ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន រៀបចំពីធីផ្សព្វផ្សាយសមាសភាពគណ:កម្មាធិការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី (គ.ជ.ផ.ម) អមជាមួយការប្រកាសផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី (២០២១-២០៣៥)

នាព្រឹកថ្ងៃចន្ទ ៦កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារពេជ្រតា ទីរួមខេត្តមណ្ឌលគីរី មានរៀបចំពីធីផ្សព្វផ្សាយសមាសភាពគណ:កម្មាធិការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី (គ.ជ.ផ.ម) អមជាមួយការប្រកាសផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី (២០២១-២០៣៥) ។ ពិធីដ៏មានសារសំខាន់នេះស្ថិតក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួង ទេសចរណ៍ និងជាប្រធាន គ.ជ.ផ.ម ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធាន គ.ជ.ផ.ម និងលោក ថង សាវុន អភិបាលនៃគណ:អភបាលខេត្តមណ្ឌលគីរី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងពាក់ព័ន្ធ ឯកឧត្តម លោកជំទាវអនុប្រធាន សមាជិក គ.ជ.ផ.ម លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត និងវិស័យឯកជន។

មានមតិនាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់លើចំណាប់អារម្មណ៍របស់លោក ថង សាវុន និងឯកឧត្តម ថោង ខុន ដែលបានបង្ហាញឲ្យឃើញអំពីសមិទ្ធផលសម្រេចបាន ដំណើរការអភិវឌ្ឍប្រកបដោយផ្លែផ្កា សក្តានុពលនៃវិស័យទេសចរណ៍។ល។ ដែលសមិទ្ធផលទាំងអស់នេះ ពិតជាបានរួមចំណែកស្តារ និងលើកកម្ពស់សេដ្ឋកិច្ចជាតិក្នុងពេលដែលប្រទេសជាតិយើងទទួលរងវិបត្តិជំងឺកូវីដ-១៩។ លើសពីនេះគឺការលើកឡើងអំពីគោលបំណង ចំណុចគន្លឹះ សំខាន់ៗនៃផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរីឆ្នាំ២០២១-២០៣៥ និងការ ទទួលខុសត្រូវនាអនាគតកាល។ កិច្ចប្រជុំរបស់ គ.ជ.ផ.ម គឺពិតជាបានឆ្លើយតបយ៉ាងសមស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាថាជា “ ទេសចរណ៍វប្បធម៌ និងធម្មជាតិ ”ជាពិសេសគោលនយោបាយជាតិអេកូទេសចរណ៍២០១៩-២០៣០”។

ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញអំពីសុឆន្ទៈក្នុងការបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធថែមទៀតជា មួយគ្រប់ដៃគូ ដើម្បីការវិនិយោគវិស័យកសិកម្ម ទេសចរណ៍ អេកូទេសចរណ៍ ឆ្លើយតបទៅនឹងវិធានសុវត្ថិភាពទេសចរណ៍ស្របតាមអភិក្រម “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលបានចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាព ហើយវិស័យទេសចរណ៍គឺជាមាសបៃតង។ ជាក់ស្តែង បច្ចុប្បន្នយើងមាន ១៣១ សហគមន៍មានសក្តានុពលភាពអាចបង្កើតជាសហគមន៍ទេសចរណ៍ធម្មជាតិបាន ក្នុងចំណោមសហគមន៍ ៥១៦ ដែលយើងមាន ក្នុងនោះ ២៧សហគមន៍ បាននិងកំពុងដំណើរ ការទេសចរណ៍ធម្មជាតិនៅតំបន់មាត់សមុទ្រ និងតំបន់បឹងទន្លេសាប។ ដោយឡែក យើងបានបង្កើតសហគមន៍ព្រៃឈើសរុបចំនួន ៦៤៣ ក្នុងនោះបានធ្វើផែនការគ្រប់គ្រងចំនួន ១០៣ សហគមន៍ ព្រមទាំងមានតំបន់ព្រៃឈើតាមបណ្តោយដងស្ទឹង ព្រែក បឹង ក្នុងដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍ ចម្ការឈើដាំ ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ ចម្ការកសិ-រុក្ខកម្ម ចម្ការរុក្ខទិវា ដែលអាចអភិវឌ្ឍទៅជាគោលដៅទេសចរណ៍ធម្មជាតិ កសិ-ទេសចរណ៍ និងតំបន់លំហែកម្សាន្តផងដែរ។ នាពេលអនាគត យើងរំពឹងថាសហគមន៍កសិកម្មមួយចំនួនអាចនឹងបង្កើតមុខរបរថ្មីមួយដែលហៅថា “កសិ-ទេសចរណ៍” សម្រាប់ផ្តល់ឱកាសដល់អ្នកទេសចរណ៍ក្នុងស្រុក និងបរទេសបានទៅទស្សនាកសិដ្ឋានរបស់ប្រជាកសិករជាសមាជិកសហគមន៍កសិកម្មផងដែរ។

ទាក់ទងនឹងប្រធានបទខាងលើ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញជូនអង្គពិធីយ៉ាងច្បាស់អំពីតួនាទី និងភារកិច្ចដែលក្រសួងបាននិងកំពុងអនុវត្តយ៉ាងសកម្មក្នុងគោលបំណងចាប់យកកាលានុវត្តភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍ដែលកំពុងមានការកើនឡើង ដោយឈរលើសក្តានុពលមានស្រាប់នៃខេត្តមណ្ឌលគិរី ក្រោមរូបភាព “សក្តានុពលទេសចរណ៍វប្បធម៌ និងធម្មជាតិ” ដែលស្ថិតក្រោមវិស័យកសិកម្ម និងដែនសមត្ថកិច្ចរបស់ក្រសួង ក្នុងនោះរួមមានចម្ការស្រល់រដ្ឋទំហំ ៣៦៤ ហត សួនផ្កាចម្រុះ និងសួនភូតគាម លើផ្ទៃដី៤៧០ហត គ្រោងរៀបចំសួនផ្កា ២០ហត និងរៀបចំអាង ទឹកបង្ហៀរ។ រៀបចំអភិវឌ្ឍកសិទេសចរណ៍តាមរយ:ចម្ការឈើហូបផ្លែ ការអភិវឌ្ឍចម្ការឈើដាំដែលក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ សហគមន៍ព្រៃឈើ។ ក្រៅពីនេះ ក៏មានមានគម្រោងកិច្ចសហប្រតិបត្តិការជាមួយដៃគូមួយចំនួនទៀត ដែលនឹងចូលខ្លួនមកបម្រើឲ្យវិស័យទេសចរណ៍ (បន្លែ ផ្លែឈើ ត្រី សាច់) និងអេកូទេសចរណ៍ (ដំណើរកម្សាន្តក្នុងព្រៃចម្ការឈើដាំ ចម្ការស្រល់ ទស្សនាសហគមន៍ព្រៃឈើ សួនរុក្ខគីរី ជីវចម្រុះដ៏សម្បូរបែប រួមទាំងសួនសត្វផងដែរ។ល។

ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថា ពិធីដ៏មានសារសំខាន់នាព្រឹកនេះនឹងបង្កើតបានជាប្រយោជន៍ ផលិតបានធាតុចូលថ្មីៗថែមទៀតសំដៅស្វែងរកវិធីដោះស្រាយបញ្ហា ទាញយកប្រយោជន៍ឲ្យអស់ពីលទ្ធភាពពីការអភិវឌ្ឍវិស័យកសិទេសចរណ៍ និងវប្បធម៌ ដែលនឹងរួមចំណែកសំខាន់ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ និងសហគមន៍មូលដ្ឋាន ឆ្លើយតបទៅនឹងទិសដៅរបស់រាជរដ្ឋា ភិបាល អំពីការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាថាជា “ទេសចរណ៍វប្បធម៌ និងធម្មជាតិ” ក្នុងបុព្វ ហេតុរួមចំណែកបង្កើនកំណើនសេដ្ឋកិច្ចជាតិ អភិវឌ្ឍន៍ជនបទ និងកាត់បន្ថយភាពក្រីក្រ ឆ្លើយតប ទៅនឹងគោលនយោបាយជាតិអេកូទេសចរណ៍ឆ្នាំ២០១៩ -២០៣០ និងដោយឡែក ការអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរីឆ្នាំ២០២១-២០៣៥។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។