ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា រដ្ឋមន្ត្រី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើកិច្ចការអាស៊ានស្ថិតក្រោមកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងព្រៃឈើអាស៊ាន

(ភ្នំពេញ) ៖ នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមកិច្ចប្រជុំពិនិត្យលើកិច្ចការអាស៊ានស្ថិតក្រោមកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងព្រៃឈើអាស៊ាន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យអគ្គនាយកដ្ឋានទាំង៥ ត្រូវស្វែងយល់ពីរបៀបធ្វើការជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ឱ្យបានល្អ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។

យោងលទ្ធផលនៃកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានសម្រេចប្រគល់ភារកិច្ចជូននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (DIC) តាមដាននិងពិនិត្យលើ MOU ទាំងអស់ឱ្យមានប្រសិទ្ធភាព និងរុញឱ្យចេញជាការអនុវត្ត។ ជាមួយគ្នានេះដែរ DIC ត្រូវរាយការណ៍និងមានរបាយការណ៍ រាល់សកម្មភាពបេសកកម្មដោយមានខ្លឹមសារពិតប្រាកដនិងច្បាស់លាស់។ លើសពីនេះទៀត ត្រូវពិនិត្យជ្រើសរើសមន្ត្រីដែលមានសមត្ថភាព និងឆន្ទៈការងារពិតប្រាកដ ដើម្បីប្រសិទ្ធភាពការងារល្អប្រសើរ។

សូមជម្រាបជូនថា កិច្ចសហប្រតិបត្តិការលើវិស័យស្បៀង កសិកម្ម និងព្រៃឈើ (១៩៩៣) ផ្តោតលើអាទិភាពចំនួន៧ ក្នុងនោះរួមមាន៖ ការពង្រឹងសន្តិសុខស្បៀងក្នុងតំបន់ ការសម្រួលនិងលើកកម្ពស់ពាណិជ្ជកម្មកសិកម្មនិងព្រៃឈើ អនុផលព្រៃឈើក្នុងនិងក្រៅអាស៊ាន ការបង្កើតនិងផ្ទេរបច្ចេកវិទ្យាដើម្បីបង្កើនផលិតភាពនិងអភិវឌ្ឍកសិធុរកិច្ច ការអភិវឌ្ឍសហគមន៍កសិកម្មនិងធនធានមនុស្ស ការវិនិយោគនិងការចូលរួមរបស់វិស័យឯកជន ការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចិរភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាននិងអភិក្រមរួមគ្នាក្នុងការដោះស្រាយបញ្ហាតំបន់និងអន្តរជាតិ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។