ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីឯកសារសំខាន់ៗឆ្ពោះទៅកាន់ការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ របស់ក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង តាមប្រព័ន្ធអនឡាញ ហ្សូម (Online Zoom)

(ព្រៃវែង) នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីឯកសារសំខាន់ៗឆ្ពោះទៅកាន់ការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ឆ្នាំ២០២២ របស់ក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង ដល់ប្រធានក្រុមការងារយុវជនបក្ស និងសមាជិកបក្សទាំងអស់ ដែលប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ ហ្សូម (Online Zoom)។

ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់ប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងសមាជិកបក្ស តាមផែននីមួយៗទាំងអស់ ត្រូវខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យទទួលបានលទ្ធផលកាន់តែប្រសើរឡើង ដោយប្រកាន់ខ្ជាប់នូវគុណធម៌ សច្ចៈធម៌ មានការទទួលខុសត្រូវ មានស្មារតី សាមគ្គីភាព ឯកភាព ហើយត្រូវពិនិត្យតាមដានការរស់នៅ និងយល់ដឹងពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានឱ្យបានជាប់ជាប្រចាំ ហើយត្រូវបង្កើនសមត្ថភាព លទ្ធភាព សុខភាព និងប្រជាប្រិយភាព ដែលជាគោលការសំខាន់ របស់យុវជនគណបក្សប្រជាជនកម្ពុជា ជាពិសេសត្រូវអនុវត្តឱ្យបានតាមសេចក្តីសម្រេចស្តីពី «ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២» ប្រកបដោយភាពជោគជ័យ។

សារជាថ្មីម្តងទៀត ឯកឧត្តម ជា សុមេធី អភិបាលខេត្ត ក៍សូមអោយក្រុមការងារយុវជនគណបក្សខេត្តទាំងអស់ ត្រូវសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋ ឱ្យចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ជាពិសេសអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាលគឺ ៣ការពារ ៣កុំ និងវិធានការនានារបស់ក្រសួងសុខាភិបាល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។