ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយអគ្គនាយកសហព័ន្ធសន្តិភាពសកល (UPF)

 

(ភ្នំពេញ) នៅព្រឹកថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត យុង យ៉ុងហូ អគ្គនាយកសហព័ន្ធសន្តិភាពសកល (UPF) និងជាបេសកជនពិសេសរបស់លោកជំទាវបណ្ឌិត Hak Ja Han Moon សហស្ថាបនិកសហព័ន្ធសន្តិភាពសកល។

ក្នុងជំនួបនោះ លោកបណ្ឌិត យុង យ៉ុងហូ បានអបអរសាទរចំពោះសម្ដេចតេជោដែលបានចាក់វ៉ាក់សាំងជូនដល់ប្រជាជនកម្ពុជាបានជាង៩០ ភាគរយ។ លោកបានមានប្រសាសន៍ថា នេះគឺជាគំរូនៃការដឹកនាំមិនសម្រាប់តែប្រទេសកូរ៉េទេ គឺពិភពលោកទាំងមូល។ លោកក៏បានពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខ និងក្តីគោរពផងពីលោកជំទាវបណ្ឌិត Hak Ja Han Moon និងសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានសម្រេចចូលរួមក្នុងកិច្ចប្រជុំកំពូល ក្រោមប្រធានបទ សន្តិភាពនៅឧបទ្វីបកូរ៉េផង នឹងយល់ព្រមធ្វើជាសហប្រធានផង។ ក្នុងន័យនេះ បណ្ឌិត យុង យ៉ុងហួ បានគោរពជម្រាបជូន សម្ដេចតេជោ នូវវឌ្ឍនភាពនៃការរៀបចំនៃកិច្ចប្រជុំកំពូលនេះ ហើយក៏បានមានប្រសាសន៍ថា សម្ដេចតេជោមានបេះដូងសន្តិភាពក្នុងចក្ខុរបស់ប្រជាជនកម្ពុជា និងពិភពលោក សម្ដេចតេជោជាអ្នកដឹកនាំសន្តិភាពសកល។ ក្នុងន័យនេះលោកបណ្ឌិតក៏បានគោរពស្នើសុំអនុសាសន៍ណែនាំពីសម្ដេចតេជោ ដើម្បីធ្វើយ៉ាងណាឲ្យកិច្ចប្រជុំកំពូលនេះទទួលបាននូវភាពជោគជ័យ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះការពាំនាំផ្ដាំសួរសុខទុក្ខ និងក្តីគោរពពីលោកជំទាវ Hak Ja Han Moon។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានផ្ដល់ជូនដល់បណ្ឌិត យ៉ុងហួ នូវទស្សនវិស័យពាក់ព័ន្ធទៅនឹងកិច្ចប្រជុំកំពូល ដែលកំពុងតែរៀបចំ និងបានផ្ដល់ជូននូវគំនិតផ្ដួចផ្ដើមមួយចំនួន សម្រាប់កិច្ចប្រជុំកំពូលផង សម្រាប់កិច្ចសហប្រតិបត្តិការរបស់អង្គការ UPF ក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក និងក្នុងក្របខណ្ឌមេគង្គផង ។

ជាទីបញ្ចប់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសារជាថ្មី និងបានផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក ជូនដល់លោកជំទាវ Hak Ja Han Moon ផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។