ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញបញ្ចុះបឋមសិលា និងបុណ្យផ្កាសាមគ្គីកសាងអគារសិក្សាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងវត្តស្វាយពពែ

(ភ្នំពេញ) ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញ​បញ្ចុះបឋមសិលា និងបុណ្យផ្កាសាមគ្គីកសាងអគារសិក្សាពុទ្ធិកសាកល​វិទ្យា​ល័យព្រះសីហមុនីរាជា ក្នុងវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សូមសម្តែងនូវមោទនភាពចំពោះការរីកចម្រើន​ជា​លំដាប់របស់ “ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា” ដែល​បាន​ចាប់ផ្តើមបើក​ដំណើរ​ការ​នា​ខែធ្នូឆ្នាំ២០០៤ ជាពុទ្ធិកមហាវិទ្យាល័យ ហើយបានវិវឌ្ឍជាពុទ្ធិកសាកលវិទ្យាល័យ ​នាខែកក្កដា ឆ្នាំ២០០៧​ ដោយបានចូលរួមក្នុងការបណ្តុះបណ្តាលធនធានសមណនិស្សិត និងនិស្សិត ទាំង​កម្រិត​ឧត្តមសិក្សា និងក្រោយឧត្តមសិក្សាជាច្រើនម៉ឺនអង្គ/នាក់ឱ្យក្លាយជាបណ្ឌិតបញ្ញាវ័ន្ត ដែលជាមូលធនមនុស្សដ៏ចាំបាច់សម្រាប់ដំណើរការកសាងអភិវឌ្ឍសង្គមជាតិ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រះពុទ្ធសាសនាមានតួនាទីសំខាន់ណាស់សម្រាប់​ការ​កសាងសង្គមខ្មែរ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ ក្នុងរយៈកាលកន្លងមកនេះ រាជរដ្ឋា​ភិបាល​តែងបាន​ខិតខំ​កសាង​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាច្រើន​ដែលបានផ្តល់​ជា​ផលលាភ​ជូន​ប្រជាជននៅទូទាំងប្រទេសបានប្រើប្រាស់។

ក្នុងនោះ ​ការរីកចម្រើននៃពុទ្ធិកសាកលវិទ្យាល័យ គឺជាផ្នែកមួយនៃការផ្តល់ឱកាសដល់កូន​ចៅ​ប្រជាពលរដ្ឋក្នុងការទទួលបានចំណេះដឹង​ ដើម្បីក្លាយជា​ធនធានមនុស្ស​ពោរពេញ​ដោយ​សមត្ថភាព និង​ផលិតភាពខ្ពស់​ សម្រាប់​ទីផ្សារ​ការងារ​ដ៏​សម្បូរបែប​ស្របពេល​ដែលកម្ពុជា​កំពុងខិតខំពង្រឹង និងពង្រីកសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួនឈានឆ្ពោះទៅ​រកសេដ្ឋកិច្ច​បែប​ឧស្សាហកម្ម ​និង​បច្ចេកវិទ្យា ដែល​មានតម្រូវការខ្ពស់នូវធនធានមនុស្សជំនាញបច្ចេកទេស។ សាសនាទាំងអស់ គឺអប់រំមនុស្ស​ឱ្យរស់នៅប្រកដោយធម៌ និងផ្តល់​នូវ​ពុទ្ធិបញ្ញាញាណ ដោយបែងចែករវាងអំពើអាក្រក់​ និងអំពើល្អ ដើម្បី​ចៀសវាង​ការប្រើប្រាស់​ចំណេះដឹង ​និងជំនាញក្នុងផ្លូវខុស ដែលអាចប្រែក្លាយទៅ​ជា​ការបំផ្លិចបំផ្លាញទៅវិញ។

ឯកឧត្តមបណ្ឌិត បានប្រសាសន៍បន្ដទៀតថា ​ការពង្រឹងផ្នែកពុទ្ធចក្រ មិនមែនពង្រឹងតែខាង​សាសនា​នោះទេ ប៉ុន្តែជាការពង្រឹង និងបណ្តុះបណ្តាល​ធនធានមនុស្សដែលមានសមត្ថភាពប្រកប​ដោយ​សីលធម៌ និងគុណធម៌។ ព្រះពុទ្ធសាសនា គឺជាមូលដ្ឋានក្នុងការអប់រំផ្នត់គំនិតឱ្យមនុស្ស​ប្រព្រឹត្ត​នូវអំពើជាកុសល ហើយអ្វីដែលសំខាន់ផងដែរនោះ​ គឺការយកចិត្តទុកដាក់លើការពង្រឹងឆន្ទៈ គុណធម៌ សីលធម៌ ស្មារតីគោរពច្បាប់ ​ព្រមទាំងការយល់ដឹងអំពីវប្បធម៌ និងប្រវត្តិសាស្ត្ររបស់​ជាតិ​ឱ្យដល់កុលបុត្រ កុលធីតាជាសិស្ស-និស្សិត ​ដើម្បីឱ្យពួកគេក្លាយ​ជាមិត្តល្អ កូនល្អ ​និងពលរដ្ឋល្អ​សម្រាប់​សង្គមជាតិ ​ជាពិសេសក្នុងបរិការណ៍នៃការរីកចម្រើន​ជឿនលឿន​ផ្នែក​បច្ចេកវិទ្យា ដូច​ពេល​បច្ចុប្បន្ន​ ដែល​ទន្ទឹម​នឹង​ការផ្តល់នូវ​ចំណុចវិជ្ជមាន​ជាច្រើន ​ប៉ុន្តែ​ក៏បាន​នាំ​មកនូវចំណុច​អវិជ្ជមាន​មួយ​ចំនួនផងដែរ ដូចជា បញ្ហា​ព័ត៌មាន​មិនពិត ​និងអំពើល្មើសផ្សេងៗ​ក្នុងបណ្តាញអ៊ីនធើណេតជាដើម។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បន្ដថា ជីវិតគឺជាទ្រព្យដ៏មានតម្លៃបំផុតសម្រាប់​មនុស្ស​គ្រប់រូប។ ដូច្នេះ ការការពារអាយុជីវិតប្រជាពលរដ្ឋជា​អាទិភា​ពពិសេសសំខាន់​ចាំ​បាច់​បំផុត​របស់​រាជរដ្ឋាភិបាលកម្ពុជា ​នៅក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ​រយៈពេលជាង០២ ឆ្នាំកន្លងមកនេះ។ ទោះបីមានបញ្ហាប្រឈមជាំច្រើន​ ក៏រាជរដ្ឋាភិបាលបានខិតខំតស៊ូយកឈ្នះគ្រោះវិបត្តិនេះ​រហូត​ជោគ​ជ័យ​គួរជាទីមោទនៈ ​តាមរយៈការស្រោចស្រពវ៉ាក់សាំងនៅប្រទេស ព្រមជាមួយនឹងការរៀបចំ​ទីតាំង​ព្យាបាលរបស់រដ្ឋនៅទូទាំងប្រទេស។

ការគ្រប់គ្រងស្ថានការណ៍ប្រកបដោយជោគជ័យនេះ ក៏មិនអាចខ្វះបានពីការចូលរួមរបស់មន្ត្រី​រាជការ​គ្រប់លំដាប់ថ្នាក់​ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ​រួមទាំងកងទ័ពអាវស ព្រមជាមួយ​នឹង​ការចូលរួមដោយប្រកបដោយជំនឿជឿជាក់របស់ប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងការ​អនុវត្ត​នូវរាល់​ការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។ ឯកឧត្តមបណ្ឌិត សូមអំពាវនាវដល់ប្រជាពលរដ្ឋ​បន្តការចូលរួម​ក្នុង​ការចាក់វ៉ាក់សាំង​ការពារជំងឺ​កូវីដ១៩ ដូស​ជម្រុញទី៣ ទី៤ និងទី៥ ឱ្យបានគ្រប់គ្នា ដើម្បីបន្ត​ភាពស៊ាំ​សហគមន៍​ឱ្យ​កាន់តែ​រឹងម៉ាំ​ប្រកប​ដោយចីរភាព និងនិរន្តរភាព៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។