ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា១ខ្នង កម្ពស់៤ជាន់ មាន៣០បន្ទប់ ក្នុងបរិវេណវិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅក្រុងបាត់ដំបង

(បាត់ដំបង) :នាព្រឹកថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា១ខ្នង កម្ពស់៤ជាន់ មាន៣០បន្ទប់ ក្នុងបរិវេណវិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានរំលឹកថាសំណើរស្នើសុំសាងសង់គារសិក្សានេះបានធ្វើឡើងតាំងពីអំឡុងឯកឧត្តម ងួន រតនៈ នៅជាអភិបាលខេត្តបាត់ដំបងមកម្លេះ ប៉ុន្តែដោយសារស្ថានភាពកូវីដ-១៩ បានធ្វើឱ្យមានការពន្យាពេលជាបន្តបន្ទាប់។

សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថានៅកម្ពុជា រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ជាប្រមុខ បានខិតខំដាក់ចេញវិធានការនានាប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ តាមរយៈការអប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋមានការយល់ដឹង និងរួមគ្នាអនុវត្តវិធានការការពារខ្លួន ដូចជាវិធានការ៣កុំ ៣ការពារ។

សម្ដេច បន្តថាបន្ថែមពីនេះរាជរដ្ឋាភិបាលកម្ពុជា បានខិតខំស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ដែលវ៉ាក់សាំងនេះបានក្លាយជាខែលការពារអាយុជីវិតប្រជាពលរដ្ឋ និងប្រសិនបើមានការឆ្លងក៏មានភាពធូរស្រាល។

សម្ដេចក្រឡាហោម បន្ថែមថាទន្ទឹមគ្នានេះ កម្ពុជាបានអនុវត្តការផ្ទេរមុខងារ សិទ្ធិអំណាច និងធនធានក្នុងវិស័យសុខាភិបាលទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើឲ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដាក់ចេញវិធានការនានា ក្នុងនោះក៏មានវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ផងដែរ។

ឆ្លើយតបនឹងសំណូមពរ និងតម្រូវការចាំបាច់នៃអត្រាសិស្សដ៏ច្រើននៅក្នុងវិទ្យាល័យនេះ សម្ដេចក្រឡាហោម បានប្រកាសសន្យាសាងសង់អគារសិក្សាបន្ថែមទៀត ដោយបានណែនាំឯកឧត្តម ខាន់ ម៉ាណេរ និងឯកឧត្តម សុខ លូ សិក្សាប្លង់ដើម្បីឈានទៅចាប់ផ្ដើមការសាងសង់បន្ទាប់ពីអគារដែលបញ្ចុះបឋមសិលានៅថ្ងៃនេះបានសាងសង់រួចរាល់។

ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោមឧបនាយរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ឡើងវិញអំពីតួអង្គសំខាន់នៅឃុំសង្កាត់ រួមមានមេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ ស្មៀន និងមេភូមិ ដោយសម្ដេច បានបន្តថាតួអង្គទាំងនេះគឺជាអ្នកនៅក្បែរប្រជាពលរដ្ឋ ពិសេសពាក់ព័ន្ធផ្ទាល់ទៅនឹងការបំរើសេវាសាធារណៈផ្សេងៗជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ សម្ដេច ក៏បានលើកឡើងពីការងារកំណែទម្រង់នគរបាល ក្នុងនោះក៏មានប៉ុស្តិ៍រដ្ឋបាលផងដែរ។

វិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង និងត្រូវបានបង្កើតឡើងកាលពីអំឡុងឆ្នាំ១៩៤០។ អគារសិក្សាអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង ដែលបញ្ចុះបឋមសិលាសាសង់នាពេលនេះមានចំនួន១ខ្នង កម្ពស់៤ជាន់ ស្មើ៣០បន្ទប់ ចំណាយថវិកាសាងសង់អស់ប្រមាណ៨០ម៉ឺនដុល្លាអាមេរិក ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។