ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ២០២៤ ក្រោមមូលបទ «ស្ត្រីនិងក្មេងស្រីក្នុងបរិវតកម្មឌីជីថល»

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២អាជ្ញាធរមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ២០២៤ ក្រោមមូលបទ «ស្ត្រីនិងក្មេងស្រីក្នុងបរិវតកម្មឌីជីថល»។ ក្នុងពិធីនេះ ដែលមានការចូលរួមពីនាយទាហាន នាយទាហានរង និងពលទាហានជាស្រ្តី នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងមន្ត្រីបុគ្គលិកជាស្ត្រី ពីអាជ្ញាធរមីន សរុបប្រមាណ២០០នាក់។

លោកជំទាវ ឧត្តមសេនីយ៍ទោ កុសល ម៉ាលីនដា អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានលើកឡើងថា “ទិវា អន្តរជាតិ នារី ៨ មីនា លើ សកល លោក ឆ្លុះ បញ្ចាំង ពីភាព អង់អាច និងការ តស៊ូ យ៉ាង ស្វិតស្វាញ បំផុត ទម្រាំ បាន ការ ទទួល ស្គាល់ ជា ផ្លូវ ការ ក្នុង កម្រិត អន្តរជាតិ ថា ស្ត្រី មាន សិទ្ធិ ស្មើ នឹង បុរស ក្នុង ឋានៈ សង្គម ក្នុង ការ បំពេញ ការងារ និង ទទួល បាន ផល លាភ ដែល ស្ត្រី នៅ ក្នុង សម័យ បុរាណ មិន ដែល ទទួល បាន”។

លោកជំទាវ បញ្ជាក់ថា ឈរលើគោលនយោបាយរាជរដ្ឋាភិបាល ដែលកំពុងផ្តោតសំខាន់លើសមភាពយ៉េនឌ័រ ដែលមានស្រ្តីកំពុងកាន់ការងារសំខាន់ៗ ពីថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ រហូតដល់ថ្នាក់ឧបនាយករដ្ឋមន្ត្រី ទាំងក្នុងស្ថាប័ននិតិបញ្ញត្តិ ស្ថាប័ននិតិប្រតិបត្តិ ស្ថាប័នតុលាការ និងសារព័ត៌មាន និងក្នុងវិស័យរក្សាសន្តិភាព ពោលគឺការចូលរួមរបស់កម្លាំងមួកខៀវនារីឲ្យបាន២០% នៅតាមបណ្តាតំបន់បេសកកម្ម អ.ស.ប។ គិតចាប់តាំងពីឆ្នាំ២០០៦ មកដល់ បច្ចុប្បន្ន មជ្ឈមណ្ឌលជាតិ បានបញ្ជូនកម្លាំងមួកខៀវកម្ពុជាសរុបចំនួន៩៥៦៣នាក់ ក្នុងនោះមាននារីចំនួន៨១៦នាក់ ទៅកាន់បេសកកម្មចំនួន១២ ក្នុងប្រទេសចំនួន១០។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា “ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន បានធ្វើឲ្យជីវិតប្រចាំថ្ងៃរបស់ប្រជាជនទូទាំងសកលលោកមានការផ្លាស់ប្តូរយ៉ាងគំហុក ដែលប្រទេសជាច្រើនបានប្រើប្រាស់បច្ចេកវិទ្យានេះយ៉ាងទូលំទូលាយ ដើម្បីទាញយកផលប្រយោជន៍ផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម។ ស្របតាមនិន្នាការពិភពលោក រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុង ពន្លឿនការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញការអភិវឌ្ឍ និងការពង្រឹងសមត្ថភាពរបស់កម្ពុជា។ ការចូលរួមរបស់ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល ពិតជាមានសារៈសំខាន់ណាស់ ដើម្បីរួមចំណែកថែរក្សាសន្តិភាព និង ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០”។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានកោតសរសើរដល់គំរូវីរភាពរបស់ស្ត្រីកម្ពុជា ចំពោះការចូលរួមចំណែកដល់បុព្វហេតុសន្តិភាព តាមរយៈបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងបណ្តាប្រទេសដែលកំពុងជួបវិបត្តិ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។