ បើប្រៀបធៀបជាមួយការដាំនៅទីវាល ទំហំដីប៉ុនគ្នា គាត់អាចដាំបានតែ ៤លើក/ឆ្នាំ ហើយទទួលបានប្រាក់ចំណូលសុទ្ធត្រឹមតែ ៨ ៣៨០ ០០០ រៀល/ឆ្នាំ ប៉ុណ្ណោះ។

លទ្ធផលនៃការប្រៀបធៀបនេះ បានបង្ហាញយ៉ាងច្បាស់អំពីប្រសិទ្ធភាពសេដ្ឋកិច្ចរវាងការដាំបន្លែក្នុង និងក្រៅផ្ទះសំណាញ់។ ហេតុដូច្នេះហើយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងស្វះស្វែងរកដៃគូ សហការ គាំទ្រ និងលើកទឹកចិត្តយ៉ាងទូលំទូលាយជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីច្បាមយកកាលានុវត្តភាពពង្រឹង និងពង្រីកផលិតកម្មដំណាំបន្លែក្នុងផ្ទះសំណាញ់ទាំងសរីរាង្គ និងសុវត្ថិភាព ដោយធ្វើការអនុវត្តបច្ចេកវិទ្យាទំនើប សមស្រប ការចងក្រងបណ្តុំផលិត ការអនុវត្ត CamGAP ការប្រើប្រាស់ QR Code ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ការតភ្ជាប់បណ្តាញទីផ្សារតាម Online ការអនុវត្ត Cold Chain System ការរៀបចំកន្លែលក់ដុំបន្លែក្នុងសហគមន៍ ឬផ្សារណាត់ចុងសប្តាហ៍ និងផ្សារទំនើប។ល។ យន្តការសំខាន់ៗទាំងអស់នេះគឺដើម្បីឈានឆ្ពោះទៅធ្វើការលើកកម្ពស់កសិផល/ផលិតផល ខ្មែរ តាមរយៈការជំរុញផលិតភាពផលិតកម្មដំណាំបន្លែលើផ្ទៃដីដដែល ធានាគុណភាព សុវត្ថិភាព តម្លៃ ការប្រកួតប្រជែងទីផ្សារ ការប្រែប្រួលអាកាសធាតុ បរិយាប័ន និន្នាការកើនឡើងនៃការបរិភោគបន្លែផលិតក្នុងស្រុក និងជាពិសេសចូលរួមបង្កើនផលិតកម្មបន្លែក្នុងស្រុក កាត់បន្ថយការនាំចូល ស្របតាមអនុវសាសន៍ដ៏ថ្លៃថ្លារបស់សម្តេច។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។