ព័ត៌មានជាតិ

មេឈ្មួញឈើឈ្មោះ ឃី ធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកសំបូរ ខេត្តក្រចេះ ឆ្លងចូលខេត្តកំពង់ចាម យ៉ាងរលូន! (វីដេអូ)

(ក្រចេះ) :ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកសំបូរ ខេត្តក្រចេះ បានឲ្យដឹងថា បច្ចុប្បន្នមានឈ្មួញម្នាក់ឈ្មោះឃី ធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ ស្រុកសំបូរ ឆ្លងកាត់ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចូលទៅទឹកដីខេត្តកំពង់ចាម យ៉ាងរលូន។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញឈ្មោះ ឃី ដឹកជញ្ជូនឈើតាមបណ្តោយផ្លូវដីក្រហម ចេញពីចំណុចជប់កញ្ចុះបីជាន់ និងពីចំណុចផ្សេងៗទៀតនៃតំបន់ព្រៃឡង់ ស្រុកសំបូរ ឆ្លងកាត់ ស្រុកព្រែកប្រសព្វ ចូលទៅទឹកដីខេត្តកំពង់ចាម ដោយគ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ។

មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ សមត្ថកិច្ចអាវុធហត្ថនគរបាលស្រុកសំបូរ ស្រុកព្រែកប្រសព្វ មិនហ៊ានបង្ក្រាបឈ្មួញឈ្មោះ ឃី ទាល់តែសោះព្រោះឈ្មួញម្នាក់នេះយកឈ្មោះមន្ត្រីធំៗធ្វើជាបង្អែក ដើម្បីការពារអាជីវកម្មរបស់ខ្លួន។

ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ ឃី បានឲ្យដឹងថា​ ឈ្មួញរូបនេះរកស៊ីដឹកជញ្ជូនឈើយូរឆ្នាំមកហើយ មិនដែលមានមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបនៅឡើយទេ ដោយសារឈ្មួញម្នាក់នេះយកឈ្មោះមន្ត្រីធំៗមួយចំនួនទន្ទេញជាប់មាត់។

មន្ត្រីជំនាញ និងសមត្ថកិច្ចតាមផ្លូវជាតិពីស្រុកសំបូរ និងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ រហូតចូលដល់ទឹកដីខេត្តកំពង់ចាម បានត្រឹមទទួលផលប្រយោជន៍បន្តិចបន្តួចពីឈ្មួញឈ្មោះ ឃី ហើយទុកឲ្យឈ្មួញម្នាក់នេះប្រព្រឹត្តបទល្មើសព្រៃឈើពេញទំហឹង។

ដូច្នេះហើយទើបមានការជំរុញឲ្យលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ពិនិត្យឡើងវិញជាបន្ទាន់ ព្រោះបច្ចុប្បន្នឈ្មួញឈ្មោះ ឃី នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើយ៉ាងគឃ្លើន។

តាមប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តក្រចេះ បានឲ្យដឹងថា​ ទាល់តែមានការឃុបឃិតជាប្រព័ន្ធទើបឈ្មួញឈ្មោះ ឃី អាចធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកសំបូរ ខេត្តក្រចេះ ចូលដល់ខេត្តកំពង់ចាម តាមអំពើចិត្ត។ ជាក់ស្តែងលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងមេរដ្ឋបាលព្រៃឈើខេត្តក្រចេះ បានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលបទល្មើសព្រៃឈើកើតឡើងយ៉ាងរាលដាលនៅស្រុកសំបូរ និងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ប្រការនេះកំពុងធ្វើឲ្យព្រៃឡង់ក្នុងខេត្តក្រចេះ ត្រូវប្រឈមនឹងសេចក្តីវិនាស​ ព្រោះមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធមិនយកចិត្តទុកដាក់បង្ក្រាបបទល្មើសព្រៃឈើប្រកបដោយប្រសិទ្ធភាពឡើយ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។