ព័ត៌មានជាតិ

ក្រុមឈ្មួញធំៗសម្រុកនាំទំនិញគេចពន្ធ សាំងគេចពន្ធ ទំនិញបង់ពន្ធស្ទើរមិនគ្រប់ និងទំនិញខុសច្បាប់ពីរប្រទេសថៃ តាមច្រកកំពង់ផែ និងច្រកគោក យ៉ាងពេញបន្ទុក ក្នុងខេត្តកោះកុង

(កោះកុង) ប្រភពព័ត៌មានបីមន្ត្រី និងភ្នាក់ងារគយនៅសាខាគយខេត្តកោះកុង បានលួចបង្ហើបឲ្យដឹងថា ទុំ ណូ ដែលទើបនឹងផ្លាស់ទៅកាលពីខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះបានរៀបចំយុទ្ធសាស្រ្តក្នុងការប្រព្រឹត្ត និងប្រមូលលុយស្រង់ដើម ដែលបុគ្គលរូបនេះបានចំណាយដើមទុនជាច្រើន ដើម្បីផ្លាស់ចេញពីសាខាគយខេត្តព្រះសីហនុ ទៅខេត្តកោះកុង ដែលជាប្រភពចំណូលក្នុងការប្រព្រឹត្តអំពើពុករលួយតាមទម្លាប់ចាស់មិនចាញ់កន្លងចាស់របស់ខ្លួនប៉ុន្មានទេ។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ក្រុមឈ្មួញធំៗដែលរកស៊ីនាំទំនិញគេចពន្ធ សាំងគេចពន្ធ ទំនិញបង់ពន្ធស្ទើរមិនគ្រប់ និងទំនិញខុសច្បាប់ពីប្រទេសថៃ តាមច្រកកំពង់ផែ និងច្រកគោក ក្នុងខេត្តកោះកុង បច្ចុប្បន្ននេះគឺជាប្រភពចំណូលដ៏សំខាន់របស់បុគ្គល ទុំ ណូ ដែលជាមេសាខាគយខេត្តកោះកុង នេះតែម្តង។ មានភ្នាក់ងារគយខ្លះដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា ក្រុមអាជីវករដែលដឹកទំនិញតាមច្រកផ្សេងៗជាច្រើនឆ្លងកាត់ខេត្តកោះកុង និងកាត់តាមផ្លូវជាតិលេខ៤៨ ចូលមករាជធានីភ្នំពេញ ក្នុងទឹកដី​ខេត្តកោះកុង ក៏ ទុំ ណូ បានបន្តនិងបង្កើនឲ្យមានប៉ុស្តិ៍ជជុះត្រង់ចំណុចឃុំអណ្តូងទឹក ផ្លូវជាតិលេខ៤៨ ស្រុកស្រែអំបិល ដើម្បីធ្វើការគាបសង្កត់ ជម្រិតយកលុយតាមការកំណត់ មានទាំងបង់ក្រោមតុ បង់ម៉ៅការ កំណត់បង់ក្បាលឡាន ថែមទាំងមានបង្គាប់ឲ្យបង់ថ្លៃបាយថែមទៀតផង។

ប្រភពដដែល បានបញ្ជាក់ឲ្យដឹងថា រថយន្តធន់តូចដែលដឹកទំនិញឆ្លងកាត់តាមផ្លូវលេខ៤៨ នេះ ទុំ ណូ បានកំណត់ឲ្យបង់លុយចាប់ពី១០ម៉ឺនរៀល ឡើងទៅ ហើយបើរថយន្តធុនធំត្រូវត្រូវបង់លុយចាប់ពី២៥ម៉ឺនរៀល ឡើងទៅបើមានទំនិញសំពីងសំពោងច្រើន ត្រូវគិតលុយបន្ថែមពីលើ២៥ម៉ឺនរៀល នេះទៀតដោយសារអំណាចដើម្បីប្រមូលប្រយោជន៍ស្រង់ដើមមេសាខាគយខេត្តកោះកុង រូបនេះបានផ្តល់ឥទ្ធិពលដល់ភ្នាក់ងារគយរបស់ខ្លួនក្នុងទឹកដីប្រមូលពន្ធគយខេត្តកោះកុង តាមរបៀបលើតុក្រោមតុ និងពុករលួយផ្ទាល់ខ្លួន គឺការកំណត់តម្លៃបង់លុយទៅលើរថយន្តដឹកទំនិញធន់តូចធន់ធំតាមផ្លូវជាតិលេខ៤៨ ក្នុងស្រុកស្រែអំបិល គឺគ្មានអាជីវករដឹកទំនិញណាហ៊ានតវ៉ាអ្វីឡើយ។

ប្រភពបានបន្តឲ្យដឹងទៀតថា ឈ្មួញធំៗដែលរកស៊ីនាំទំនិញពីស្រុកសៀម ចូលមកតាមច្រកផ្លូវទឹកឆ្លងកាត់ខេត្តកោះកុង គឺជាប្រយោជន៍ដ៏សំខាន់សម្រាប់បុគ្គល ទុំ ណូ ហើយឈ្មួញទាំងអស់នេះមុននឹងទំនិញឆ្លងកាត់ចូលស្រុកខ្មែរតាមខេត្តកោះកុង គឺគេមានទំនាក់ទំនងប្រាប់បុគ្គល ទុំ ណូ ជាមុនដើម្បីកុំឲ្យមានការត្រួតពិនិត្យយូរ ហើយបុគ្គល ទុំ ណូ ក៏តែងតែបញ្ជាប្រាប់ទៅកូនចៅ និងបក្ខពួកជំនិតៗរបស់ខ្លួនដែលបុគ្គលនេះទុកចិត្ត ឲ្យត្រួតពិនិត្យ និងមើលឯកសារតាមរបៀបទម្លាប់ចាស់ដែលគេបានធ្វើ។ បច្ចុប្បន្ននេះផ្លូវទឹកខេត្តកោះកុង គឺជាកន្លែងរត់ពន្ធទំនិញពីប្រទេសសៀម ហើយក៏ជាផ្លូវដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេងពីប្រទេសសៀម តាមផ្លូវទឹកចូលខេត្តកោះកុង យកមកចែកចាយ ហើយទំនិញខុសច្បាប់ជាច្រើនទៀតដែលឈ្មួញនាំចេញពីប្រទេសសៀម ភាគច្រើនគឺជាទំនិញគេចពន្ធ ហើយបើមានការបង់ពន្ធ គឺបង់ស្ទើរតែមិនបាន៥០ភាគរយផង ហើយប្រេងគេចពន្ធដែលដឹកតាមទូកតូចទូកធំ គឺសុទ្ធតែជាប្រេងដែលស្ទើរតែគ្មានការបង់ពន្ធទេ។ ទាំងអស់នេះគឺជាប្រភពចំណូលដ៏សំខាន់នៃបុគ្គល ទុំ ណូ ដែលជាមេសាខាគយខេត្តកោះកុង ដែលទើបទទួលបានតំណែងជាប្រធានសាខាខេត្តនេះកាលពីពេលកន្លងទៅ ទង្វើអាក្រក់ ពុករលួយ និងបក្ខពួកនិយមរបស់ ទុំ ណូ ទាំងអស់នេះបានកើតមានសំណូមពរដល់លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងលោកអគ្គនាយកគយកម្ពុជា គុណ ញឹម គួរតែធ្វើការស្រាវជ្រាវឲ្យបានស៊ីជម្រៅដើម្បីកែទម្រង់ការងារគយចំពោះបុគ្គល ទុំ ណូ កុំបន្តរក្សាភាពស្ងៀមស្ងាត់ទៅទៀត ពីព្រោះបុគ្គលនេះឈរជើងក្នុងបេសកម្មការងារប្រមូលពន្ធគយប្រចាំខេត្តណា​ ក៏មានឈ្មោះអាក្រក់ក្នុងការបង្កើតបក្ខពួកនិយម ពុករលួយគ្រប់ទីកន្លែងដែលកន្លងមកក៏ធ្លាប់មានរឿងអាស្រូវពុករលួយខ្លាំងក្នុងសាខាគយខេត្តព្រះសីហនុ ផងដែរ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។