ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីវៀតណាម ផើ្ញសារលិខិតថ្លែងអំណរគុណសម្តេចតេជោ និងចាត់ទុកជំនួយពីកម្ពុជា គឺជាសក្ខីភាពប្រពៃណី «ជួយគ្នាទៅវិញទៅមក» ដ៏ថ្លៃថ្លា

(ភ្នំពេញ)៖ លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានផើ្ញសារលិខិតថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានឧបត្ថម្ភគាំទ្រដល់អាជ្ញាធរ និងប្រជាជនទីក្រុងហូជីមិញ នូវថវិកា និងសម្ភារៈ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងវាយលុកយ៉ាងខ្លាំង នៅទីក្រុងហូជីមិញ។

នាយករដ្ឋមន្ត្រីវៀតណាម បានចាត់ទុកថា ជំនួយពីកម្ពុជា គឺជាសក្ខីភាពប្រពៃណី «ជួយគ្នាទៅវិញទៅមក» ដ៏ថ្លៃថ្លា។

លោក ផាម មិញជិញ បានបញ្ជាក់យ៉ាងដូច្នេះ៖ «ខ្ញុំមានក្តីរំភើបចិត្តយ៉ាងក្រៃលែងនាពេលទទួលបានសារលិខិត ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ពីសម្តេចតេជោនាយករដ្ឋមន្ត្រី។ តាងនាមរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខ្ញុំសូមផ្តាំនូវពាក្យពេចន៍ថ្លែងអំណរគុណដោយស្មោះស្ម័គ្រ និងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាដែលបានផ្ញើជូន អាជ្ញាធរ និងប្រជាជនទីក្រុងហូជីមិញនៃយើងខ្ញុំ នូវអំណោយដ៏មានតំលៃ និងមានអត្ថន័យជាច្រើន»។

លោកនាយករដ្ឋមន្ត្រីវៀតណាម បានបន្តថា «ការជួយឧបត្ថម្ភប្រកបដោយភាពជាក់ស្តែង និងទាន់ពេលវេលារបស់កម្ពុជាប្រាកដជា នឹងរួមចំណែកដ៏មានប្រសិទ្ធភាព ក្នុងកិច្ចការបង្ការ និងប្រឆាំងនឹងជំងឺរាលដាលនៅទីក្រុងហូជីមិញ។ កាយវិការដ៏ថ្លៃថ្លានេះ កាន់តែមានតំលៃថែមទៀតខណៈពេលដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាកំពុងខិតខំឆ្លើយតបនឹងជំងឺនេះក្នុងស្រុកផងដែរ និងក៏ជាសាក្ខីភាពនូវប្រពៃណី “ជួយគ្នាទៅវិញទៅមក” ដ៏ថ្លៃថ្លាដែលប្រទេស និងប្រជាជាតិយើងទាំងពីរតែងតែផ្តល់ជូនគ្នា ជាពិសេសក្នុងគ្រាជួបការលំបាកនិងបញ្ហាប្រឈម»។

សូមជម្រាបថា ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងប្រទេសវៀតណាម ដែលកំពុងរងការវាយលុក, សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ ម៉ាស់ធម្មតាចំនួន ១លានម៉ាស់ និងម៉ាស់វេជ្ជសាស្ត្រ (N95) ចំនួន ១០ម៉ឺនម៉ាស់ ព្រមទាំងម៉ាស៊ីនផលិតអុកស៉ីសែន ១០០គ្រឿង ជូនប្រទេស និងប្រជាជនវៀតណាម។

ជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានជួយឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមប្រទេសវៀតណាម តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានជួយឧបត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លារ ជូនដល់សមាគមមិត្តភាព វៀតណាម-កម្ពុជា តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។