ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតអោយ ឯកឧត្តម នាយឧត្ដមសេនីយ៍ He Weidong អនុប្រធានទី២ គណៈកម្មាធិការយោធាមជ្ឍឹមបក្សចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ) ៖ នៅវិមាន៧មករា ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតអោយ ឯកឧត្តម នាយឧត្ដមសេនីយ៍ He Weidong អនុប្រធានទី២ គណៈកម្មាធិការយោធាមជ្ឍឹមបក្សចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះគណៈប្រតិភូគណៈកម្មាធិការយោធាមជ្ឈឹម បក្សកុម្មុយនិស្តចិន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងរវាងកងទ័ព នៃប្រទេសទាំងពីរ និងបង្ហាញអំពីភាពជិតស្និទ្ធដែលរដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរ មានការរីកចម្រើនជាលំដាប់។

ឯកឧត្តម He Weidong បាននាំនូវការសួរសុខទុក្ខរបស់ ឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការមជ្ឈិមបក្សកុម្មុនីសចិន ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ហើយឯកឧត្តមបានបញ្ជាក់ថា សម្ដេចតេជោគឺជាថ្នាក់ដឹកនាំដ៏ល្អឯក របស់ប្រទេសកម្ពុជា ដែលបានដឹកនាំប្រទេសរយៈពេលកន្លងមក មានការរីកចម្រើនលើគ្រប់វិស័យ រក្សាបាននូវស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងលើកកម្ពស់ជីវភាពប្រជាជនប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា កម្ពុជាគឺជាមិត្តដែកថែបរបស់ចិន ហើយកម្ពុជា-ចិន តែងតែគាំទ្រគ្នាទៅវិញទៅមក ទាំងនៅក្នុងតំបន់ និងអន្តរជាតិ ហើយក្នុងរយៈពេល ៦៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសចិននិងកម្ពុជា កន្លងមកនេះប្រទេសយើងទាំងពីរ បានជម្រុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជំរុញលើកកម្ពស់ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ ស្តង់ដារខ្ពស់ និងកម្រិតខ្ពស់។ ឯកឧត្តម He Weidong បានសង្កត់ធ្ងន់ថា ប្រទេសចិនគាំទ្រការកាន់អំណាចយកអង្វែងរបស់គណបក្សប្រជាជនកម្ពុជា គាំទ្ររាជរដ្ឋាភិបាលថ្មី ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ហើយសង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងសម្ដេចអធិបតី ជានាយករដ្ឋមន្ត្រី នឹងធ្វើឲ្យប្រទេសកម្ពុជា កាន់តែមានការរីកចម្រើនលើគ្រប់វិស័យ និងទទួលបានការគាំទ្រយ៉ាងធំធេងពីប្រជាជនកម្ពុជាទូទាំងប្រទេស។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះភាគីមិត្តចិន ដែលបាននាំនូវការសាកសួរសុខទុក្ខរបស់ឯកឧត្តមអគ្គលេខាធិការ ស៊ី ជិនពីង ជូនចំពោះសម្ដេច។ សម្ដេចតេជោមានប្រសាសន៍បញ្ជាក់បន្ថែមថា តាំងពីដើមរៀងមក គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា តែងប្រកាន់ខ្ជាប់នូវនយោបាយចិនតែមួយ គាំទ្រចិន នឹងតួនាទីរបស់ចិន នៅលើឆាកអន្តរជាតិ ដើម្បីជាផលប្រយោជន៍តំបន់ និងពិភពលោកទាំងមូល។ សម្ដេចតេជោបន្តថា ការរីកចម្រើនរបស់ចិន មិនត្រឹមតែជួយធ្វើឲ្យចិនខ្លួនឯងរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ការរីកចម្រើនរបស់តំបន់ និងបណ្ដាប្រទេសផ្សេងៗទៀតផងដែរ។

សម្ដេចតេជោបានបញ្ជាក់ដែរថា កម្ពុជានិងចិន ត្រូវតែបន្តពង្រឹងនិងពង្រីកនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញច្រករបៀងឧស្សាហកម្ម បច្ចេកវិទ្យា និងច្រករបៀងអង្ករ និងមច្ឆា ដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ទៅថ្ងៃអនាគត ដែលប្រកបដោយគុណភាពខ្ពស់ ស្តង់ដារខ្ពស់ និងកម្រិតខ្ពស់។ សម្ដេចតេជោ បានផ្ដាំផ្ញើការសួរសុខទុក្ខរបស់សម្ដេច តាមរយៈឯកឧត្តម He Weidong ជូនឯកឧត្តម ស៊ីជិនពីង អគ្គលេខាធិការបក្សកុម្មុយនីសចិនផងដែរ ហើយសង្ឃឹមថា សម្ដេចនិងមានពេលទៅទស្សនកិច្ច ហើយជួបជាមួយឯកឧត្តម ស៊ី ជិនពីង នៅថ្ងៃអនាគត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។