ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់គ្រូគង្វាល និងថ្នាក់ដឹកនាំគ្រីស្ទសាសនាខេត្តកំពង់ចាម ចំនួន ១០០គ្រួសារ!

(កំពង់ចាម) នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សៀ សុភ័ក្រ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូនដល់គ្រូគង្វាល និងថ្នាក់ដឹកនាំគ្រីស្ទសាសនាខេត្តកំពង់ចាម ចំនួន ១០០គ្រួសារ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរពាក់ព័ន្ធ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងទៀតថា ជាគោលដៅសំខាន់ ត្រូវសម្លាប់ជំងឺកូវីដ-១៩ ឱ្យអស់ ដើម្បីពង្រឹងការអភិវឌ្ឍ និងការរីកចម្រើនក្នុងសង្គមជាតិរបស់យើង គឺរាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់ប្រជាពលរដ្ឋដែលបានធ្លាក់ក្នុងភាពក្រ១ ក្រ២ ក្នុងបរិបទជំងឺកូវី ១៩។

ជាគោលការណ៍ របស់រាជរដ្ឋាភិបាល គឺចាំបាច់ត្រូវផ្តល់ជូនអំណោយដើម្បីពង្រឹងគោលជំហ និងជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន គឺដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ ១៩ បន្តទៀត។
ឯកឧត្តម អភិបាលខេត្ត បានបន្ថែមថា មកដល់បច្ចុប្បន្នខេត្តកំពង់ចាម បានរកឃើញប្រជាពលរដ្ឋជាអ្នកធ្លាក់ក្នុងភាពក្រីក្រប្រមាណជាង ៤៧.០០០ គ្រួសារ ដែលកាលពីដំបូងពួកគាត់មួយចំនួនបានរួចផុតពីបន្ទាត់ក្រ១ ក្រ២ ហើយ។ ប៉ុន្តែនៅពេលផ្ទុះជំងឺកូវីដ ១៩ ឡើងក៏បានធ្លាក់ចូលក្នុងភាពក្រ១ ក្រ២ម្តងទៀត។

ឯកឧត្តម បានបន្តថា មុខពេលនៃការឆ្លងរីករាលជំងឺកូវីដ-១៩ ខេត្តកំពង់ចាម មានគ្រួសារក្រីក្រប្រមាណតែ ៣៣.០០០ គ្រួសារ បន្ទាប់ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទិន្នន័យគ្រួសារក្រីក្រ ដែលមន្ទីរផែនការខេត្ត និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន បានធ្វើការអង្កេតមានការកើនឡើងជាង ១០.០០០គ្រួសារ ក្នុងរយៈពេលតែមួយឆ្នាំនៃការគំរាមកំហែងនៃជំងឺកូវីដ-១៩។ ជាមួយគ្នានេះរាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់ប្រជាពលរដ្ឋដែលធ្លាក់ទៅក្នុងភាពក្រ១ ក្រ២ ក្នុងបរិបទជំងឺកូវីដ-១៩ ផងដែរ ដែលសរុបទឹកប្រាក់ដល់ពេលនេះសម្រាប់ខេត្តកំពង់ចាម អស់ជាង ២០លានដុល្លារហើយ។

អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ទទាំងអស់ ត្រូវបង្កើនការ ការពារខ្លួន ចៀសអោយផុតពីការឆ្លង ជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ” ៣ការពារ និង ៣កុំ ” ពិសេស ការលាងសម្អាតដៃជាប្រចាំ, ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់, កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល។

គួរបញ្ជាក់ថា អំណោយដែលចែកជូនដល់គ្រូគង្វាល និងថ្នាក់ដឹកនាំគ្រីស្ទសាសនា ចំនួន ១០០គ្រួសា ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ៥០គីឡូក្រាម មី ០១កេស ត្រីខ ១យួរ ម៉ាស ២ដុំ ទឹកត្រី ទឹកស៊ីអុីវ និងថវិកា ៥០.០០០រៀល៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។