ព័ត៌មានជាតិ

រដ្ធមន្ដ្រីកសិកម្ម អញ្ជើញចុះទៅកាន់ខេត្តកំពង់ធំ និងខេត្តសៀមរាប ដើម្បីពិនិត្យមើលអំពីវឌ្ឍភាពនៃការផលិតពូជស្រូវដែលមានគុណភាពល្អ សម្រាប់ផ្គត់ផ្គង់ដល់កសិករនារដូវដាំដុះខាងមុខ

ចាប់តាំងពីថ្ងៃពុធ ទី២១ ដល់ថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ធក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមកងារផលិតពូជស្រូវ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះទៅកាន់ខេត្តកំពង់ធំ និងខេត្តសៀមរាប ដើម្បីពិនិត្យមើលអំពីវឌ្ឍភាពនៃការផលិតពូជស្រូវដែលមានគុណភាពល្អ សម្រាប់ផ្គត់ផ្គង់ដល់កសិករនារដូវដាំដុះខាងមុខ។

នៅខេត្តកំពង់ធំ ឯកឧត្តមរដ្ធមន្ដ្រីក្រសួងកសិកម្ម បានពិនិត្យមើលការប្រមូលផលស្រូវ Japonica Rice នៅភូមិខ្វែក ឃុំកំពង់ថ្ម ស្រុកសន្ទុក និងបន្តដំណើរទៅកាន់ក្រុមហ៊ុន BRM ដើម្បីពិនិត្យរោងម៉ាស៊ីនកិនស្រូវ និងឡសម្ងួតគ្រាប់ពូជស្រូវរបស់ក្រុមហ៊ុន ក៏ដូចជាពិនិត្យតំបន់ដាំដុះស្រូវផលិតគ្រាប់ពូជរបស់ក្រុមហ៊ុន BRM។

បេសកកម្មនាថ្ងៃបន្ទាប់នៅខេត្តសៀមរាប ឯកឧត្តមរដ្ធមន្ដ្រីឌិត ទីណា បានចុះពិនិត្យទីតាំងបណ្ដុះពូជស្រូវនៅស្រុកពួក ដែលផលិតគ្រាប់ពូជសែនក្រអូប០១ ចំណាត់ថ្នាក់ចុះបញ្ជី និងផលិតកម្មគ្រាប់ពូជវិញ្ញាបនបត្រ ប្រភេទសែនក្រអូប០១។

ឯកឧត្តមរដ្ធមន្ដ្រីកសិកម្ម បានបញ្ជាក់ប្រាប់ដល់បងប្អូនប្រជាកសិករ និងតំណាងក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវថា ការងារចំពោះមុខនេះ គឺការផលិតពូជស្រូវ និងការរៀបចំទីផ្សារសម្រាប់កសិករនារដូវប្រមូលផលក្រោយៗ។ ក្រុមការងារជំនាញនៃក្រសួងកសិកម្មកំពុងតែចងក្រងកសិករសម្រាប់ការផលិតពូជ ផ្សារភ្ជាប់ជាមួយនឹងរោងម៉ាស៊ីនកិនស្រូវ ដែលនឹងទទួលយកពូជស្រូវនេះ យកទៅផ្គត់ផ្គង់ដល់ប្រជាកសិករក្នុងតម្លៃសមរម្យ ក្នុងគោលដៅកាត់បន្ថយការចំណាយរបស់កសិករ។

ការចងក្រងនេះធ្វើឡើងក្នុងគោលដៅធានាទីផ្សារសម្រាប់បងប្អូនប្រជាកសិករចាប់តាំងពីពួកគាត់ទទួលពូជស្រូវសុទ្ធយកទៅបង្កបង្កើនផល។ ដើម្បីបំពេញតម្រូវការរបស់រោងម៉ាស៊ីនកិនស្រូវ។ ប្រសិនបើអនុវត្តបាន នោះបញ្ហាស្រូវធ្លាក់ថ្លៃនារដូវប្រមូលផលនឹងលែងកើតឡើងដូចមុនទៀតហើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។