ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ដោះស្រាយវិវាទដីធ្លីរាំរ៉ៃ ករណីបើកផ្លូវធ្លា ទទួលបានជោគជ័យ ក្រោមការឈ្នះឈ្នះ របស់សម្តេចតេជោ

(កំពង់ចាម) :រសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត បានប្រជុំដោះស្រាយសម្របសម្រួលទំនាស់ បើកផ្លូវធ្លា ស្ថិតក្នុងភូមិ ព្រែកចង្ក្រាន ឃុំល្វេ ស្រុកកោះសុទិន ដែលគូភាគី ទាំងសងខាង ជាសាច់ញាតិសន្ដានជាមួយគ្នា ហើយបាន ប្ដឹងផ្ដល់គ្នា ដើម្បីសុំឲ្យមានការបើកផ្លូវធ្លា ចូលដីលំនៅដ្ឋាន និងដីចំការ របស់ពួកគាត់។ ឯកឧត្ដមអភិបាលខេត្ត បានសម្របសម្រួលដោះស្រាយ ក្រោមគោលការណ៍ឈ្នះឈ្នះ ដោយស្នើសុំឲ្យគូភាគីទាំងសងខាង យោគយល់គ្នា ឈានទៅរកការបញ្ចប់ទំនាស់ទាំងស្រុង ហើយអាជ្ញាធរខេត្ត នឹងចូលរួម រកវិធីរៀបចំបើកផ្លូវនេះឲ្យបាន សម្រាប់ជាប្រយោជន៍ ដល់គូភាគី រួមទាំងប្រជាពលរដ្ឋក្នុងភូមិទាំងមូល អាចធ្វើដំណើរឆ្លងកាត់ ដឹកផលិតផលកសិផល ដោយតភ្ជាប់ទៅនឹង ផ្លូវមួយចំនួនទៀតទុកចូលទៅចំការ ។
ជាចុងបញ្ចប់ គូភាគី ក៏បានយល់ព្រមឯកភាពគ្នាតាមការសម្របសម្រួលរបស់ឯកឧត្តមអភិបាលខេត្ត ដោយឯកឧត្តមបាន ចាត់ឲ្យ អាជ្ញាធរស្រុក-ឃុំ មន្ត្រីជំនាញ ចុះទៅទីតាំងដីពិនិត្យជាក់ស្តែង ដើម្បីធ្វើកិច្ចសន្យាព្រមព្រៀងគ្នា នៅព្រឹកស្អែក ដើម្បីបើកផ្លូវនេះ ទទឹងយ៉ាងតិច៣ម៉ែត្រ ។
ឯកឧត្ដមអភិបាលខេត្ដ បានផ្ដាំផ្ញើឲ្យគូភាគីដែលជាញាតិសន្ដាននឹងគ្នា ត្រូវឈប់ទាស់ទែងគ្នា និងត្រូវចេះស្រលាញ់រាប់អានគ្នាឡើងវិញ ក្នុងនាមជាញាតិសណ្តាន រស់នៅភូមិផងរបងជាមួយគ្នាតរៀងទៅ។ ហើយម្យ៉ាងវិញទៀត ក្នុងតំបន់នោះកំពុងមានការវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធ ឯកឧត្ដមបានបញ្ជាក់ថានៅពេលមានកិច្ចព្រមព្រៀងបញ្ចប់ទំនាស់ ស្នើឲ្យជំនាញ បន្តវាស់វែងលក្ខណៈជាប្រព័ន្ធ ដើម្បី បានធ្វើប្លង់កម្មសិទ្ធិសម្រាប់ពួកគាត់ ឲ្យបានឆាប់ និងទាន់ពេលវេលា៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។